អាហ្វហ្គានីស្ថាន៖ នរកលើដី ! ភាពអត់ឃ្លានបានបង្ខំលក់កូនស្រី ឲ្យទៅរៀបការជាមួយបុរសអាយុច្រើន

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី10 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 7:08 នាទី ល្ងាច

បកប្រែដោយ សូរ្យរិទ្ធ៖

លោក ប៊ីសលីយ៍ និយាយថា ៩៥% នៃប្រជាជនអាហ្វហ្គានីស្ថានមានអាហារមិនគ្រប់គ្រាន់ ខណៈដែល ២៣ លាននាក់កំពុងប្រឈមនឹងទុរ្ភិក្ស ៦ ខែបន្តពីនេះនឹងជួបហានិភ័យខ្ពស់ ដែលអ្នកកាសែតហៅថា «នរកលើដី» ។

តំបន់ជាច្រើនបានចាប់ផ្តើមជួបគ្រោះរាំងស្ងួត ដែលធ្វើឱ្យកាន់តែហន្តរាយជិតនឹងកើតឡើង ។ នៅក្នុងខេត្ត មីដានវ៉ារដាក់ ភាគខាងលិចទីក្រុងកាប៊ុល បុរសរាប់រយនាក់បានប្រមូលផ្តុំគ្នាដោយសង្ឃឹមថានឹងទទួលបានម្សៅពីកន្លែងចែកចាយផ្លូវការ ។ ម្សៅនេះត្រូវបានបរិច្ចាគដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (World Food Programme)។

«រដូវរងារជិតនឹងមកដល់ហើយ» បុរសជរាម្នាក់និយាយ ។ ឥឡូវនេះគម្រោងការ World Food ត្រូវព្យាយាមរកស្បៀងអាហារមកជួយប្រជាជនជាង ២២ លានជីវិត និងប្រឈមនឹងសភាពអាកាសរងារខ្លាំង​។ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ពិតហើយនេះជា «វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតក្នុងពិភពលោក» ។

ប្រទេសលោកខាងលិចបានបញ្ឈប់ផ្តល់ជំនួយ ព្រោះពួកគេក្រឡេកឃើញថា ការជួយពួកតាលីបង់ ដែលហាមមិនឲ្យក្មេង ស្ត្រី ទៅសាលារៀន និងបានដាក់ទោសទៅតាមគោលការណ៍គ្រប់គ្រងរបស់ច្បាប់អីស្លាម «សារីអាហ៍» មកប្រើវិញ ។

លោក ប៊ីសលីយ៍ បានអំពាវនាវឲ្យមេដឹកនាំប្រទេសលោកខាងលិច និងមហាសេដ្ឋីក្នុងប្រទេស អភិវឌ្ឍ និងងាកមកជួយស្ថានការណ៍អាសន្ននេះ ។ «ប្រសិនយើងព្រលែងឲ្យកុមារម្នាក់ស្លាប់ដោយការអត់ឃ្លាន ពួកយើងគួរខ្មាសអៀនណាស់» ។

នៅស្រុកបាមិយ៉ាន់ភាគកណ្តាលប្រទេស ដែលក្រុមតាលីបង់បំផ្លាញព្រះពុទ្ធរូបបូរាណដ៏ល្អស្អាតកាលពីឆ្នាំ ២០០១ ក្រុមអ្នកកាសែត BBC បានទៅជួបស្ត្រីមេម៉ាយ មានកូន ៧ នាក់ អាយុពី ៣ ដល់ ១៦ ឆ្នាំ ស្វាមីគាត់បានស្លាប់ដោយសារមហារីកក្រពះ​ គ្រួសារអ្នកស្រីក្រីក្ររស់នៅក្នុងរូងភ្នំ ក្បែរព្រះពុទ្ធរូបដែលត្រូវបំផ្លាញ ។

កាលពីរដ្ឋាភិបាលមុន គ្រួសារគាត់បានទទួលពីការចែកចាយម្សៅ និងប្រេង ប៉ុន្តែបានផ្អាកក្រោយក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេស ។ មុននេះគ្រួសារធ្លាប់បានកម្រៃតិចតួចពីការធ្វើស្រែនៅជិតខាង ប៉ុន្តែឥឡូវនេះគ្រោះរាំងស្ងួត ។ អ្នកស្រីនិយាយ «ខ្ញុំខ្លាច ខ្ញុំមិនមានអាហារឲ្យកូន អាចមិនយូរខ្ញុំនឹងទៅរកសុំអាហារពីមនុស្សដទៃ» ។

ក្នុងស្ថានភាពបែបនេះ ឪពុកម្តាយខ្លះបានសម្រេចចិត្តលក់កូនស្រីឲ្យទៅរៀបការជាមួយបុរសមានអាយុច្រើន ។ ប្រសិនបើគ្មានការចែកអាហារបរិភោគទេ គ្រួសារទាំងឡាយនឹងជួបគ្រោះអត់ឃ្លានពុំខាន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម