គួរឲ្យអាសូរណាស់ ពេលដឹងប្រវត្តិក្មួយប្រុសពាក់កាតវ៉ាក់សាំងនឹងថង់កៅស៊ូ និងគ្មានស្បែកជើងពាក់!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី02 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 7:41 នាទី ល្ងាច

ក្មេងប្រុសដែលឈរគ្មានស្បែកជើងពាក់ឈរតម្រង់ជួរ ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេសដែលបានទទួលការចាប់អារម្មណ៍​ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ លោក ឃឹម ហ្វីណង់ (Khim Finan) អភិបាលស្រុកបន្ទាយស្រីវ័យក្មេង រូបស្រស់សង្ហា បានបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ជូនសម្តេច និង សាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖

ក្មេងប្រុសតូចអាយុ ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ក្មួយប្រុសទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

ក្មួយប្រុសសីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារៈសិក្សាពីកម្មវិធី«តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ(Let’s Read & Toilet for Better Health 2021)» កាលពីថ្ងៃអាទិត្យទី៣១ ខែតុលាឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ។

 

ទាំងប្តី និងប្រពន្ធ ដែលជាឳពុកម្តាយរបស់ក្មួយ សីហា មិនមានទូរស័ព្ទប្រើប្រាស់នោះទេ តែប្រសិនបើមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ) ដែលត្រូវជាជីដូនរបស់ក្មួយប្រុសសីហាបាន ៕

 

ប្រភពហ្វេសប៊ុក ឃឹម ហ្វីណង់ - Khim Finan


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម