ក្តីសង្ឃឹមថ្មី !​ Merck & Co ផ្សព្វផ្សាយថ្នាំគ្រាប់ molnupiravir ប្រឆាំងកូវីដ-១៩ បានគ្រប់ពូជបំប្លែង

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី30 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:07 នាទី ល្ងាច

 

ប្រភពពី posttoday

ដោយ សូរ្យសែង ៖

REUTERS រាយការណ៍ថា ក្រុមហ៊ុន Merck & Co អ្នកផលិតឱសថដ៏ធំរបស់ហរដ្ឋអាមេរិកបានផ្សព្វផ្សាយ លទ្ធផលស្រាវជ្រាវជួបថា «​molnupiravir» ថ្នាំគ្រាប់សម្រាប់ព្យាបាលមេរោគកូវីដ-១៩ មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងគ្រប់ប្រភេទ រួមទាំងដែលតាផង ។

លោក ជេយ៍ ហ្គ្រោប្លឺ (Jay Grobler) ប្រធានផ្នែកជំងឺឆ្លង និងវ៉ាក់សាំងការពារជំងឺរបស់ក្រុមហ៊ុន Merck បាននិយាយថា ថ្នាំគ្រាប់នេះខុសពីវ៉ាក់សាំងកូវីដ-១៩ ដោយវាមិនផ្តោតលើប្រូតេអ៊ីន (spike protein) ដែលកំណត់ពីពូជមេរោគ ដែលនឹងអាចបញ្ឈប់កូវីដ-១៩ បាន ទោះបីជាមានការបំប្លែងក៏ដោយ ។

Molnupiravir ផ្តោតលើមេរោគ viral polymerase ដែលជាអង់ស៊ីមចាំបាច់របស់វីរុសដែលចម្លងមេរោគ ដោយថ្នាំនេះនឹងធ្វើឱ្យហ្សែនរបស់វីរុសមិនអាចពង្រីកចំនួនឡើងបាន ។

ក្រុមហ៊ុនបានអះអាងពីទិន្នន័យដែលបានពីការសិក្សាជួបថា ឱសថនេះមានប្រសិទ្ធភាពខ្ពស់ពេលអ្នកជំងឺបានឆ្លងគ្រាដំបូង ។ ក្រុមហ៊ុន Merck បានធ្វើតេស្តថ្នាំលើសំណាកដែលទទួលបានរបស់អ្នកចូលរួម ក្នុងអំឡុងពេលនោះកូវីដ-១៩ ប្រភេទ«ដែលតា»មិនរីករាលដាលយ៉ាងទូលំទូលាយទេ ប៉ុន្តែក្រោយមក ការពិសោធន៍បន្ថែមទៀតត្រូវបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍ដោយប្រើសំណាកដែលតា ។

សេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុនកាលពីដើមឆ្នាំនេះបាននិយាយថា ការសាកល្បងពាក់កណ្តាលខែបានបង្ហាញថាអ្នកជំងឺទាំងអស់ត្រូវបានធ្វើតេស្តអវិជ្ជមាន រយៈពេល ៥ ថ្ងៃក្រោយទទួលថ្នាំ molnupiravir ហើយ ២៤% នៃអ្នកជំងឺដែលអត់ប្រើថ្នាំនេះ បានធ្វើតេស្តិ៍វិជ្ជមាន ។

ក្នុងខណៈនេះ molnupiravir កំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី ៣ ដើម្បីវាយតម្លៃថាតើថ្នាំនេះកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ដែរឬទេ ដែលត្រូវបានគេរំពឹងថានឹង ដាក់ឲ្យប្រើប្រាស់ជាបន្ទាន់នៅចុងឆ្នាំនេះ ។

ក្រៅពី Merck នៅមានថ្នាំគ្រាប់ប្រឆាំងកូវីដ-១៩ ប្រភេទ PF-07321332 ពីក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក និង AT-527 ពី Roche Holding AG ក្រុមហ៊ុនឱសថរបស់ប្រទេសស្វីស ដែលកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី ៣ ដែរ ៕

រូប Merck & Co Inc/Handout via REUTERS


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម