កូនខ្មែរធ្វើបាន ! មិនធម្មតា កាសែតបរទេសសរសេរពីនិស្សិតខ្មែរធ្វើដ្រូនបាន រំដោះចរាចរ និង ពន្លត់អគ្គីភ័យ

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែកញ្ញា ឆ្នាំ2021 ម៉ោង 2:37 នាទី ល្ងាច

REUTERS : ចេញពីការប្តេជ្ញាចិត្តដែលត្រូវយកឈ្នះបញ្ហាចរាចរដែលចេះតែកើនឡើងក្នុងទីក្រុង ក្រុមនិស្សិតកម្ពុជាមួយក្រុម បានរចនាយន្តហោះគ្មានមនុស្សបើក ដែលហៅថា «ដ្រូន (Drone)» ដែលពួកគេសង្ឃឹមថា អាចត្រូវបានប្រើដើម្បីផ្នែកដឹកជញ្ជូនមនុស្សនៅជុំវិញទីក្រុងភ្នំពេញ ហើយថែមទាំងជួយពន្លត់អគ្គីភ័យផងដែរ ។

ដ្រូនមានកង្ហារ ៨ និងប្រើកៅអីជាប់ជាមួយអ្នកបើក បានផលិតឡើងដោយនិស្សិតពីស្ថាប័នពហុបច្ចេកទេសជាតិកម្ពុជា (NPIC) ដែលស្ថិតនៅជាយរាជធានីភ្នំពេញ ។

«ដ្រូននេះនៅពេលដែលវាហោះដោយគ្មានអ្នកបើក វាមានការញ័រខ្លាំង ប៉ុន្តែនៅពេលខ្ញុំអង្គុយហើយចុះចត វាមានស្ថិរភាពជាងមុន ហើយខ្ញុំពិតជារំភើប...»  នេះបើតាមសម្តីរបស់ប្អូន លន់ វ៉ាន់សិទ្ធិ អាយុ ២១ ឆ្នាំ ជាអ្នកបើកយន្តហោះគ្មានមនុស្សបើកនេះ ។

«យើងចង់ដោះស្រាយបញ្ហាខ្លះសម្រាប់សង្គមកម្ពុជារបស់យើង តាមរយៈការបង្កើតតាក់ស៊ីដ្រូន ។ លន់ វ៉ាន់សិទ្ធិ បាននិយាយថា បង្កើតយន្តហោះគ្មានមនុស្សបើកសម្រាប់អ្នកពន្លត់អគ្គិភ័យផងដែរ»  ដោយបន្ថែមថា ពួកគេសង្ឃឹមថាយន្តហោះគ្មានមនុស្សបើកនេះនឹងហោះឡើងទៅដំបូលអគារខ្ពស់ ដើម្បីជួយពន្លត់អគ្គីភ័យ ដែលរថយន្តពន្លត់មិនអាចចូលដល់ ។

ដ្រូនបែបនេះ អាចផ្ទុកទម្ងន់ធ្ងន់បំផុត ៦០ គីឡូក្រាម និងហោះបានប្រមាណ ១០ នាទីក្នុងរយៈចម្ងាយ ១ គីឡូម៉ែត្រ ។ ក្រុមនិស្សិតប្រើពេលផលិត ៣ ឆ្នាំ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ហើយត្រូវចំណាយថវិកាប្រមាណ ២០.០០០ ដុល្លារ (៨២.០០០.០០០ រៀល) ។

បច្ចុប្បន្ន ដ្រូននេះហោះបានកម្ពស់ ៤ ម៉ែត្រដោយមានអ្នកបើកម្នាក់ ប៉ុន្តែក្រុមនិស្សិតសង្ឃឹមថានឹងអភិវឌ្ឍឲ្យហោះបានខ្ពស់ជាងនេះ ។

គម្រោងការនេះត្រូវប្រឈមនឹងការពន្យារពេល ដោយសារតែការបិទទ្វារកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ និងគ្រឿងបន្លាស់ផ្សេងៗ ដូចជា កង្ហារ គ្រោងតួ ត្រូវបញ្ជាទិញពីបរទេស (ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យារបស់ NPIC និយាយ) ។

ក្រុមនេះមានគម្រោងកែលម្អការរចនា ដើម្បីឱ្យយន្តហោះគ្មានមនុស្សបើកនេះ អាចផ្ទុកទម្ងន់បានច្រើនជាងនេះ រួមទាំងការហោះហើរឆ្ងាយ និងមានស្ថិរភាពនៅកម្រិតខ្ពស់ ។

តាមការពិតហើយ ធនធានកូនខ្មែរយើងល្អៗមានច្រើនណាស់ ខ្វះខាតតែឱកាសការគាំទ្រ លើកទឹកចិត្ត និងឧបត្ថម្ភពីថ្នាក់លើ ដូចជាអ្នកបច្ចេកទេស ឯកទេសវិទ្យាសាស្ត្រ ចិត្រករ តន្ត្រី និយាយរួមច្រើនផ្នែក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម