៣៣ ឆ្នាំ ព្រៃអាម៉ាហ្សូនវិនាសសម្បើម!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី12 ខែតុលា ឆ្នាំ2021 ម៉ោង 6:51 នាទី ល្ងាច

 

ប្រភពពី The Guardian

ដោយ សូរ្យសែង៖

៣៣ ឆ្នាំ ព្រៃអាម៉ាហ្សូនបានវិនាស ទាំងនៅក្នុងប្រទេសប្រេស៊ីល និងតំបន់ក្បែរព្រៃអាម៉ាហ្សូន និងប្រទេសជិតខាងជាច្រើនទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយយក្ស ដូចជា កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ របស់សហរដ្ឋអាមេរិក បានដាក់ការសង្ស័យ ថា ក្រោយពីការឈ្នះឆ្នោតរបស់ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ហើយបច្ចុប្បន្នលោក Jair ថាឧស្សាហកម្មបសុសត្វបានរីកចម្រើន ប៉ុន្តែតំបន់ព្រៃឈើបានថយចុះ ។

ស្ថានភាពព្រៃឈើអាម៉ាហ្សូននៅក្នុងប្រទេសប្រេស៊ីលដ៏សំខាន់ឥឡូវនេះ មើលទៅមិនសូវល្អប៉ុន្មានទេ ក្រោយពីអ្នកស្រាវជ្រាវបានសិក្សា និងសង្កេតអំពីការប្រែប្រួលយូរឆ្នាំឃើញថា សភាពព្រៃឈើកាន់តែយ៉ាប់យឺន និងវិនាសហិនហោចទៅៗ ដោយសារការកាប់ឈើបំផ្លាញ និង អំពើពុករលួយ ដែលបានប្រយោជន៍ឲ្យនាយទុនមួយក្តាប់តូច ។

កាលពីខែធ្នូ ឆ្នាំ ១៩៨៨ អ្នកចៀរជ័រជនជាតិប្រេស៊ីល និង ជាសកម្មជនបរិស្ថាន ឈិកូ ម៉ង់ដេស ព្យាករណ៍ថា ដំបូងគាត់គិតថានឹងនៅការពារដើមកៅស៊ូ តមកគាត់ត្រូវតស៊ូដើម្បីព្រៃអាម៉ាហ្សូន តែក្នុងពេលនេះគាត់និយាយថា តស៊ូដើម្បីមនុស្សជាតិ ។

ម៉ង់ដេស ត្រូវគេគំរាមធ្វើឃាត ដោយជនប្រដាប់អាវុធទៅក្រវែលផ្ទះរបស់គាត់រហូត ព្រោះលោក ម៉ង់ដេស បានប្រឆាំងនឹងម្ចាស់កសិដ្ឋានបសុសត្វយ៉ាងចំហ និងគាំទ្រសិទ្ធិមនុស្ស ។ ដើមកំណើតនៅអាងអាម៉ាហ្សូន ជនជាតិប្រេស៊ីលត្រូវតែជួយការពារព្រៃឈើ ដែលមានជីវចម្រុះបំផុតនៅលើពិភពលោក កុំបំផ្លាញវា យើងជាមនុស្ស មិនអាចបំផ្លាញខ្លួនឯងបានទេ ។

៣ ថ្ងៃមុនបុណ្យគ្រីស្តម៉ាសឆ្នាំ ១៩៨៨ ម៉ង់ដេស ត្រូវកូនប្រុសម្ចាស់កសិដ្ឋានបាញ់សម្លាប់ រឿងនេះបានផ្ទុះកក្រើកពេញពិភពលោក រហូតមកដល់ពេលដែលក្រុមប្រឹក្សាចៀរជ័រកៅស៊ូបានដឹងពីការធ្វើឃាតនេះ ក៏ចាត់ការប្តឹងដើម្បីការពារព្រៃអាម៉ាហ្សូន ។

តាំងពីលោក ម៉ង់ដេស បាត់បង់ជីវិតទៅ ព្រៃអាម៉ាហ្សូនត្រូវបំផ្លាញកាន់តែច្រើន ដែលឥឡូវនេះឃើញថា ផ្ទៃដីព្រៃឈើបានបាត់បង់ប្រមាណ ១ លានគីឡូម៉ែត្រក្រឡា ស្មើនឹងរដ្ឋតិចសាស និងរដ្ឋញូវមិស៊ិកូ ។ រឿងនេះមិនកើតតែក្នុងប្រទេសប្រេស៊ីលតែមួយប៉ុនណោះទេ គឺរាលដាលដល់ប្រទេសប៉េរូ កូឡុំប៊ី វេណេហ្ស៊ូអេឡា ស៊ូរីណាម ហ្គាយអាណា និង ហ្វ្រេនគៀណា ដែលជាព្រៃឈើតជាប់ជាមួយព្រៃអាម៉ាហ្សូន ដែលបាត់បង់ជាង ៨០.០០០ ហិកតារក្នុងមួយថ្ងៃ ឬស្មើនឹងទីលានបាល់ទាត់ ៤០ ដង ។

អ្វីដែលសំខាន់ដែលលោក ម៉ង់ដេស និយាយគឺ មនុស្សកំពុងរលំរលាយ ព្រោះព្រៃអាម៉ាហ្សូន គឺជា«សួតដ៏ធំរបស់ពិភព​លោក» វាជួយបឺតឧស្ម័នកាបូនឌីអុកស៊ីដរបសពិភពលោកទុក ដើម្បីឲ្យយើងរាល់គ្នាបានទទួលអុកស៊ីហ្សែនដកដង្ហើមរាល់ថ្ងៃ ។

កាលពីឆ្នាំ ២០០៤-២០១២ ការកាប់ព្រៃឈើមានចំនួនតិចតួច តែវាកើនឡើងនៅ ២ ឆ្នាំកន្លងមក ក្រោយពីលោក Jair Bolsonaro ឡើងជាប្រធានាធិបតី ។

ផ្ទៃដីព្រៃអាម៉ាហ្សូនដែលមានជីវៈចម្រុះដ៏អស្ចារ្យនេះ វាប្រៀបដូចជាបណ្ណាល័យវត្ថុមានជីវិត មិនថា ដើមឈើ បក្សី សត្វល្មូន ថនិកសត្វ សត្វល្អិត និងជាច្រើនទៀត ដែលមានការជ្រើសរើសតាមធម្មជាតិ ប៉ុន្តែវាហាក់ដូចជាបានក្លាយជាការជ្រើសរើសរបស់មនុស្ស ព្រោះឥឡូវនេះមានតំបន់ជាច្រើនទៀតសម្រាប់ចិញ្ចឹមសត្វ ជាពិសេសសត្វគោ ក្របីបានបញ្ចេញឧស្ម័នមេតានចូលទៅក្នុងបរិយាកាសនៅវាលស្រែក្បែរព្រៃអាម៉ាហ្សូន ។

ព្រៃអាម៉ាហ្សូន គឺជា«សួតដ៏ធំរបស់ពិភព​លោក» វាជួយបឺតឧស្ម័នកាបូនឌីអុកស៊ីដរបសពិភពលោកទុក ដើម្បីឲ្យយើងរាល់គ្នាបានទទួលអុកស៊ីហ្សែនដកដង្ហើមរាល់ថ្ងៃ

វាជាការសោកស្តាយដែលមនុស្សជាតិរបស់យើងមានភាពអាត្មានិយម ដែលពួកគេមិនឃើញតម្លៃអ្វីទាំងអស់ គ្រាន់តែឃើញប្រាក់ចំណេញពេញផលប្រយោជន៍ដែលពួកគេនឹងទទួលបាន ដូចដែលលោក Greta Thunberg ធ្លាប់និយាយថា មនុស្សជំពូកនេះមើលឃើញតែលុយប៉ុណ្ណោះ ប៉ុន្តែមិនដែលឃើញជីវិត និងផលវិបាករបស់វាទេ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម