ប្អូនពៅអាស៊ាន!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី21 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:24 នាទី ល្ងាច

 

ពីវេបសាយ dailynews

ប្រែសម្រួលដោយ សូរ្យរិទ្ធ៖

ក្រុមអ្នកវិភាគបានទាក់ភ្នែកទៅលើប្រទេសទីម័រខាងកើត ជាប្រទេសឯករាជ្យចុងក្រោយបង្អស់នៃអាស៊ី-ប៉ាស៊ីហ្វិក ដែលគេចពីកណ្តាប់ដៃកាន់កាប់របស់ឥណ្ឌូនេស៊ីចាប់តាំងពីខែឧសភា ឆ្នាំ ២០០២ ហើយឥឡូវនេះកំពុងស្ថិតក្នុងដំណើរការក្លាយជាសមាជិកទី ១១ (ប្អូនពៅ) របស់អាស៊ាន បន្ទាប់ពីបានបង្ហាញដោយចេតនាតាំងពីឆ្នាំ ២០០៧ និងបានដាក់ពាក្យស្នើសុំផ្លូវការនៅខែមីនាឆ្នាំ ២០១១ ។

អតីតប្រធានាធិបតី ចូសេ រ៉ាម៉ូស ហូតតា (Jose Ramos Horta)

អត្ថបទក្នុងទស្សនាវដ្តីអនឡាញ The Diplomat របស់ក្រុងវ័រស៊ីងតុន ឌី.ស៊ី. សហរដ្ឋអាមេរិក អ្នកនិពន្ធ Joaoda Cruz Cardoso និយាយថា ទីម័រខាងកើត «បិទមាត់» នៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៨ ខែមិថុនាឆ្នាំនេះ ក្នុងការថ្កោលទោសយោធាមីយ៉ាន់ម៉ា ដែលបង្ករដ្ឋប្រហារដណ្តើមអំណាចកាលពីថ្ងៃទី ១ កុម្ភៈដើមឆ្នាំនេះ ហើយត្រូវបានទាញការរិះគន់យ៉ាងខ្លាំងពីភាគីមួយចំនួន រួមទាំងអតីតប្រធានាធិបតី ចូសេ រ៉ាម៉ូស ហូតតា (Jose Ramos Horta) មេដឹកនាំដំបូងរបស់ទីម័រខាងកើតបាននិយាយថា នេះជាការបញ្ចេញសំលេង «គួរឱ្យអាម៉ាស់» ។

ចំណែកលោក រៀណូ សាប៊ីណូ ប្រធានគណបក្សប្រជាធិបតេយ្យ ភាគីប្រឆាំងរបស់ទីម័រខាងកើត និយាយថា រដ្ឋាភិបាលមិនអើពើនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះទេ នេះគឺស្រដៀងគ្នាទៅនឹងការបង្ក្រាបបង្ហូរឈាមរបស់កងទ័ពឥណ្ឌូនេស៊ី បន្ទាប់ពីការកាន់កាប់ទីម័រខាងកើត ជាខេត្តទី ២៧ របស់ខ្លួន ចាប់តាំងពីខែធ្នូឆ្នាំ ១៩៧៥ ។

រហូតដល់រយៈពេលជាច្រើនឆ្នាំមក ចាប់តាំងពីមានការសម្របខ្លួនដើម្បីចូលសមាជិកជាមួយអាស៊ាន ទីម័រខាងកើតហាក់ដូចជាបានអនុវត្តវិធីសាស្រ្តគ្មានការប្រឈមមុខ ដើម្បីសម្រេចបាននូវគោលដៅនេះ ។ ការមិនទទួលយកដំណោះស្រាយដែលថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា គឺជាឧទាហរណ៍មួយ ដែលរដ្ឋាភិបាលប្រហែលជាគិតថា ការធ្វើឱ្យមីយ៉ាន់ម៉ា (ឬប្រទេសណាមួយនៃអាស៊ាន) មិនពេញចិត្តអាចបណ្តាលឱ្យបរាជ័យក្នុងការចូលរួមអាស៊ាន ។

ក្រៅពីទីតាំងភូមិសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌ និងនយោបាយនៅក្នុងតំបន់ តើអ្វីដែលធ្វើឱ្យទីម័រខាងកើតមានបំណងចង់ចូលរួមជាមួយអាស៊ាន? គឺឱកាសដើម្បីទទួលបានទីផ្សារអាស៊ាន គ្របដណ្តប់លើប្រជាជនចំនួន ៦៦៧.៤ លាននាក់ដែលនឹងជួយលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេស ។

កន្លងមក ទីម័រខាងកើតមានប្រវត្តិទាក់ទងនឹងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសអាស៊ាន ជាពិសេសឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម ម៉ាឡេស៊ី និងថៃ ។ បើយោងតាមមន្រ្តីទីម័រខាងកើតឲ្យដឹងថា ការចំណាយថវិកាប្រមាណ ២.០៥០ លានដុល្លារអាមេរិក នាំចូលទំនិញក្នុងកំឡុងឆ្នាំ ២០១៦-២០១៩ ច្រើនជាងពាក់កណ្តាលនៃចំនួនទឹកប្រាក់ខាងលើ វាជាការបញ្ជា ទិញពីប្រទេសអាស៊ានទាំង ៥ ខាងលើនេះ ។

ប្រធានាធិបតីទីម័រខាងកើតបច្ចុប្បន្ន Francisco Guterres

ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ទីម័រខាងកើត បាននាំទំនិញចេញ និងសេវាកម្មដល់អាស៊ាន តម្លៃសរុបត្រឹមតែ ៩៥ លានដុល្លារអាមេរិកប៉ុនណោះ បង្ហាញឲ្យឃើញដល់អតុល្យភាពខាងពាណិជ្ជកម្មជាមួយអាស៊ានជាច្រើនដង ។

ជាច្រើនភាគីបានតាំងសំណួរថា តើទីម័រខាងកើតត្រៀមខ្លួនបានប៉ុនណា ដើម្បីបានក្លាយខ្លួនជា«កូនពៅ» របស់អាស៊ាន ? ប្រសិនបើក្រឡេកមើលសេដ្ឋកិច្ច អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) គឺខ្ពស់នៅចន្លោះឆ្នាំ ២០១៦- ២០១៨ មានជាមធ្យម ៥,៣% បើប្រៀបធៀបទៅនឹងឥណ្ឌូនេស៊ី ៥.១% នៅក្នុងរយៈពេលដូចគ្នា ចំណែកម៉ាឡេស៊ី ៥,០%, ហ្វីលីពីន ៦.៦%, វៀតណាម ៦,៦ និង ថៃ ៣,៤% ។

ការអភិវឌ្ឍធនធានមនុស្ស ទីម័រខាងកើត ដែលមានប្រជាជនទាំងអស់ ១.៣៤៧.១៣១ នាក់ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) បានកើនឡើងពី ០.៤៨៤ ក្នុងឆ្នាំ ២០១០ ដល់ ០.៦០៦ ក្នុងឆ្នាំ ២០១៩ ។ អត្រាអក្ខរកម្មអានចេញ សរសេរបាន ៨៤% ក្នុងឆ្នាំ ២០១៥ ពី ៤៦% ក្នុងឆ្នាំ ២០០៤ ហើយអត្រានិស្សិតចូលរៀននៅសាកលវិទ្យាល័យទ្វេដង ពី ៤,៦% ក្នុងឆ្នាំ ២០១០ ដល់ ៩% ក្នុងឆ្នាំ ២០១៥ ។

ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសរបស់ទីម័រខាងកើត ប្រសើរឡើងជារឿយៗ, ក្នុងវិស័យដឹកជញ្ជូនសំណង់ ផ្លូវថ្នល់កាត់បន្ថយពេលវេលាធ្វើដំណើរ និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងទីក្រុង និងជនបទ ប្រជាជនប្រមាណ ៨០% មានអគ្គិសនីប្រើប្រាស់ក្នុងឆ្នាំ ២០១៧ និង ៧៥% នៃផ្ទះប្រជាជន រួមទាំងទទួលបានប្រភពទឹកស្អាតក្នុងឆ្នាំ ២០១៥ ។

ចំណែកចំណុចខ្វះខាតនៅមានច្រើន ជាពិសេសចំណុចសំខាន់ពីរ គឺទីម័រខាងកើតនៅត្រូវពឹងផ្អែកលើប្រាក់ចំណូលពីប្រេង និងឧស្ម័នច្រើន វិស័យកសិកម្មដែលផ្តល់ការងារប្រហែល ៨០% នៃកម្លាំងពលកម្មរបស់ប្រទេស «នៅអភិវឌ្ឍច្រើន» ៕
រូបភាព GETTY IMAGES


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម