រីករាយជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាល ! Sinovac ចំនួន ២,៥ លានដូសមកដល់កម្ពុជាទៀតហើយ!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី04 ខែកញ្ញា ឆ្នាំ2021 ម៉ោង 10:16 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

ព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងស៊ីណូវ៉ាក (Sinovac) ចំនួន ២.៥០០.០០០ ដូសបានមកដល់កម្ពុជាទៀតហើយ ក្នុងនេះ ចំនួន ៥០០.០០០ ដូស គឺជាជំនួយរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់ នៃប្រទេសចិនជាមិត្ត ឯចំនួន ២លានដូសជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ។

បច្ចុប្បន្ន ការចាក់វ៉ាក់សាំងជាតម្រូវការចាំបាច់ក្នុងការការពារមេរោគកូវីដ-១៩ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនធ្វេសប្រហែសរឿងខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនឡើយ ស្របពេលដែលប្រទេសអាស៊ាន និងប្រទេសលើពិភពលោកជាច្រើន កំពុងកង្វះខាតក្នុងការទទួលវ៉ាក់សាំងចាក់ឲ្យប្រជាជន ដែលប្រទេសខ្លះត្រូវបង់ប្រាក់ថ្លៃចាក់វ៉ាក់សាំងមិនតិចឡើយ ។ 

មកដល់ពេលនេះ គណៈកម្មការចាក់វ៉ាក់សាំងកម្ពុជា ដែលមានលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានគ្រប់គ្រង និងចាត់ចែងការវ៉ាក់សាំងយ៉ាងមានរបៀបរៀបរយ និងរលូន គ្មានបញ្ហា រហូតចាក់ដូសជម្រុញជូនមន្ត្រីរាជការ និងកម្លាំងជួរមុខ ហើយឆាប់ៗនេះនឹងចាក់ដូសទី ៣ ជូនប្រជាពលរដ្ឋដែលត្រូវចាក់ ។

តាមព័ត៌មាននៅព្រឹកនេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទៅទទួលវ៉ាក់សាំង ២ លានដូសដែលមកដល់នៅព្រឹកថ្ងៃទី ៤ កញ្ញានេះ ។

ចាត់ទុកថាប្រជាជនខ្មែរយើងសំណាងដែលមាននាយករដ្ឋមន្ត្រីឈ្លាសវៃ និងថ្នាក់ដឹកនាំក្នុងស្ថានប័នសុខាភិបាលល្អៗ យកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មន្ត្រីរាជការគ្រប់ស្រទាប់ និងប្រជាពលរដ្ឋ ៕

រូបភាព ទ.ទ.ក.


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម