នាយករដ្ឋមន្ត្រីខ្មែរ៖ កំពុងពិចារណាបើកព្រំដែនដល់ភ្ញៀវទេសចរសាកល្បង ដើម្បីបើកផ្លូវសេដ្ឋកិច្ចថ្មី

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី18 ខែកញ្ញា ឆ្នាំ2021 ម៉ោង 12:42 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

របាយការណ៍របស់ទីភ្នាក់ងារ AFP នៅថ្ងៃសុក្រទី ១៧ ខែកញ្ញានេះបាននិយាយថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ប្រទេស កម្ពុជាត្រូវបានគេសរសើរចំពោះការប្រតិបត្តិដែលមានល្បឿនលឿនរបស់ខ្លួន ។

បើតាមក្រសួងសុខាភិបាលកម្ពុជាថា រហូតមកដល់ពេលនេះមនុស្សពេញវ័យប្រមាណ ៩៨% បានទទួលវ៉ាក់សាំងយ៉ាង ហោចណាស់មួយដូស បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ ។ អត្រាចាក់វ៉ាក់សាំងរបស់កម្ពុជាស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសសិង្ហបុរីដែលមានប្រហែល ៧២ ភាគរយនៃប្រជាជនចំនួន ១៦ លាននាក់របស់ខ្លួនបានបញ្ចប់ការចាក់ថ្នាំពីរដងលឿនជាងប្រទេសជិតខាងថៃ និង វៀតណាម ។

ថ្មីៗនេះប្រទេសកម្ពុជាបានពង្រីកការចាក់ថ្នាំបង្ការដល់កុមារផងដែរ ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ឲ្យកុមារដែលមានអាយុពី ៦ ឆ្នាំដល់ ១២ ឆ្នាំ នេះជាយុទ្ធនាការកាលពីម្សិលមិញ (១៧ កញ្ញា) រួមទាំងចៅប្រុស-ស្រីរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនចៅរបស់មន្ត្រីផ្សេងទៀត ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេស កម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងការពារកុមារតូចៗ ដើម្បីបើកសាលាបឋមសិក្សាបានឆាប់ ពីព្រោះយើងត្រូវឆ្ពោះទៅមុខ ។

ការសិក្សាទូទៅពាក់ព័ន្ធនឹងប្រសិទ្ធភាពរបស់ស៊ីណូវ៉ាក់ចំពោះកុមារអាយុពី ៦ ខែដល់ ១៧ ឆ្នាំ បានចាប់ផ្តើមកាលពីសប្តាហ៍មុន ដោយធ្វើការវិភាគជាមួយកុមារ និងវ័យជំទង់ចំនួន ១៤.០០០ នាក់នៅក្នុងអាហ្វ្រិកខាងត្បូង ឆីលី កេនយ៉ា ម៉ាឡេស៊ី និង ហ្វីលីពីន ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានតួនាទីត្រូវតែការពារជីវិតរបស់ប្រជាជន និងបើកសេដ្ឋកិច្ចថ្មី រួមទាំងវិស័យអប់រំសិក្សា ។

ម្សិលមិញនេះសម្តេចតេជោក៏បានថ្លែងដែរថា សាលារៀនមួយចំនួននៅតំបន់ដែលមានហានិភ័យទាបបានចាប់ផ្តើមបើកដំណើរការឡើងវិញនៅសប្តាហ៍នេះ និងកំពុងពិចារណាលើកម្មវិធីសាកល្បងបើកព្រំដែនដល់អ្នកទេសចរ ចំពោះភ្ញៀវត្រូវបានលើកលែងពីការដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃនៅក្នុងសណ្ឋាគារ ប៉ុន្តែត្រូវស្នាក់នៅយ៉ាងតិច ៧ ថ្ងៃនៅក្នុងខេត្តនោះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម