ជួយនាងផង ! ចាញ់បោកមេខ្យល់នាំទៅចិន ដង្ហោយជួយពន្លឿនឲ្យនាងឆាប់បានមកស្រុក!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែកញ្ញា ឆ្នាំ2021 ម៉ោង 1:46 នាទី ល្ងាច

admin សូរ្យរិទ្ធ៖

បន្ទាប់ពីនាងបានពឹងឲ្យសារព័ត៌មានពីរ កាលពីខែកក្កដា ឆ្នាំ ២០២១ ចុះផ្សាយជួយអន្តរាគមន៍ដល់រូបនាង បានត្រឡប់មកស្រុកកំណើតនៅខ្មែរវិញ បន្ទាប់ពីចាញ់បោកមេខ្យល់នាំទៅចិន ក៏បានលទ្ធផលខ្លះៗ គឺស្ថានកុងស៊ុលខ្មែរ ទំនាក់ទំនងទៅសមត្ថកិច្ចប៉ូលិស​ចិន តាំងពីខែកក្កដា ឆ្នាំ ២០២១ តែរហូតមកដល់ពេលនេះ នាងមិនទាន់បានវិលត្រឡប់មកស្រុកខ្មែរវិញនៅឡើយទេ ដោយខាងស្ថានកុងស៊ុលខ្មែរប្រាប់ (ទាក់ទងតាមរយៈ (Wechat) ថាឲ្យរង់ចាំសិន ដើម្បីឲ្យប៉ូលិសចិនរៀបចំឯកសារបញ្ជូនឡើងទៅលើ ។

 

នៅថ្ងទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នាងបានទាក់ទងទៅមន្ត្រីស្ថានកុងស៊ុលខ្មែរនៅទីនោះ ដែលមានឈ្មោះ សឿង ចាន់មុនី (SOENG CHANMONY) បានប្រាប់ថា ទាល់តែសហការទៅខាងប៉ូលិសចិន ដើម្បីគាត់រៀបចំឯកសារបញ្ជូនទៅថ្នាក់លើ ណាមួយកូវីដកំពុងរាតត្បាត សំបុត្រយន្តហោះថ្លៃ ហើយគ្មានជើងហោះហើរ មិនអាចបានរហ័សទេ... ។

 

 

នាងឧស្សាហ៍ទៅជួបប៉ូលិសដែរ តែកាលពីខែមុន នាងបានទៅជួបប៉ូលិសចិនម្តងទៀត តែត្រូវប៉ូលិសចិនឃុំខ្លួនដាក់ខ្នោះមួយយប់ទើបឲ្យមកផ្ទះវិញ ហេតុដូច្នេះទើបនៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ នារីរូបនោះបានឆាតតាមMessenger ផ្ទាល់ខ្លួន មកកាន់ចាងហ្វាងគេហទំព័រ«មតិអ្នក» សុំឲ្យជួយផ្សាយបន្ថែមទៀត ដើម្បីជួយឲ្យនាងបានឆាប់មកស្រុកកំណើតវិញ ព្រោះដោយសារការរស់នៅនៅទីនោះមានការលំបាកផង និងបានមកមើលជំងឺម្តាយឈឺធ្ងន់នៅស្រុកផង ។

 

អាសយដ្ឋានរបស់ សឿន បុប្ផា នៅចិន

 

នាងបានរៀបរា​ប់រឿងដំបូងថា ៖ «នាងឈ្មោះ សឿន បុប្ផា អាយុ ២៣ ឆ្នាំ មានស្រុកកំណើតភូមិកោះព្រះ ឃុំកោះព្រះស្រុកសៀម​បូក ខេត្តស្ទឹងត្រែង ដំបូងនាងត្រូវអ្នកស្គាល់គ្នាដែលជួលផ្ទះនៅខេត្តជាមួយគ្នា លួងលោមនាងឲ្យមកធ្វើការនៅស្រុកចិន ។ ទៅដល់មិនបានធ្វើការអ្វីទេ ដោយមេខ្យល់យកនាងទៅឲ្យយកប្តីចិន គេនោះបានយកប្រាក់ពីបុរសចិនជាប្តីចំនួន ២.០០០ ដុល្លារនៅខែធ្នូ ឆ្នាំ ២០២០ អាសយដ្ឋាន​នៅផ្ទះលេខ  ៣៥លីងជូ ភូមិជីនជូ ទីក្រុងដាលីងសាន (តុងកួន) ខេត្តក្វាង​ទុង ។ នាងថា ប្តីចិនរបស់នាង និងម៉ែឪក្មេក ជាមនុស្សស្លូតទេ តែមានជីវភាពមិនធូរធារ ដោយប្តីរបស់នាងធ្វើការនៅរោងចក្រមួយ និងបានផ្ញើប្រាក់មកផ្ទះបាន ២ ដងដែរ ។ នាងប្រាប់តាមឆាតទៀតថា ស្ថានកុងស៊ុលខ្មែរបានទាក់ទងនាងតាមWichat ឲ្យនាងរង់ចាំ និងថា រឿងនេះស្រេចលើប៉ូលិសចិនធ្វើការ ណាមួយថាពិបាកកំពុងកើតកូវីដផង តែឥឡូវកន្លងទៅ ៣ ខែហើយ នាងរង់ចាំដោយអន្ទះសាដើម្បីបានមកស្រុកកំណើតវិញ ។ ប្តីរបស់នាងក៏បានអនុញ្ញាតឲ្យនាងមកស្រុកខ្មែរវិញដែរ ដោយបានប្រគល់លិខិតស្នាម និង លិខិតឆ្លង​ដែនឲ្យនាងវិញដែរ តែគ្មានលទ្ធភាពឲ្យប្រាក់នាងមកទេ ដូច្នេះនាងបានអំពាវនាវខាងស្ថានកុងស៊ុលខ្មែរយើងជួយនាងផង ។ តាមនាងប្រាប់ថា នៅទីនោះពិបាករស់នៅ គ្មានសេរីភាពដោយសារទៅខុសច្បាប់ គ្មានការងារធ្វើ ឯនៅស្រុកខ្មែរឪពុកម្តាយក៏មានជំងឺ ជំពាក់ធនាគារ ទើបនាងចង់មកធ្វើការនៅស្រុកខ្មែរវិញជួយគ្រួសារ» 

សឿន បុប្ផា កំពុងយំឲ្យគេជួយ

 

ហេតុដូចនេះ ក្នុងនាមយើងជាអ្នកសារព័ត៌មាន សូមផ្ញើវាចារដ៏សោកសង្រេងរបស់នាង សឿន បុប្ផា ជាថ្មីម្តងទៀត ជូនដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ សូមជួយនាងដែលជាកូនខ្មែរម្នាក់កំពុងលង់ទឹកឆាប់បានវិលមកស្រុកឆាប់ៗវិញផង លេខទូរស័ព្ទរបស់នាង +861 887 385 2196


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម