ប្រទេស 4 នៅអឺរ៉ុប ផ្អាកប្រើវ៉ាក់សាំង Moderna ចំពោះមនុស្សកើតក្រោយឆ្នាំ ១៩៩១

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី07 ខែតុលា ឆ្នាំ2021 ម៉ោង 5:57 នាទី ល្ងាច

ទីភ្នាក់ងារ Reuters  និង AFP រាយការណ៍នៅថ្ងៃទី ៦ តុលាថា ប្រទេស ៤ នៅអឺរ៉ុប​ ស៊ុយអ៊ែដ ដាណឺម៉ាក ហ្វាំងឡង់ និងប្រទេសន័រវេស បានប្រកាសផ្អាកប្រើវ៉ាក់សាំងការពារកូវីដ-១៩ ម៉ូដឺណា (Moderna) ចំពោះក្រុមមនុស្សអាយុតិច ក្រោយមានការកើតឡើងនូវជំងឺសរសៃឈាមបេះដូង បន្ទាប់ពីចាក់វ៉ាក់សាំងហើយ ។

មន្ត្រីសុខាភិបាលប្រទេសស៊ុយអ៊ែដនិយាយថា នឹងផ្អាកប្រើវ៉ាក់សាំងចំពោះមនុស្សកើតក្រោយឆ្នាំ ១៩៩១ ដោយបង្ហាញថា វាបានបង្កើនអាការជំងឺសាច់ដុំបេះដូង និងជំងឺរលាកស្រោមបេះដូង ក្នុងក្រុមមានអាយុតិចដែលបានចាក់វ៉ាក់សាំងម៉ូដេណារួច ២ ដូស ប៉ុន្តែហានិភ័យនៃផលប៉ះពាល់បែបនេះគឺតិចតួចណាស់ ។ ចំណែកប្រទេសហ្វាំងឡង់បានហាមឃាត់ការប្រើប្រាស់វ៉ាក់សាំង Moderna លើបុរសដែលកើតពីឆ្នាំ ១៩៩១ ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនម៉ូដេណាបាននិយាយថា អ្នកជំងឺមានអាការមិនធ្ងន់ធ្ងរទេ ហើយមាននិន្នាការជាសះស្បើយក្នុងរយៈពេលខ្លី ជាមួយនឹងការព្យាបាល និងបានសម្រាក ។ ចំណែកហានិភ័យនៃជំងឺគាំងបេះដូងកើនឡើងយ៉ាងខ្លាំងក្នុងចំណោមមនុស្សដែលបានឆ្លងមេរោគកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ គឺជាវិធីល្អបំផុតដើម្បីការពារវា ។

យោងតាមការសិក្សារបស់អាមេរិកបានបង្ហាញថា បុរសអាយុក្រោម ២០ ឆ្នាំដែលមានផ្ទុកមេរោគកូវីដ-១៩ មានលទ្ធភាពកើតជំងឺគាំងបេះដូង ៦ ដង ច្រើនជាងអ្នកដែលបានចាក់វ៉ាក់សាំង ។

ន័រវែស ហ្វាំងឡង់ ស៊ុយអែត និងដាណឺម៉ាក សុទ្ធតែផ្តល់អនុសាសន៍ថា បុរសអាយុក្រោម ៣០ ឆ្នាំត្រូវចាក់វ៉ាក់សាំង Pfizer ជំនួសវិញ ៕

ប្រភព matichon

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម