មីយ៉ាន់ម៉ាខឹងខ្លាំង ! អាស៊ានមិនឲ្យ មីន អងឡាយ ចូលប្រជុំ ! សិង្ហបុរីនិយាយថា «ជាការសម្រេចចិត្តដ៏លំបាក តែចាំបាច់ត្រូវបង្កើតជំនឿជាក់របស់អាស៊ាន»

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី18 ខែតុលា ឆ្នាំ2021 ម៉ោង 6:39 នាទី ល្ងាច

 

បណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងអញ្ជើញអ្នកតំណាងដែលមិនមែនជាអ្នកនយោបាយមក ពីប្រទេសមីយ៉ាន់ម៉ា មកចូលរួមកិច្ចប្រជុំកំពូលចុងខែនេះ ។ នេះគឺជាការបដិសេធដែលមិនធ្លាប់មានពីមុនមក ចំពោះការធ្វើរដ្ឋប្រហាររបស់មេដឹកនាំយោធាប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈ ។

ការសម្រេចចិត្តរបស់រដ្ឋមន្ត្រីការបរទេសពីអាស៊ាន នៅឯកិច្ចប្រជុំបន្ទាន់នៅកាលយប់ថ្ងៃសុក្រ(ទី ១៥ តុលា) គឺជាដំណើរ ការដ៏ក្លាហានមួយសម្រាប់ក្រុមដែលបានមូលមតិគ្នាជាឯកច្ឆន្ទ ហើយក៏ជាប្រពៃណីគាំទ្រគោលនយោបាយនៃការចូលរួម និងមិនជ្រៀតជ្រែក ។

ប្រទេសប្រ៊ុយណេ ប្រធានអាស៊ានបច្ចុប្បន្ន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីកង្វះខាតនៃការវិវឌ្ឍន៍ ក្នុងផែនការបង្ហាញផ្លូវមួយដែលរបបយោធាបានយល់ព្រមជាមួយអាស៊ានកាលពីខែមេសា ឆ្នាំ២០២១ ដើម្បីស្តារសន្តិភាព នៅភូមាឡើងវិញ ។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានពោលកាលពីថ្ងៃទី សៅរ៍ ទី ១៦ តុលាថា ការមិនអញ្ជើញលោកឧត្តមសេនីយ៍ មីន អង​ឡាយ ចូលរួមប្រជុំ គឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែវាចាំបាច់ដើម្បីរក្សាជំនឿរបស់អាស៊ាន» ។

លោក ស មីនទុន អ្នកនាំពាក្យរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានថ្កោលទោសការជ្រៀតជ្រែកពីបរទេស ចំពោះការសម្រេចចិត្តនេះ ។ លោកប្រាប់ BBC ថា សហរដ្ឋអាមេរិក និងតំណាងសហភាពអឺរ៉ុប បានដាក់សម្ពាធប្រទេសសមាជិកអាស៊ាន ហើយថា ការសម្រេចចិត្តរបស់អាស៊ាន គឺប្រឆាំងនឹងមតិឯកច្ឆន្ទពីយូរអង្វែងមក ។

«មីយ៉ាន់ម៉ាមានការខកចិត្តយ៉ាងខ្លាំង ហើយប្រឆាំងដាច់ខាតចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដ៏បន្ទាន់នេះ ពីព្រោះការពិភាក្សា និងការសម្រេចចិត្តលើបញ្ហារបស់តំណាងមីយ៉ាន់ម៉ា ប្រព្រឹត្តទៅដោយគ្មានការឯកភាពគ្នា និងផ្ទុយពីវត្ថុបំណងរបស់អាស៊ាន ធម្មនុញ្ញអាស៊ាន និងគោលការណ៍របស់អាស៊ាន» សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធាបាននិយាយ ។

ប៊្រុយណេនិយាយថា អ្នកដែលមិនវាក់វិនជាមួយនយោបាយមីយ៉ាន់ម៉ា នឹងទទួលការអញ្ជើញចូលរួមប្រជុំកំពូលថ្ងៃទី ២៦-២៨ ខែតុលា ឆ្នាំ ២០២១ នេះ ។

«ដោយសារវឌ្ឍភាពមិនគ្រប់គ្រាន់ ក៏ដូចជាកង្វល់អំពីការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ា ជាពិសេសធ្វើការចរចាក្នុងន័យស្ថាបនារវាងគ្រប់ភាគីពាក់ព័ន្ធ ប្រទេសជាសមាជិកអាស៊ានមួយចំនួនបានលើកឡើងថា អាស៊ានគួរតែផ្តល់ឱ្យមីយ៉ាន់ម៉ានូវកន្លែងមួយ ដើម្បីស្តារកិច្ចការផ្ទៃក្នុង និងវិលត្រឡប់មករកភាពប្រក្រតីវិញ» ប៊្រុយណេនិយាយ ។ ប៉ុន្តែសេចក្តីថ្លែងការណ៍មិនបាននិយាយដល់ឈ្មោះលោក មីន អងឡាយ ឬ ឈ្មោះអ្នកដែលបានទទួលការអញ្ជើញឡើយ ។

ប៊្រុយណេបន្តទៀតថា រដ្ឋជាសមាជិកអាស៊ានមួយចំនួនបានទទួលសំណើពីរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា ដែលបង្កើតឡើងសម្រាប់ប្រជែងជាមួយរបបយោធា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ ។

អាស៊ានកំពុងប្រឈមនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីប្រកាន់ជំហរតឹងរ៉ឹងជាងមុនលើប្រទេសមីយ៉ាន់ម៉ា ។ កន្លងមកត្រូវបានគេរិះគន់ចំពោះការខកខានមិនបានដោះស្រាយជាមួយមេដឹកនាំដែលត្រូវបានចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបំភិតបំភ័យគូប្រជែងនយោបាយ ។

ចំណែកមន្ត្រីការបរទេសសហរដ្ឋអាមេរិកបា្រប់អ្នកកាសែតថា «ជាការស​មរម្យ និងមានហេតុផលសម្រាប់អាស៊ានដែលបន្ថយតួនាទីរបស់មីយ៉ាន់ម៉ាក្នុងការប្រជុំកំពូលអាស៊ាន» ។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីមានប្រសាសន៍ថា វានឹងអាស្រ័យលើរបបយោធាមីយ៉ាន់ម៉ា ដើម្បីសម្រេចជ្រើសរើសតំណាងបម្រុងនៅឯកិច្ចប្រជុំកំពូលនេះ។

«យើងមិនដែលគិតនឹងដកមីយ៉ាន់ម៉ាចេញពីអាស៊ានទេ យើងជឿថា មីយ៉ាន់ម៉ាមានសិទ្ធិដូចយើងដែរ ប៉ុន្តែរដ្ឋាភិបាលយោធាមិនផ្តល់ការសហការ ដូច្នោះ អាស៊ានត្រូវរឹងមាំក្នុងការការពារទំនុកចិត្ត និងភាពស្មោះត្រង់» រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី សៃហ្វុតឌិន អាប់ឌុលឡាហ៍ ពោល ៕

ប្រភព mgronline + REUTERS

ដោយលោក សូរ្យសែង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម