រដ្ឋប្រហារ ១៩ កញ្ញា ២០០៦ ! ១៥ ឆ្នាំនៃសមរភូមិជម្លោះក្នុងសង្គមថៃ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី19 ខែកញ្ញា ឆ្នាំ2021 ម៉ោង 4:26 នាទី ល្ងាច

សារព័ត៌មានវេបសាយថៃ springnews:

ប្រែសម្រួលដោយបណ្ណាធិការ សូរ្យរិទ្ធ៖

ថ្ងៃនេះ គម្រប់ខួប ១៥ ឆ្នាំ រដ្ឋប្រហារនៅប្រទេសថៃ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ ជារងើកភ្លើងដំបូងឆាបឆេះឡើងនូវជម្លោះក្នុងសង្គមថៃ ថ្វីត្បិតតែជាដំណោះស្រាយមិនត្រឹមត្រូវក៏ដោយ ប៉ុន្តែនៅឆ្នាំ ២០១៤ វានៅតែធ្វើឱ្យមានកំហុសដដែលជាដដែល និងព្យាយាមបន្តអំណាច ធ្វើឱ្យប្រទេសលិចក្នុងជម្លោះ គ្មានទីបញ្ចប់ ។ ១៥ ឆ្នាំនៃជម្លោះ ពោរពេញទៅដោយការឈឺចាប់ មហន្តរាយ ដើម្បីតែផលប្រយោជន៍តែមួយគត់ គឺ«អំណាច» ។

ដោយរដ្ឋប្រហារនេះហើយ គឺឧត្តមសេនីយ៍ឯក ស៊ុនធិ ប៊ុនរ៉ាត់គ្លីន អតីតមេបញ្ជាការកងទ័ពជើងគោក ជាប្រធានក្រុមប្រឹក្សា បានប្រកាសដណ្តើមអំណាចរដ្ឋាភិបាលពីលោក ថាក់ស៊ីន ឈិនវ៉ាត់ ។ រាប់ពីថ្ងៃនោះមក មកដល់បច្ចប្បន្ន ទោះជាប្រទេសថៃបានឆ្លងកាត់«រដ្ឋប្រហារ» ២ លើកមកហើយក្តី ប៉ុន្តែជម្លោះនៅក្នុងសង្គមថៃនៅតែមានបន្តដូចរឿងភាគ ។ ភាគីទាំងពីរបានប្តូរវេនគ្នាដើម្បីឡើងកាន់អំណាច ប៉ុន្តែមិនអាចបង្កើតសាមគ្គីភាពបានក្នុងសង្គមជាតិបាននោះទេ ។

សំណួរបន្ទាប់ត្រូវសួរថា តើប្រទេសថៃត្រូវធ្វើដូចម្តេចដើម្បីចេញពីជម្លោះនេះ?

១. មុនរដ្ឋប្រហារថ្ងៃ ១៩ កញ្ញា ២០០៦

ការបោះឆ្នោតនៅឆ្នាំ ២០០១ ក្រោមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៧ បានបង្កើតបាតុភូត ថាក់ស៊ីន ហ្វីវើរ (Thaksin Fever) គណបក្សថៃរ៉ាក់ថៃទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដីដោយនាំយកសមាជិកសភា ២៤៨ នាក់ក្នុងចំណោមសមាជិកសភា ៥០០ នាក់ ។

ជាមួយសមាជិកសភាស្ទើរតែពាក់កណ្តាល ដែលស្ទើរតែអាចបង្កើតរដ្ឋាភិបាលឯកបក្សបាន នេះបានផ្តល់ឱ្យរដ្ឋាភិបាល ថាក់ស៊ីន នូវអំណាចប្រតិបត្តិពេញលេញ និងមានស្ថិរភាពណាស់ រហូតដល់ក្លាយជាគណបក្សនយោបាយដំបូងដែលត្រូវជាប់ឆ្នោត អាចអង្គុយបានរយៈពេល ៤ ឆ្នាំពេញ ។

មុននឹងនិយាយឡើងវិញដល់ភាពខ្លាំងក្រែងរ៉ែងបន្ថែមទៀត នៅក្នុងការបោះឆ្នោតឆ្នាំ ២០០៥ ថៃរ៉ាក់ថៃបានទាញផ្តុំសមាជិកសភារហូតដល់ ៣៧៧ នាក់ដែលស្មើនឹង ៧៥% នៃតំណាងរាស្ត្រទាំងមូល ។ ប៉ុន្តែភាពរឹងមាំនៃរដ្ឋាភិបាលរបស់លោក ថាក់ស៊ីន ត្រូវបាន«កកូរកកាយ» ដោយសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយ ស៊ុនធិ លីមថងគុន ។

  • ១.១ សម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ

ចំណុចផ្តើមរបស់សម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ ដែលប្រើអាវពណ៌លឿង មាននិមិត្តសញ្ញា «កណ្តាប់ដៃ» មានន័យថា ជាការប្រមូលផ្តុំធ្វើបាតុកម្ម ។

តមក ស៊ុនធិ លីមថងគុន ដែលជាម្ចាស់ទូរទស្សន៍ MGR រួមទាំងទូរទស្សន៍ប្រចាំសប្តាហ៍មួយចំនួនទៀត បានរៀបចំវាយប្រហាររដ្ឋាភិបាល រហូតកើនអ្នកគាំទ្រច្រើនឡើងៗ ។

រហូតដល់ដើមឆ្នាំ ២០០៦ ពីករណីត្រកូល ឈិនវ៉ាត់ បានលក់ភាគហ៊ុនទាំងអស់នៅក្នុងក្រុមហ៊ុន ស៊ីនខប ទៅក្រុមហ៊ុន ថេម៉ាសេក នៃប្រទេសសិង្ហបុរីសរុបជាង ៧៣ ពាន់លានបាតតាមរយៈផ្សារហ៊ុន លើកលែងពន្ធ ត្រូវបានពន្លេចចេញយកទៅវាយប្រហាររដ្ឋាភិបាលនោះ ថាជាទំនាស់ផលប្រយោជន៍ ។ ពេលនោះក្រុមសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ៨ កុម្ភៈ ឆ្នាំ ២០០៦ ដោយរួមគ្នាវាយប្រហាររដ្ឋាភិបាល ថាក់ស៊ីន ។

  • ១.២ រំលាយរដ្ឋសភា បោះឆ្នោតថ្មី

នៅពេលលំហូរការវាយប្រហារកាន់តែខ្លាំងឡើងៗ ទើបមានការប្រកាសរំលាយសភាក្នុងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០០៦ និងឲ្យមានការបោះឆ្នោតជាថ្មី ក្នុងថ្ងៃទី ២ ខែមេសា ឆ្នាំ ២០០៦ ។

ប៉ុន្តែគណបក្សនយោបាយចំនួនបី គឺគណបក្សប្រជាធិបតេយ្យ, គណបក្សឆាតថៃ និងគណបក្សមហាជន បានប្រកាសធ្វើពហិកា ហើយទោះបីជាលទ្ធផលនៃការបោះឆ្នោតចេញមកក៏ដោយ គណបក្សថៃរ៉ាក់ថៃនៅតែឈ្នះ ប៉ុន្តែតុលាការធម្មនុញ្ញបានសម្រេចថាការបោះឆ្នោតនេះមិនត្រឹមត្រូវ ប៉ុន្តែបានជាប់ឆ្នោតឡើងវិញនៅពាក់កណ្តាលខែតុលា ឆ្នាំ ២០០៦ ។

មុនមិនទាន់ដល់ថ្ងៃបោះឆ្នោត រដ្ឋប្រហារក្រោមយុទ្ធសាស្ត្រលាក់បាំងល្បិចកលរបស់ ឧត្តមសេនីយ៍ ស៊ុនធិរ៉ាត់គ្លីន មេបញ្ជាការកងទ័ពភូមិន្ទថៃនៅពេលនោះ ក្នុងនាមជាប្រធានបានកើតឡើង។

២. រដ្ឋប្រហារថ្ងៃទី ១៩ កញ្ញា ២០០៦

បន្ទាប់ពីឧបទ្ទវហេតុពពកខ្មៅខែឧសភាឆ្នាំ ១៩៩២ យោធាស្ទើរតែលែងពាក់ព័ន្ធនឹងនយោបាយទៀតហើយ ហើយមនុស្សជាច្រើនជឿថា ការដណ្តើមអំណាចរបស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិ ភាពនិងសណ្តាប់ធ្នាប់នៅឆ្នាំ ១៩៩១ ដែលមាននាយឧត្តម សេនីយ៍ ស៊ុនថន គង់សាំភុង ជាប្រធានគណៈកម្មាធិការ ថាជារដ្ឋប្រហារចុងក្រោយ ។

ប៉ុន្តែបន្ទាប់មកនៅចំកណ្តាលស្ថានការណ៍នៃការប្រមូលផ្តុំគ្នារបស់សម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ អំពាវនាវឱ្យលោក ថាក់ស៊ីន ចុះចេញពីតំណែង នៅពាក់កណ្តាលយប់ថ្ងៃទី ១៩ ខែកញ្ញា ក៏មានការធ្វើរដ្ឋប្រហារដោយក្រុមប្រឹក្សាកំណែទម្រង់ប្រជាធិបតេយ្យ ដែលក្រោយមកបានប្តូរឈ្មោះទៅជា «ក្រុមប្រឹក្សាសន្តិសុខជាតិ» ឬ«NCPO» ។

មេរដ្ឋប្រហារ ស៊ុនធិ ប៊ុនរ៉ាត់គ្លីន គឺជាមនុស្ស ដែលលោក ថាក់ស៊ីន រើសមកឲ្យកាន់ជាមេបញ្ជាការកងទ័ពជើងគោក ធ្វើឲ្យគាត់ជឿជាក់ថា ពួកគាត់នោះមិនធ្វើរដ្ឋប្រហារទេ តែ «វាច្បាស់ណាស់” គឺនៅម៉ោងប្រហែល ៤ រសៀល បន្ទាប់មកលោក ថាក់ស៊ីន បានប្រកាសស្ថានភាពគ្រាអាសន្នតាមរយៈផ្កាយរណបពីសហរដ្ឋអាមេរិក ដើម្បីបណ្តេញឧត្តមសេនីយ៍ ស៊ុនធិ ចេញពីតំណែង ប៉ុន្តែវាយឺតពេលទៅហើយ ព្រោះនៅពេលនោះរដ្ឋប្រហារបានកំណត់ទីតាំងសំខាន់ទាំងអស់ទៅហើយ មុនការប្រកាសអំណាច នៅម៉ោងប្រហែលប្រាំល្ងាច ។

  • ២.១ រដ្ឋាភិបាលខ្ញីចាស់

ក្នុងការធ្វើរដ្ឋប្រហារលើកនេះ ឧត្តមសេនីយ៍ ស៊ុនធិ និយាយយ៉ាងច្បាស់ថា ខ្លួនឯងមិនមែនជានាយករដ្ឋមន្ត្រីទេ តែបានអញ្ជើញលោក ស៊ុរ៉ាយុទ្ធ ជុឡានន្ទ ជានាយករដ្ឋមន្ត្រី ដោយរដ្ឋមន្ត្រីភាគច្រើនក្នុងគណៈរដ្ឋមន្ត្រីជាអ្នកមានអាយុខ្ពស់ ដែលឲ្យរហស្សនាមថា «រដ្ឋាភិបាលខ្ញីចាស់» ។

បន្ទាប់ពីនោះមក ក៏មានពង្រាងរដ្ឋធម្មនុញ្ញឆ្នាំ ២០០៧ ដោយឧត្តមសេនីយ៍ ស៊ុរ៉ាយុទ្ធ កំណត់ឲ្យមានការបោះឆ្នោតនៅទូទាំងប្រទេស ក្នុងខែធ្នូ ឆ្នាំ ២០០៧ ។

៣. ក្រោយប្រហារ ២០០៦

រដ្ឋធម្មនុញ្ញឆ្នាំ ២០០៧ ត្រូវបានផ្លាស់ប្តូរ តែកាន់តែស្មុគស្មាញ ។ លើសពីនេះគណបក្សថៃរ៉ាក់ថៃត្រូវបានរំលាយ និងការដកសិទ្ធិគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស ។ ប៉ុន្តែក្នុងឆ្នាំ ២០០៧ នេះដែរ គណបក្សអំណាចប្រជាជន (គណបក្ស​ថៃរ៉ាក់ថៃដើម) ដែលមានលោក ស៊ុនថនវេច ជាប្រធានបក្ស បានទទួលសំលេងច្រើនដល់ ២៣៣ សំលេង ក្នុងចំនួនទាំងអស់ ៤៨០ សំលេង ធ្វើឲ្យគណបក្សអំណាចប្រជាជន ជាអ្នកចាត់តាំងរដ្ឋាភិបាល ហើយលោកជានាយករដ្ឋមន្ត្រី ។

  • ៣.១ ស៊ុមឆាយ ផុតតំណែងជានាយករដ្ឋមន្ត្រី

នៅថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០០៨ អង្គជំនុំជម្រះតុលាការធម្មនុញ្ញ បានកាត់ក្តីឲ្យលោក ស៊ុនថងវេច លាលែងពីតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែរំលោភរដ្ឋធម្មនុញ្ញ ដែលបង្ហាញខ្លួនធ្វើជាអ្នកចម្អិនអាហារ ពេលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី ។

បន្ទាប់ពីនោះ លោក ស៊ុមឆាយ វង្សសាវ៉ាត ប្អូនថ្លៃរបស់លោក ថាក់ស៊ីន ក៏បានទទួលរើសពីសភាឲ្យកាន់ជានាយករដ្ឋមន្ត្រី មុននឹងតុលាការធម្មនុញ្ញវិនិច្ឆ័យឲ្យរំលាយគណបក្សអំណាចប្រជាជន  ធ្វើឲ្យលោក ស៊ុមឆាយ ត្រូវផុតពីតំណែងនៅថ្ងៃទី ២ ធ្នូ ឆ្នាំ ២០០៩ ។

  • ៣.២ អភិសិទ្ធិ វេចឆាជីវៈ ជានាយករដ្ឋមន្ត្រី

លោក អភិសិទ្ធិ វេចឆាជីវៈ ប្រធានគណបក្សប្រជាធិបតេយ្យ ក៏បានទទួលការបោះឆ្នោតពីសមាជិកសភាជា នាយករដ្ឋមន្ត្រី​ ព្រឹត្តិការណ៍នាពេលនោះ គឺសែនស្មុគស្មាញ ដោយសារការលេងហ្គេមរបស់លោក ស៊ូថេប ធឿកស៊ូបាន់ លេខាធិការគណបក្សប្រជាធិបតេយ្យ ហើយទទួលបានការគាំទ្រពីយោធា រហូតធ្វើឲ្យសមាជិកសភាមួយក្រុមនៃអំណាចប្រជាជនចុះខ្សោយ ជំរុញឱ្យ អភិសិទ្ធិ ទៅដល់ក្តីស្រមៃមួយ គឺក្លាយជានាយករដ្ឋមន្ត្រីទី ២៧ របស់ប្រទេស ។

៤. យីងឡាក់ ឈិនវ៉ាត់ ជានាយករដ្ឋមន្ត្រី

ក្នុងអំឡុងពេលដែល អភិសិទ្ធិ ជានាយករដ្ឋមន្ត្រី ក៏កើតមានការប្រឆាំងរបបផ្តាច់ការ ដែលបណ្តាលមកពីការបង្ក្រាបរំលាយក្រុមធ្វើបាតុកម្មនៅឆ្នាំ ២០១០ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើន ។

តមកនៅឆ្នាំ ២០១១ លោក អភិសិទ្ធិ បានរំលាយសភា ហើយប្រកាសឲ្យមានការបោះឆ្នោត ពេលនោះហើយ បានលេចចេញគណបក្សឈ្មោះថ្មី គឺ«គណបក្សភឿថៃ» ដែលជាគណបក្ស «អំណាចប្រជាជនដើម និង ថៃរ៉ាក់ថៃដើម» បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី បានសំលេងក្នុងសភា ២៦៥ សំលេង ក្នុងចំនួន ៥០០ សំលេង ជាឱកាសឲ្យលោកស្រី យីងឡាក់ ឈិនវ៉ាត់ ប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ឡើងជានាយករដ្ឋមន្ត្រី ជាស្ត្រីដំបូងរបស់ប្រទេសថៃ មុននឹងត្រូវរដ្ឋប្រហារដោយលោក ឧត្តមសេនីយ៍ ប្រាយយុទ្ធ ច័ន្ទអូឆា ជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០១១ ។

៥. ក្រុមប្រឹក្សាសន្តិសុខបន្តអំណាច

ទោះបីជាការបោះឆ្នោតត្រូវបានរៀបចំឡើងនៅឆ្នាំ ២០១៩ ក៏ដោយ ក៏រដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ បានរៀបចំឡើងដើម្បីបន្តអំណាច ជាពិសេសការអនុញ្ញាតពីសមាជិកព្រឹទ្ធសភាចំនួន ២៥០ រូប (ជំពូកអន្តរកាល) ដែលបានមកពីការតែងតាំង អាចជ្រើសរើសនាយករដ្ឋមន្ត្រីបាន ហើយរូបមន្តគណនាសមាជិកសភាត្រូវតែមានស្ទីលប្លែកដែលជាលទ្ធផល ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នៅបន្តធ្វើជានាយករដ្ឋមន្ត្រី ចំពេលមានជម្លោះកាន់តែខ្លាំងឡើង មានចលនាតស៊ូប្រឆាំងឥតឈប់ឈរអំពាវនាវឱ្យ «ប៊ិកទូ (ឈ្មោះហៅក្រៅរបស់លោក ប្រាយុទ្ធ)» ចុះចេញពីតំណែង ។ កម្លាំងត្រូវបានបង្ក្រាបក្រុមបាតុករ រួមទាំងការចាប់ខ្លួន និងការកាត់ទោសមេដឹកនាំជាច្រើនរូប ។

៦. សង្គមថៃជាសមរភូមិជម្លោះ

រហូតមក ១៥ ឆ្នាំកន្លងមក សង្គមថៃស្ថិតនៅក្នុងសមរភូមិជម្លោះ មានភាពចម្រូងចម្រាស ច្របូកច្របល់នៃមតិនយោបាយ ផ្លាស់ប្តូររដ្ឋាភិបាល រួមទាំងរដ្ឋប្រហារ មិនអាចជួយដោះស្រាយបញ្ហាទាំងនេះបានទេ ដរាបណាច្បាប់ត្រូវបានគេមើលឃើញ មិនយុត្តិធម៌ចំពោះគ្រប់ភាគី ។

ជម្លោះ និងទស្សនៈផ្សេងគ្នា គឺជារឿងធម្មតានៅក្នុងសង្គមថៃដែលច្បាប់ត្រូវបានទទួលយក ប៉ុន្តែប្រសិនបើមនុស្សមួយចំនួនមានអារម្មណ៍ថា ក្រុមរបស់ខ្លួនត្រូវចាញ់ប្រៀប ព្រោះច្បាប់ត្រូវបានរៀបចំឡើងដើម្បីជាប្រយោជន៍ដល់ភាគីម្ខាងទៀត ។

ដូច្នេះច្បាប់ដែលមានស្រាប់មិនអាចដោះស្រាយបញ្ហាទំនាស់បានទេ ព្រោះមនុស្សមួយចំនួនចាត់ទុកថាពួកគេមិនយុត្តិធម៌ ដូច្នេះមិនអាចបញ្ចប់បានដោយយុត្តិធម៌ឡើយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម