រដ្ឋប្រហារប្រល័យសេដ្ឋកិច្ចមីយ៉ាន់ម៉ា ក្រុមហ៊ុនបរទេសជាច្រើនដកចេញ

សេដ្ឋកិច្ចថ្ងៃសៅរ៍ ទី06 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 9:39 នាទី ព្រឹក

 

អត្ថបទ សូរ្យសែង៖

បឺរធីល លីនណឺ អ្នកកាសែតជើងចាស់ដែលតាមដានរឿងមីយ៉ាន់ម៉ារាប់សិបឆ្នាំមកហើយ បានសរសេរអត្ថបទវិភាគមួយចុះផ្សាយនៅក្នុងកាសែត Asia Times ថា ស្ថានការណ៍ដ៏ក្តៅគគុកនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុង៉ះទង្គិចយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ច ដោយសារការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី កុម្ភៈ ឆ្នាំ ២០២១ ដោយការងើបឡើងប្រឆាំងពីសំណាក់ប្រជាជនទូទាំងប្រទេស រហូតក្លាយជាសង្គ្រាមស៊ីវិល ។

ក្នុងអត្ថបទវិភាគសរសេរថា សេដ្ឋកិច្ចមីយ៉ាន់ម៉ាស្ថិតនៅក្នុងភាពរលំរលាយតាំងពីរដ្ឋប្រហារកើតឡើង តម្លៃប្រាក់ចាតធ្លាក់ចុះ ៦០% អង្ករឡើងថ្លៃ ៤០% ប្រេងឥន្ធនៈឡើងថ្លៃ ២ ដង បានហុចផលអាក្រក់នូវជីវភាពរស់នៅរបស់ប្រជាជនយ៉ាងលំបាក ។

ខ្លឹមសារបញ្ជាក់ទៀតថា ធនាគារពិភពលោក (World Bank) បង្អុលថា នៅឆ្នាំ ២០២២ ប្រជាជនមីយ៉ាន់ម៉ានឹងធ្លាក់ក្រ ២ ដង បើធៀបនឹងឆ្នាំ ២០១៩ ហើយគម្រោងការអភិវឌ្ឍនៃសហប្រជាជាតិ (UNDP) ព្យាករណ៍ថា ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណកន្លះប្រទេស ឬ ២៧ លាននាក់នឹងធ្លាក់ទៅក្នុងភាពក្រីក្រ ។

រឿងដែលសំខាន់មួយទៀត ក្រុមហ៊ុនបរទេសបានដកខ្លួនចេញ ឬលក់កិច្ចការ ដូចជា ថេលេន័រ (Telenor) បានលក់កិច្ចការទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា, ក្រុមហ៊ុនវ៉ុលតាលីយ៉ា (Voltalia) ជាក្រុមហ៊ុនថាមពល របស់បារាំង និងក្រុមហ៊ុនស្រាបៀរ Kirin របស់ជប៉ុន បានដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមហ៊ុន Benetton ក៏បានបញ្ឈប់ការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងក្រុមហ៊ុន Amata របស់ប្រទេសថៃ បានបញ្ឈប់ការសាងសង់ទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ ។

ការវិភាគបង្ហាញថា រហូត​មក​ដល់​ពេល​នេះ កងទ័ព​ភូមា​នៅ​តែឯកភាព​គ្នា និង​មានប្រាក់ រួមទាំងធនធានគ្រប់គ្រាន់ដើម្បីរស់បានជាច្រើនខែ ប៉ុន្តែ តើ​ការ​ផ្លាស់​ប្តូរ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ដែល​ហិរញ្ញវត្ថុ​ចាប់​ផ្តើម​រអាក់រអួល​ ហើយផលប្រយោជន៍​ដែល​បាន​ចែក​ដល់​មន្ត្រី​ថ្នាក់​កណ្តាល​ក៏​ចាប់ផ្តើម​ធ្លាក់​ចុះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម