ប្រភពពី www.komchadluek.net:
ប្រែសម្រួលដោយ សូរ្យរិទ្ធ៖
រដ្ឋាភិបាលម៉ាឡេស៊ីបានផ្សព្វផ្សាយលទ្ធផលការសិក្សាមានប្រសិទ្ធភាពខ្ពស់ របស់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ការពារមេរោគកូវីដ-១៩ ក្នុងអាការធ្ងន់ ដែលត្រូវចូលសង្គ្រោះបន្ទាន់ (ICU) បានកម្រិតខ្ពស់ ។
គេបានជួបអ្នកចាក់វ៉ាក់សាំងកូរ៉ូណាវ៉ាក់ (Coronavax) ឬ ស៊ីណូវ៉ាក់ (Sinovac) ចូលសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់ត្រឹម ០,០១១% ក្នុងចំនួនអ្នកចាក់ ៧,២ លាននាក់ ។ ចំណែកអ្នកចាក់វ៉ាក៉សាំង Pfizer ចំនួន ៦,៥ លាននាក់ មានអត្រាឈឺធ្ងន់ត្រឹម ០,០០២% និង អាស្ត្រាហ្សេណេកា (AstraZeneca) មានត្រឹម ០,០០១% ក្នុងចំនួនមនុស្ស ៧៤៤.៩៥៨ នាក់ ។
ការសិក្សានេះប្រមូលផ្តុំអ្នកចាក់វ៉ាក់សាំងទាំងអស់ ១៤,៥ លាននាក់ ធ្វើការសិក្សាជាង ៥ ខែ ចាប់តាំងពីថ្ងៃទី ១ ខែមេសា ឆ្នាំនេះមក ។ ទោះបីជាអត្រាឈឺធ្ងន់ក្រោយចាក់វ៉ាក់សាំង Sinovac ពីរម្ជុលក៏ដោយ វាខ្ពស់ជាងវ៉ាក់សាំង Pfizer និង AstraZeneca ប៉ុន្តែត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពក្នុងការការពារការឈឺធ្ងន់ក្នុងកម្រិតខ្ពស់ ។
វេជ្ជបណ្ឌិត Kalaiarasu Peariasamy នាយកវិទ្យាស្ថានស្រាវជ្រាវគ្លីនិក ទីភ្នាក់ងារសិក្សាក្នុងរឿងនេះ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង មិនថាម៉ាកយីហោណាទេ គឺវាជួយកាត់បន្ថយហានិភ័យឈឺធ្ងន់បាន ៨៣% ហើយ ការសិក្សាដូចគ្នាដែលគ្របដណ្តប់លើមនុស្សចំនួន ១,២៦ លាននាក់ បានរកឃើញថា ការចាក់វ៉ាក់សាំងដោយមិនគិតពីយីហោ វាកាត់បន្ថយហានិភ័យនៃការស្លាប់បាន ៨៨% ។
លទ្ធផលនៅបានឲ្យដឹងទៀតថា អត្រាឈឺធ្ងន់ចូលបន្ទប់សង្គ្រោះបន្ទាន់ ក្រោយចាក់វ៉ាក់សាំងគ្រប់ដូសនៅត្រឹម ០,០០៦៦% ហើយអត្រានៃការស្លាប់នៅត្រឹម ០,០១% ភាគច្រើនជាអ្នកមានអាយុ ៦០ ឆ្នាំឡើង ឬមានជំងឺប្រចាំកាយ ។
ទោះយ៉ាងណា អ្នកទទួលចាក់វ៉ាក់សាំង ៣ ប្រភេទខាងលើ មានភាពខុសៗគ្នានៃក្រុមអាយុ គឺអ្នកចាក់វ៉ាក់សាំង AstraZeneca ជាវ័យកណ្តាល ចំណែក Pfizer និង Sinovac គឺចំណោមមនុស្សដែលមានហានិភ័យ ៕