ប្រភព CNN
បកប្រែដោយ សូរ្យសែង៖
ទីភ្នាក់ងារព័ត៌មាន CNN របស់អាមេរិករាយការណ៍ថា ក្រុមហ៊ុនថៃ ក្នុងបរិបទកូវីដ-១៩ រាតត្បាតបានបញ្ជូនស្រោមដៃពេទ្យក្លែងក្លាយ (nitrile gloves) និង«ប្រើហើយ» ចូលសហរដ្ឋអាមេរិក និងប្រទេសជាច្រើនសិបលានស្រោម ដែលរឿងនេះខាងសហរដ្ឋអាមេរិក និងថៃកំពុងចាត់ការស៊ើបអង្កេត ។
កាលពីខែធ្នូ ឆ្នាំ ២០២០ មន្ត្រីសុខាភិបាលថៃ បានចូលទៅឆែកឆេរក្នុងឃ្លាំងមួយនៅជាយទីក្រុងបាងកក បានរកឃើញស្រោមដៃពេទ្យដែលប្រើហើយមានចំនួនយ៉ាងច្រើន និងប្រឡាក់យ៉ាងច្បាស់ ស្រោមខ្លះមានស្នាមឈាមផងដែរ ក្រៅពីនេះ គេបានរកឃើញថង់ប្លាស្ទិកមួយធុងដែលមានពណ៌ខៀវ និងស្រោមដៃមួយចំនួនទៀត ។
មន្ត្រីនិយាយថា កម្មករជាជនបរទេសបានព្យាយាមធ្វើស្រោមដៃទាំងនោះ ឲ្យទៅជាថ្មីវិញ រួចដាក់ក្នុងកញ្ចប់ប្រេនដ៍ដែលគេឃើញប្រើនៅក្នុងប្រទេសថៃ ។
CNN និយាយទៀតថា នៅមានឃ្លាំងបែបនេះក្នុងប្រទេសថៃជាច្រើនកន្លែងទៀត ដំណើរការមកទល់សព្វថ្ងៃនេះ ស្រោមដៃគុណភាពទាបរាប់សិបលានត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីចាប់យកឱកាសចំណេញ ចំពេលមានការកើនឡើងនៃតម្រូវការស្រោមដៃកៅស៊ូផ្នែកវេជ្ជសាស្ត្រ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។
របាយការណ៍ក៏បានដកស្រង់សម្តីពីលោក Douglas Stein ដែលបានបញ្ជាទិញឈុត PPE ពីអាស៊ីអស់រយៈពេល 10 ឆ្នាំមកហើយ បាននិយាយថា ស្រោមដៃ nitrile គឺជាទំនិញដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោកនាពេលនេះ ។
ប៉ុន្តែទោះបីជាមានហានិភ័យខ្ពស់ចំពោះមន្ត្រីជួរមុខ និងអ្នកជំងឺក៏ដោយ ក៏អាជ្ញាធរអាមេរិកនៅតែប្រឈមបញ្ហាក្នុងការជួញដូរខុសច្បាប់ នេះជាផ្នែកមួយដោយសារការនាំចូលឧបករណ៍វេជ្ជសាស្រ្ដត្រូវបានផ្អាកជាបណ្ដោះអាសន្នចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតរហូតមកដល់ពេលនេះ ។
ការរាតត្បាតកូវីដ-១៩ ធ្វើឲ្យសេចក្តីត្រូវការឧបករណ៍ការពារបុគ្គលិក ឬ PPE រួមទាំងស្រោមដៃ nitrile ពេទ្យមានសេចក្តីត្រូវការខ្ពស់ក្នុងទីផ្សារពិភពលោក ៕
រូបភាពពី Ben STANSALL / AFP