អត្ថបទ សូរ្យសែង៖
ចិនប្រកាសជួយអាហ្វហ្គានីស្ថានមានតម្លៃជាង ២០០ លានយាន់ ស្មើជាង 31 លានដុល្លារ និងបានអំពាវនាវប្រទេសជាមិត្ត រួមគ្នាជួយបន្ថែម ។
BBC រាយការណ៍ថា លោក ហ្វាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រកាសជាឧឡារិកជួយឧបត្ថម្ភប្រទេសអាហ្វហ្គានីស្ថាន ក្នុងសម័យប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជាមិត្តជិតខាងរបស់អាហ្វហ្គានីស្ថាន មានដូចជា ប៉ាគីស្ថាន អុីរ៉ង់ តាហ្ស៊ីគីស្ថាន អ៊ូបេគីស្ថាន និង ទួរមីណេស្ថាន ។
ក្នុងនេះ ចិនបានជួយជាស្បៀងអាហារ វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៣ លានដូសដែលមានតម្លៃ ជាង២០០ លានយាន់ ដើម្បីភ្ជាប់ទំនានក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់ ។
ខណៈលោក ហ្វាង វេនពីន អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រហើរសម្តីរិះគន់អំពីការដកទ័ពអាមេរិកថា កងទ័ពអាមេរិកបង្កភាពចលាចលនៅអាហ្វហ្គានីស្ថាន «អ្វីដែលអាមេរិកប្រព្រឹត្តនៅអាហ្វហ្គានីស្ថានក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ គឺជាឧទាហរណ៍ដើម្បីបង្ហាញយើងពីផលវិបាកនៃការស្រវឹងនៃការឈ្លានពានដោយយោធា និងការប៉ុនប៉ងដើម្បីបង្ហាញពីឧត្តមគតិនិងគុណតម្លៃផ្ទាល់ខ្លួនរបស់គាត់ទៅលើអ្នកដទៃ» ។
ចំណែកតាលីបង់បាននិយាយលើកជើងចិនដូច្នេះថា «ចិនគឺជាដៃគូសំខាន់បំផុតរបស់អាហ្វហ្កានីស្ថាន ហើយរំពឹងថានឹងមានការវិនិយោគពីចិន កសាងប្រទេសដែលរងការខូចខាតដោយសារសង្គ្រាម ។
កាលពីខែកក្កដា ប្រទេសចិនបានអញ្ជើញតំណាងក្រុមតាលីបង់មកជួប និងផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច ប៉ុន្តែក៏បានស៊កសម្តីទៅអាហ្វហ្កានីស្ថានវិញថា «អាហ្វហ្គានីស្ថានមិនត្រូវប្រើជាបន្ទាយភេរវកម្មឡើយ» ៕