៥ រឿង ជួយឲ្យយល់ពីប្រព័ន្ធបោះឆ្នោតនៅរុស្ស៊នៅថ្ងៃទី 17-19 កញ្ញានេះ

ចំណេះដឹងទូទៅថ្ងៃច័ន្ទុ ទី20 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:34 នាទី ល្ងាច

 

ប្រភពពី khaosod

ប្រែសម្រួលដោយ លៀង សូរ្យរិទ្ធ ៖

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បាននិយាយថា «នេះហេតុការណ៍សំខាន់បំផុតនៃជីវិតមនុស្សក្នុងសង្គម និងប្រទេសជាតិ» ។ សំណួរសួរថា ហេតុអ្វីការបោះឆ្នោតលើកនេះមានសារសំខាន់? ខាងក្រោមនេះ គឺ ៥ រឿងនឹងជួយឲ្យប្រិយមិត្តបានយល់អំពីការបោះឆ្នោតលើកនេះ ។

១. នរណារើសនរណា?

ការបោះឆ្នោតលើកនេះមានសារសំខាន់ មានអាសនៈ ៤៥០ អាសនៈក្នុងរដ្ឋសភារុស្ស៊ី ដែលហៅថា «សភាឌូម៉ា!

(រូបភាព Getty Images)

ប្រព័ន្ធគ្រប់គ្រងរបស់រុស្ស៊ីមានទាំងរដ្ឋសភា និង ប្រធានាធិបតី ប៉ុន្តែតំណែងប្រធានាធិបតីគឺជាអ្នកកាន់អំណាចពិតប្រាកដ ក្នុងការសម្រេចចិត្តផ្នែកនយោបាយ និងសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍ  ប្រទេស ឯរដ្ឋសភាទទួលខុសត្រូវក្នុងការស្នើច្បាប់ថ្មី ។

ប្រទេសរុស្ស៊ីគឺជាប្រទេសសហព័ន្ធរដ្ឋមួយដែលប្រកបដោយ ៨៥ ផ្នែកគ្រប់គ្រង (សាធារណរដ្ឋចំនួន ២២ + ភូមិភាគគ្រប់គ្រងចំនួន ៩ + ខេត្តចំនួន ៤៦ + ទីក្រុងចំនួន ៣ + តំបន់ស្វយ័តចំនួន ៤ និងខេត្តគ្រប់គ្រងខ្លួនឯង ១) ដោយក្រុមប្រឹក្សាមូលដ្ឋាន ឬរដ្ឋសភាមូលដ្ឋាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុងកម្រិតភូមិភាគ ដោយសារមានអំណាចគ្រប់គ្រង ទាំងការចំណាយថវិកាក្នុងមូលដ្ឋាន ដែលជះឥទ្ធិពលផ្ទាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។

ដោយហេតុនេះ អ្នកដែលជាប់ឆ្នោតក្នុងតំណែងសភាមូលដ្ឋាន មានសារសំខាន់ចំពោះប្រជាជនក្នុងតំបន់ ។ សម្រាប់លើកនេះ មានការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន ទាំងសមាជិកក្រុមប្រឹក្សាក្រុង ឬសមាជិកសភាក្នុងតំបន់ (៣៩ ក្នុងចំណោម ៨៥ ផ្នែកគ្រប់គ្រងរដ្ឋបាល) ឬអភិបាលខេត្ត ។

រុស្ស៊ីប្រើប្រព័ន្ធបោះឆ្នោតចម្រុះ ដោយពាក់កណ្តាលនៃសភាតំណាងរាស្ត្រក្នុងសភាឌូម៉ា មកពីប្រព័ន្ធបញ្ជីឈ្មោះគណបក្ស (party-list) ហើយពាក់កណ្តាលទៀតមកពីប្រព័ន្ធបេក្ខជនដែលមានសំលេងខ្ពស់ពីតំបន់នីមួយៗ ។

ក្នុងការបោះឆ្នោតលើកចុងក្រោយនេះ មានប្រជាជនរុស្ស៊ីចុះឈ្មោះជាង ១០៨ លាននាក់ទូទាំងប្រទេស និងជាង ២ លាននាក់ទៀត ចុះឈ្មោះនៅបរទេស និងមានមណ្ឌលបោះឆ្នោតប្រមាណ ៩៦.០០០ កន្លែង ។

រុស្ស៊ីជាប្រទេសមានអាណាចក្រធំល្វឹងល្វើយ គ្របដណ្តប់តំបន់ពេលវេលាចំនួន ១១ ហើយនៅពេលដែលបោះឆ្នោតដំបូងនៅ កាំចាត់កា (Kamchatka) តំបន់សហព័ន្ធចុងបូព៌ា ដែលស្ថិតនៅភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី បានចាប់ផ្តើមបើកឱ្យ​ សាធារណជនបោះឆ្នោត, ប្រជាជនរុស្ស៊ីដែលរស់នៅអឺរ៉ុប (ប៉ែកខាងលិច) ដែលមនុស្សជាច្រើនមិនទាន់ចូលគេងនៅឡើយទេ ។

២. ហេតុអ្វីបានត្រូវរៀបចំបោះឆ្នោតដល់ ៣ ថ្ងៃ?

ការបោះឆ្នោតរៀបចំឡើង ៣ ថ្ងៃដើម្បីតម្រូវតាមបរិបទកូវីដ (រូបភាព Getty Images)

 

ចាប់តាំងពីឆ្នាំមុន ច្បាប់ត្រូវបានផ្លាស់ប្តូរដើម្បីឲ្យសមស្របតាមវិធានការការពារកូវីដ-១៩ ដូចគ្នាកាលពីធ្វើប្រជាមតិរដ្ឋធម្មនុញ្ញឆ្នាំ ២០២០ នៅពេលដែលត្រូវបានសម្រេចឲ្យអនុវត្តវិធានការរក្សាគម្លាតសង្គម ដូច្នេះទើបការបោះឆ្នោតត្រូវបានពន្យារដល់ ៣ ថ្ងៃ ធ្វើឲ្យការបោះឆ្នោតលើកនេះ ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែកញ្ញា ។ នៅតំបន់ខ្លះ ប្រជាពលរដ្ឋមានឱកាសបោះឆ្នោតពីចម្ងាយតាមរយៈគេហទំព័ររបស់គណៈកម្មការរៀបចំការបោះឆ្នោត ។

៣. នរណាជាបេក្ខជនបោះឆ្នោតខ្លះ?

ទោះយ៉ាងណា ការបោះឆ្នោតលើកនេះ ចាត់ទុកថា មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់បេក្ខជនគណបក្សប្រឆាំង ។ រឿងនេះរុស្ស៊ីអះអាងថា បេក្ខជនទាំងនោះត្រូវបានដកសិទ្ធិ ពីព្រោះកំពុងស្ថិតក្នុងការស៊ើបអង្កេតពីបទឧក្រិដ្ឋ ។ ក្នុងចំណោមបេក្ខជនដែលត្រូវបានដកសិទ្ធិទាំងនោះ គឺជាបេក្ខជនដែលធ្លាប់បានទទួលបោះឆ្នោតនៅថ្នាក់មូលដ្ឋាន និងអ្នកដែលមិនធ្លាប់ឈរឈ្មោះពីមុន ។

ចុះលោក ពូទីន ? លោក ពូទីន លើកនេះមិនឈរឈ្មោះបោះឆ្នោតទេ ព្រោះគាត់មិនអាចរើសចូលទៅក្នុងតំណាងរាស្ត្របាន ប៉ុន្តែលោកក៏នឹងចូលរួមក្នុងការប្រើសិទ្ធិបោះឆ្នោតផងដែរ ។

ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន មិនឈរឈ្មោះបោះឆ្នោតលើកនេះទេ តែមានសិទ្ធិបោះឆ្នោតដូចប្រជាជនដែរ 

(រូបភាព Getty Images)

 

៤. តើអ្វីទៅជា «ការបោះឆ្នោតវៃឆ្លាត (Smart Voting)» ហើយតើហ្គូហ្គល (Google) មានអ្វីទាក់ទងដែរ?

ក្នុងឆ្នាំ ២០១៨ លោក អាឡិចសេ ណាវ៉ាល់នី មេដឹកនាំប្រឆាំង និងក្រុមគាំទ្ររបស់គាត់ បានបង្កើតឧបករណ៍បោះឆ្នោតយុទ្ធសាស្ត្រមួយដែលគេហៅថា «ការបោះឆ្នោតវៃឆ្លាត (smart voting)» ដែលពួកគេជឿជាក់ថា នឹងជួយកាត់បន្ថយឱកាសរបស់គណបក្សកាន់អំណាចក្នុងការទទួលបានអាសនៈបន្ថែមនៅក្នុងសភា និងនៅកាន់អំណាចកាន់តែយូរបន្តទៅទៀត ។

លោក ណាវ៉ាល់នី និងក្រុមគាំទ្រ បានបង្កើតកម្មវិធី (Application) មួយដែលណែនាំអ្នកប្រើប្រាស់សិទ្ធិបោះឆ្នោតថា គួរបោះឆ្នោតឲ្យបេក្ខជនណា ដើម្បីការពារមិនឲ្យបេក្ខជនខាងភាគីប្រឆាំងបោះគាំទ្រឲ្យបក្សរដ្ឋាភិបាល ។ លោកនិយាយថា ប្រព័ន្ធនេះបានបង្ហាញថា ប្រើបានផលនៅក្នុងការបោះឆ្នោតក្នុងមូលដ្ឋានមួយចំនួន ប៉ុន្តែការអះអាងនេះត្រូវបានជំទាស់ដោយគណបក្សប្រឆាំងមួយចំនួន និងពីអាជ្ញាធររុស្ស៊ី ។

លោក អាឡិចសេ ណាវ៉ាល់នី 

កាលពីរដូវក្តៅឆ្នាំមុន អង្គការទាំងអស់ដែលមានទំនាក់ទំនងជាមួយលោក ណាវ៉ាល់នី ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពក្នុងប្រទេសរុស្ស៊ី ក្រោយពីត្រូវបានចាត់ថ្នាក់ជាភេរវករ និងចារកម្មបរទេស ។

ក្នុងរដូវក្តៅនេះដែរ ក្រុមហ៊ុនមួយឈ្មោះ វ៉ូលលីងត្រេដ (Wollintrade) ដែលស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី បានចុះបញ្ជីនៅការិយាល័យប៉ាតង់រុស្ស៊ី ក្រោមឈ្មោះពាណិជ្ជកម្មថា smart voting ជាលទ្ធផលឲ្យផលទៅនរណាម្នាក់ដែលស្វែងរកពាក្យថា«smart voting» ។

កាលពីថ្ងៃទី ៦ ខែកញ្ញាកន្លងទៅនេះ អង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានរារាំងគេហទំព័រsmart voting ដោយនិយាយថា គេហទំព័រនេះត្រូវបានប្រើសម្រាប់សកម្មភាពរបស់«ភេរវករ» ។

ចាប់ពីពេលនោះមក smart voting ក៏លែងឃើញនៅក្នុង «Yandex» កម្មវិធីស្រាវជ្រាវ (Search) កំពូលនិយមរបស់រុស្ស៊ី ប៉ុន្តែនៅមានក្នុងវេបសាយ Google របស់រុស្ស៊ីដដែល ។

គេរាយការណ៍ថា មួយថ្ងៃមុនការបោះឆ្នោត ប្រតិបត្តិករទូរស័ព្ទចល័តធំៗរបស់រុស្ស៊ី បានចាប់ផ្តើមរឹតត្បឹតពីការចូលប្រើសេវាកម្មប្រមូលទិន្នន័យក្នុងប្រព័ន្ធ Clouds របស់ Google បន្ទាប់ពីជំនួយការរបស់លោក ណាវ៉ាល់នី ដែលត្រូវជាប់ពន្ធនាគារចាប់តាំងពីខែមករាមក បានផ្សព្វផ្សាយបញ្ជីឈ្មោះបេក្ខជន តំណាងរាស្ត្រ ដែលបានណែនាំឱ្យបោះឆ្នោតឱ្យ ។

៥. ដឹងលទ្ធផលបោះឆ្នោតនៅពេលណា?

លទ្ធផលបោះឆ្នោតអាចដឹងនៅថ្ងៃទី ២០ កញ្ញានេះ តែមួយចំនួនរាប់មិនទាន់ (រូបភាព Getty Images)

 

ការបោះឆ្នោតនៅថ្ងៃទី ១៧-១៩ ខែកញ្ញា ក្នុងករណីខ្លះអាចដឹងលទ្ធផលបោះឆ្នោតបានបន្ទាប់មួយថ្ងៃ គឺនៅថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ ២០២១ នេះ ប៉ុន្តែនៅមូលដ្ឋានខ្លះត្រូវប្រើពេលរាប់សន្លឹកឆ្នោតយូរជាងនេះ ។

ក្រៅពីនេះ នៅមានឱកាសបោះឆ្នោតក្នុងមូលដ្ឋានមួយចំនួនដែលជ្រើសរើសអភិបាលតំបន់ ឬមេដឹកនាំសាធារណរដ្ឋ ដែលអាចត្រូវមានការបោះឆ្នោតជុំទី ២ ទៀតផង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម