លោក អូឡាហ្វ ឆូលស៍ ឈ្នះឆ្នោតប្រផិតប្រផើយនៅអាល្លឺម៉ង់ មានសង្ឃឹមជាងគេ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី28 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:32 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

លោក អូឡាហ្វ ឆូលស៍ ជាមេដឹកនាំប្រទេសអាល្លឺមថ្មី ក្រោយគណបក្ស SPD ឈ្នះឆ្នោត និងត្រៀមបង្កើតរដ្ឋាភិបាលចម្រុះ ។ តើអនាគតប្រទេសអាល្លឺម៉ង់ទៅជាយ៉ាងណា ។

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី ២៦កញ្ញា គណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SPD) ដឹកនាំដោយលោក អូឡាហ្វ ឆូលស៍ បានយកឈ្នោះយ៉ាងប្រផិតប្រផើយ ដោយសំលេង ២៥,៧% និង ២០៦ អាសនៈ ស្របពេលដែលគណបក្សសហភាពប្រជាធិបតេយ្យគ្រីស្ទៀ (CDU) របស់លោកស្រី អង់ហ្គឺឡា មើឃើល អធិការបតី បានសំលេង ២៤,១% និង ១៩៦ អាសនៈ ។

សម្រាប់មាគ៌ាបន្តពីនេះ បក្ស SPD ប្តេជ្ញាបង្កើតរដ្ឋាភិបាលចម្រុះជាមួយគនបក្ស CDU ដោយគណបក្សហ្គ្រីន (Green) លំដាប់ទី ៣ បាន ១៤,៨% ត្រូវការរដ្ឋាភិបាលចម្រុះដូចគ្នា ហេតុនេះសមាជិកសភា ជាអ្នករើសនរណានឹងបានជា «អធិការបតី» បន្ត ព្រោះមាន ៣ រូប គឺ៖

១. លោក អូឡាហ្វ ឆូលស៍ (Olaf Scholz) បេក្ខជនគណបក្ស SPD

២. លោក អារមីន ឡាសឆេត (Armin Lashet) បេក្ខជនគណបក្ស CDU

៣. លោកស្រី អាន់ណាលេណា បារបុក (Annalena Baerbock) បេក្ខជនគណបក្ស Green

នៅក្នុងចំណោមបេក្ខជនទាំង រូបនេះ លោក អូឡាហ្វ ឆូលស៍ មានសង្ឃឹមខ្ពស់ជាងគេ ។

លោក អូឡាហ្វ ឆូលស៍ (Olaf Scholz) បេក្ខជនគណបក្ស SPD

លោក អារមីន ឡាសឆេត (Armin Lashet) បេក្ខជនគណបក្ស CDU

លោកស្រី អាន់ណាលេណា បារបុក (Annalena Baerbock) បេក្ខជនគណបក្ស Green

 

លោក អូឡាហ្វ ឆូលស៍ (Olaf Scholz) ជានរណា?

គាត់អាយុ ៦៣ ឆ្នាំ ជាអ្នកនយោបាយបក្សឆ្វេងនិយមកណ្តាល ផ្ទុយ​​នឹង លោក ឡាសឆេត ដែលជាភាគីអភិរក្សនិយម និងស្តាំកណ្តាល គាត់បានកាន់តំណែងអធិការបតីរងអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ ២០១៨ ។

លោក ឆូលស៍ ទទួលបានប្រជាប្រិយច្រើនដោយសារការអនុម័តថវិកាអាសន្ន ៧,៥ សែនលានអឺរ៉ូ ឲ្យរដ្ឋាភិបាលកណ្តាល ដើម្បីជួយដល់ភាគធុរកិច្ច និងប្រជាជនអាល្លឺម៉ង់ ក្នុងបរិបទមេរោគកូវីដ-១៩ និងបានជួយដល់ស្ថានភាពទឹកជំនន់នៅអាល្លឺម៉ង់ផងដែរ ។

ក្នុងវិស័យនយោបាយ លោក ឆូលស៍ មានឥទ្ធិពលក្នុងរដ្ឋាភិបាល ប្រៀបដូចដៃស្តាំរបស់លោកស្រី អង់ហ្គឺឡា រយៈពេល ៤ ឆ្នាំ គាត់មានគំនិតក្នុងការបម្រើជាតិប្រហាក់ប្រហែលនឹងលោកស្រី អង់ហ្គឺឡា ដែរ ប៉ុន្តែគាត់មិនមែនជា អង់ហ្គឺឡា ទី ២ ទេ ឆូលស៍ គឺ ឆូលស៍ គាត់ជាមនុស្សសាមញ្ញ តែមិនមានមន្តស្នេហ៍អ្វីទេ តែគាត់ទទួលជ័យជម្នះ ។

ប៉ុន្តែប្រសិនបើលោក ឆូលស៍​ បានក្លាយជាអធិការបតី ក៏មិនសូវស្រួលខ្លួនប៉ុន្មានដែរ ដោយសារមានបញ្ហាប្រឈមជាច្រើននៅខាងមុខ ពីព្រោះគណបក្សចម្រុះទាំងបីមានគោលនយោបាយផ្សេងៗគ្នា ដូច្នេះការពិភាក្សានៅពីក្រោយទ្វារមិនងាយស្រួលទេ ។

ការរៀបចំរដ្ឋាភិបាលថ្មីនឹងត្រូវរង់ចាំរហូតដល់ចុងឆ្នាំនេះ ហើយអាចទាន់ការប្រជុំ G7 នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ ២០២២ ឬអត់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម