«ឥន្ទ្រី»ហើរចេញ ​​«នាគ»ហោះចូល ! តាលីបង់យកចិត្តចិនមែនទែន!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:13 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ក្រុមតាលីបង់បាននិយាយនៅថ្ងៃសុក្រទី ៣ ខែកញ្ញាថា ប្រទេសចិនបានបញ្ជាក់ថា ខ្លួននឹងបន្តបើកស្ថានទូតចិននៅទីក្រុងកាប៊ុល និងជ្រោងទំនាក់ទំនងកាន់តែរឹងមាំ បន្ទាប់ពីកងកម្លាំងលោកខាងលិចដកថយពីអាហ្វហ្គានីស្ថាន ។ តាលីបង់មានគម្រោងប្រើប្រាស់ថវិការបស់ទីក្រុងប៉េកាំង ដើម្បីធ្វើឲ្យងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ច ដោយប្រកាសថាខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់មេដឹកនាំចិន «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ។

អ្នកនាំពាក្យតាលីបង់លោក ស៊ុយហេល សាហិន (Suhail Shaheen) បាននិយាយថា មន្ត្រីជាន់ខ្ពស់នៅការិយាល័យនយោបាយតាលីបង់នៅប្រទេសការតាបាននិយាយថា ទីក្រុងប៉េកាំងមានបំណងបង្កើនជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន នេះបើយោងតាមសារព័ត៌មាន The Guardian កាសែតធុរកិច្ច ។

សាហិន ថ្លែងថា រដ្ឋាភិបាលចិនបានជូនដំណឹងថា នឹងបើកស្ថានទូតក្នុងទីក្រុងកាប៊ុលបន្តទៅទៀតដូចធម្មតា រួមទាំងពង្រឹងចំណងមេត្រីរវាងគ្នាឲ្យលើសពីរដ្ឋាភិបាលកន្លងមក ។ លោក សាហិន បន្តថា ចិននឹងបង្កើនជំនួយមនុស្សធម៌ ពិសេសបញ្ហាកូវីដ-១៩ ។

សារព័ត៌មាន South China Morning Post បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី ២ កញ្ញាថា អាហ្វហ្គានីស្ថាននឹងបន្តគាំទ្រផែនការខ្សែក្រវ៉ាត់និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមមួយរបស់ប្រធានាធិបតីចិន ហ្ស៊ី ជីនពីង ហើយក្រុមនេះបានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការប្រើប្រាស់ការវិនិយោគ និងការគាំទ្ររបស់ទីក្រុងប៉េកាំង ដើម្បីនាំប្រទេសវិលទៅរកភាពរុងរឿងឡើងវិញ ។ គូសបញ្ជាក់ផងដែរថា ទីក្រុងប៉េកាំងដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រ «អាហ្វហ្គានីស្ថាន» ទាក់ទងនឹងសន្តិសុខតំបន់ផងដែរ ។

តាលីបង់ក៏បានប្តេជ្ញាការពារផលប្រយោជន៍ចិននៅក្នុងប្រទេសផងដែរ នេះជាសម្តីរបស់លោក អាប់ឌុល សាឡាម​ហាណា​ហ្វី ( Abdul Salam Hanafi ) ជំនួយការប្រធានការិយាល័យតាលីបង់នៅទីក្រុងដូហា ប្រទេសការតា បានកើតឡើងនៅពេលដែលនាគចិន ហក់ចូលមកជំនួសឥន្ទ្រីអាមេរិកក្នុងអាហ្វហ្គានីស្ថាន ដែលក្រុមប្រដាប់អាវុធដើរតួជារដ្ឋាភិបាល ទោះបីមានភាពមិនច្បាស់លាស់ក៏ដោយ ។

អាហ្វហ្គានីស្ថានប្តេជ្ញាថា «ចិនជាមិត្តស្មោះត្រង់របស់អាហ្វហ្គានីស្ថាន(តាលីបង់) ហើយតាលីបង់គាំទ្រសម្ព័ន្ធភាពទាំងពីរដ៏ល្អ និងមិនព្រមឲ្យកងកម្លាំងណាប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ដើម្បីគំរាមកំហែងផលប្រយោជន៍របស់ចិនដាច់ខាត» ។ «ចិនគឺជាដៃគូសំខាន់របស់យើង និងសម្តែងឱកាសដ៏កម្រ និងជាមូលដ្ឋានរបស់យើង ពីព្រោះប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគ និងបង្វែរប្រទេសរបស់យើងមកវិញ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម