ដាណឺម៉ាក ជាប្រទេសតែមួយក្នុងអឺរ៉ុប បានលើកលែងវិធានការកូវីដទាំងអស់

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី12 ខែកញ្ញា ឆ្នាំ2021 ម៉ោង 9:15 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

ជាប្រទេសតែមួយដែលត្រូវបានលើកលែងវិធានការការពារកូវីដ-១៩ នៅទូទាំងប្រទេសតាំងពីថ្ងៃសុក្រ ទី ១០ កញ្ញា ហើយ​ក៏មិនចាំបាច់ប្រើ«ប័ណ្ណវ៉ាក់សាំង» នៅទីណាដែរ ស្របពេលដែល អង្គការសុខភាពពិភពលោក (WHO) ព្រមានថា វ៉ាក់សាំងមិនអាចបញ្ឈប់ការរាតត្បាតមេរោកបានរហូតទេ ។

នេះបើតាមរបាយការណ៍របស់ AFP ថា លក្ខន្តិកៈនៃដែនកំណត់ទាក់ទងនឹងការប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំង ដើម្បីចូលក្លឹបរាត្រី គឺជាបទបញ្ជាចុងក្រោយដែលនៅសល់ បន្ទាប់ពីប្រទេសដាណឺម៉ាកបានលុបចោលវិធានការត្រួតពិនិត្យផ្សេងៗ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយនោះធ្វើឱ្យប្រទេសដាណឺម៉ាកក្លាយជាប្រទេសតែមួយគត់នៅទ្វីបអឺរ៉ុប ដែលមនុស្សអាចរស់នៅដោយសេរីដោយមិនត្រូវបង្ខំចិត្តក្រោមវិធានការត្រួតពិនិត្យជំងឺ ។

មុននេះប្រទេសអាយលែនក៏ធ្លាប់លើកលែងវិធានការទាំងអស់កាលពីខែមិថុនាដែរ តែទីបំផុតក៏ត្រឡប់មកមានវិធានការជាថ្មី ក្រោយមានអ្នកឆ្លងមេរោគកើនឡើង ។

ប្រទេសដាណឺម៉ាកចាប់ផ្តើមប្រើ «ប័ណ្ណវ៉ាក់សាំង ឬ Pasport Vaccine» កាលពីខែមីនា ឆ្នាំ ២០២១ ជាផ្នែកមួយនៃការបន្ធូរបន្ថយបទបញ្ជា ហើយចាប់តាំងពីថ្ងៃទី ១ ខែសីហា ដាណឺម៉ាកបានលុបចោលសំបុត្រសម្រាប់ចូលទស្សនាសារមន្ទីរ និងស្ថានទីក្នុងម្លប់ដែលមានមនុស្សមិនលើស ៥០០ នាក់ តែក្រោយមកក៏លុបចោលសម្រាប់ព្រឹត្តិការណ៍ធំៗវិញ ហើយមិនបានបង្ខំឱ្យពាក់ម៉ាស់ក្នុងការដឹកជញ្ជូនសាធារណៈទេ ចាប់តាំងពីពាក់កណ្តាលខែសីហាមក ។

នៅថ្ងៃសៅរ៍ ទី ១១ ខែកញ្ញា នៅទីក្រុងកូប៉េនហាហ្គេនបានរៀបចំការប្រគំតន្ត្រី (Concert) ដ៏ធំមួយជាលើកដំបូងនៅអឺរ៉ុបដែលបានលក់សំបុត្រចំនួន ៥០.០០០ សន្លឹក ។

មន្ត្រីរបស់ដាណឺម៉ាកបាននិយាយថា យើងអាចគ្រប់គ្រងមេរោគកូវីដ-១៩ ក្នុងប្រទេសបានហើយ ដោយមានអ្នកឆ្លងថ្មីប្រមាណ ៥០០ នាក់ និងអត្រាឆ្លង ០,៧ ក្នុងប្រជាជន ៥,៨ លាននាក់ ហើយអ្នកបានចាក់វ៉ាក់សាំងរួច ៧៣% រួមដល់មនុស្សចាស់អាយុ ៦៥ ឆ្នាំឡើងទៅ ៩៦% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម