ថៃជួបរឿងធំ!!! WADA ហាមធ្វើម្ចាស់ផ្ទះកីឡា និងហាមប្រើទង់ជាតិថៃ

កីឡាថ្ងៃអាទិត្យ ទី10 ខែតុលា ឆ្នាំ2021 ម៉ោង 4:26 នាទី ល្ងាច

 

ប្រភពវេបសាយថៃ tnews

ប្រែសម្រួលដោយ សូរ្យរិទ្ធ៖

ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភព (WADA) ជាមូលនិធិដែលផ្តួចផ្តើមដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសកាណាដា ដើម្បីលើកកម្ពស់សម្របសម្រួល និងតាមដានការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងវិស័យកីឡា ។

ព័ត៌មានធំមួយបានរញ្ជួយដល់វិស័យកីឡានៅក្នុងប្រទេសថៃ នៅពេល WADA បានចេញសេចក្តីថ្លែងការណ៍ មិនទទួលស្គាល់ប្រទេសថៃ កូរ៉េខាងជើង និងឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិ ទាំងក្របខណ្ឌភូមិភាគ ទ្វីប ឬ សកលលោក ក្នុងរយៈពេល ១ ឆ្នាំ ។

WADA បង្ហាញកំហុសថា ថៃមិនបានប្រតិបត្តិតាមបទប្បញ្ញត្តិ «សារធាតុជម្រុញ ឬរំញោច» របស់ WADA ។ ចំណែកប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងជើង បានបំពានច្បាប់ មិនបញ្ជូនកីឡាករទៅធ្វើតេស្តសារធាតុញៀន ។ ប្រទេស ឥណ្ឌូ នេស៊ី និងកូរ៉េខាងជើង ត្រូវបានហាមឃាត់ដោយសារតែមជ្ឈមណ្ឌលត្រួតសារធាតុនៅក្នុងប្រទេសនេះ មិនមានឧបករណ៍រាវរកសារធាតុញៀនឲ្យមានប្រសិទ្ធភាព ។

ទោះយ៉ាងណា កីឡាករពីប្រទេស ៣ ខាងលើ អាចចូលរួមប្រកួតកម្រិតអន្តរជាតិបានធម្មតា ប៉ុន្តែប្រសិនបើកម្មវិធីប្រកួតណាមាន WADA និង IOC (គណៈកម្មាធិការអូឡាំពិកសាកល) ជាអ្នកមើលការប្រកួត ជាអាទិ៍ អូឡាំពិកហ្គេម ប្រទេសទាំង ៣ ខាងលើមិនអាចប្រើទង់ជាតិរបស់ខ្លួនក្នុងការប្រកួតបានឡើយ ។

ទង់ជាតិប្រទេសឥណ្ឌូនេស៊ី

ទង់ជាតិប្រទេសកូរ៉េខាងជើង

សម្រាប់ព្រឹត្តិការណ៍កីឡាដែលប្រទេសថៃនឹងប្រកួតក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីនេះគឺការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងប្រទេសចិន ចាប់ពីថ្ងៃទី ៤-២០ ខែកុម្ភៈ, កីឡាអាស៊ី Indoor and Martial Art Games នៅប្រទេសថៃ (កាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយទេ), កីឡាស៊ីហ្គេមលើកទី ៣១ នៅខែឧសភា នៅប្រទេស វៀតណាម, កីឡាពិភពលោក (World Games) នៅសហរដ្ឋអាមេរិក ចន្លោះថ្ងៃទី ៧-២២ ខែកក្កដា និងកីឡាអាស៊ីហ្គេមលើកទី ១៩ នៅទីក្រុងហាំងចូវ ប្រទេសចិន ចាប់ពីថ្ងៃទី ១០-២៥ ខែកញ្ញា ២០២២ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម