សន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិកមិនស្ងប់ ! កូរ៉េខាងត្បូងបញ្ជូនហ្វូងយន្តហោះទៅស្កាត់ ហ្វូងយន្តហោះចិន-រុស្ស៊ី

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី20 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 8:04 នាទី ល្ងាច

បកប្រែពីវេបសាយ thairath:

ដោយ អោម សាវុឌ្ឍ៖

បរិយាកាសសន្តិសុខនៅភូមិភាគអាស៊ី-ប៉ាស៊ីហ្វិក នៅតែមិនស្ងប់ចាប់តាំងពីមានកិច្ចប្រជុំកំពូលមេដឹកនាំសហរដ្ឋមេរិក-ចិន កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ដោយព័ត៌មានបរទេសរាយការណ៍ថា ថ្ងៃទី ១៩ វិច្ឆិកា កងបញ្ជាការសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានផ្សព្វផ្សាយថា តំបន់ការពារអាកាសរបស់កូរ៉េខាងត្បូង KADIZ បានត្រូវហ្វូងយន្តហោះចម្រុះរបស់ចិន និងរុស្ស៊ី ហោះទន្រ្ទាន រហូតមានការបញ្ជូនហ្វូងយន្តហោះទៅចាត់ការរាំងស្កាត់ ។

ការឈ្លានពានបានកើតឡើងនៅក្នុងតំបន់ការពារដែនអាកាសភាគឦសាន ដែលស្ថិតនៅក្នុងសមុទ្រជប៉ុន មានយន្តហោះចម្បាំង​រុ​ស្ស៊ី​ ៧​ គ្រឿង និង​យន្តហោះ​ចម្បាំង​ចិន ​២ គ្រឿង ហើយ​យន្តហោះ​បានហោះ​ឆ្លងកាត់​មួយ​រយៈពេល មុនពេលហោះចេញពីតំបន់នោះ ។ ក្នុងពេលជាមួយគ្នានេះ បញ្ជាការកូរ៉េខាងត្បូងបានបញ្ជាឱ្យបញ្ជូនក្រុមយន្តហោះចម្បាំង និង​យន្តហោះ​ចាក់​សាំង​នៅ​កណ្តាល​អាកាស​ ដើម្បីស្ទាក់ចាប់ ប៉ុន្តែខាងចិន និងរុស្ស៊ីបាន​បញ្ជាក់​ថា យន្តហោះ​ចម្បាំង​ចិន និង​រុស្ស៊ី​មិន​បានហោះ​ចូល​លុកលុយ​ដែនអាកាស​របស់​កូរ៉េខាងត្បូង​ទេ ។

ក្រោយ​មក កងទ័ព​ចិន​បាន​ពន្យល់​ថា ប្រតិបត្តិការនេះគឺជាការអនុវត្តធម្មតា ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ក៏​បាន​រាយការណ៍​ដែរថា រដ្ឋាភិបាលរុស្ស៊ីបានច្រានចោលជាយូរមកហើយនូវតំបន់ការពារដែនអាកាស KADIZ របស់កូរ៉េខាងត្បូង ខណៈដែលរដ្ឋាភិបាលចិនចាត់ទុកថា មិនមែនជាដែនអាកាសរបស់កូរ៉េខាងត្បូងទេ ដូច្នេះប្រទេស​នីមួយៗ​គួរ​មាន​សេរីភាព​ក្នុង​ការ​ហោះឆ្លងកាត់ ។ នៅដើមឆ្នាំ 2019 យន្តហោះចម្បាំងរបស់កងទ័ពអាកាសកូរ៉េខាងត្បូងបានបាញ់ព្រមានរាប់រយគ្រាប់ទៅលើយន្តហោះចម្បាំងរុស្ស៊ី បន្ទាប់ពីមានការឈ្លានពានដែនអាកាសកូរ៉េខាងត្បូង ក្នុង​ពេល​ធ្វើ​សម​យុទ្ធ​ជាមួយ​កង​ទ័ព​អាកាស​ចិន ឧបទ្ទវហេតុនេះក៏បានជំរុញឱ្យកងទ័ពអាកាសជប៉ុនបញ្ជូនយន្តហោះចម្បាំងទៅស្ទាក់ចាប់ផងដែរ ប៉ុន្តែ​រុស្ស៊ី​និង​ចិន ​ទាំង​ពីរនៅតែ​ទទូច​ថាមិនបានឈ្លានពានដែនអាកាសតាមមធ្យោបាយណាមួយឡើយ ។

នៅ​ថ្ងៃ​ដដែលទីភ្នាក់ងារព័ត៌មាន Reuters បាន​រាយការណ៍​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ស្នើ​ថវិកាទៅលើ​សន្តិសុខ​ពិសេស ភ្ជាប់ជាមួយផែនការជំរុញសេដ្ឋកិច្ច ដែលមានតម្លៃខ្ពស់បំផុតក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះ មានចំនួនជាង 700 ពាន់លានយ៉េន ហើយបញ្ជាក់ថា ថវិកាមួយចំនួនដែលបានលើកឡើង បានរៀបចំសម្រាប់ការទិញយន្តហោះឈ្លបយកការណ៍ ដើម្បីធ្វើឱ្យថវិកាសន្តិសុខរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធរហូតដល់ខែមីនា ឆ្នាំ 2022 ដល់ជាង 6 លានលានយ៉េន ។

រ៉យទ័រ​ក៏​បាន​បញ្ជាក់ផងដែរថា រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ជា​យូរ​មក​ហើយ​ក្នុង​ការ​លុប​បំបាត់​មុខមាត់​យោធា​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ ដោយ​រក្សា​ថវិកា​ការពារ​មិន​ឲ្យ​លើស ១ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ប៉ុន្តែដោយភាពកង្វល់ចំពោះសន្តិសុខក្នុងសមុទ្រចិនខាងកើត ​កងទ័ព​ចិន​កាន់​តែ​មាន​ឥទ្ធិពល នោះគោលដៅថ្មីមួយត្រូវបានកំណត់ឱ្យបានដល់ 2 ភាគរយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម