សម្តេចតេជោលែងធម៌ក្តៅ ប្រគល់ដាវអាជ្ញាសឹកដល់ស្ថាប័ន-ក្រសួង ចុះបង្ក្រាបដែនទន្លេសាបជាបន្ទាន់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី28 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 4:22 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ចាត់ទុកជាមហន្តរាយដ៏ធំធេងណាស់ចំពោះដែនព្រៃលិចទឹកនៅតាមដងទន្លេសាប ដែលជនខិលខូច ក្នុងនេះក៏មានមន្ត្រីដ៏អាក្រក់នាំគ្នាគុបគិត កាប់បំផ្លាញយ៉ាងអនាធិបតេយ្យ ដោយគ្មានខ្លាចក្រែងរអែងអ្វីបន្តិច ។

សារសំលេងរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃនេះ (២៨ វិច្ឆិកា) ក្តៅមួយពាន់អង្សា និងដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ បន្ទាន់ ដល់ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ឱម យ៉ិនទៀង ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងអន្តរក្រសួងពាក់ព័ន្ធ ត្រូវប្រើកម្លាំងរបស់ខ្លួនចុះទៅបង្ក្រាបឲ្យបានម៉ឺងម៉ាត់ និងឆាប់រហ័ស នៅដែនព្រៃលិចទឹកនៃដងទន្លេសាបតែមួយរបស់កម្ពុជា ដែលពួកទុច្ចរិតគ្មានខួរនាំគ្នាកាប់រំលោភធ្វើជាកម្មសិទ្ធិរបស់ខ្លួនជាយូរឆ្នាំមកហើយ និងត្រូវទទួលខុសត្រូវមុខច្បាប់ ។

សម្តេចមានប្រសាសន៍ថា «ដីព្រៃលិចទឹកដែលត្រូវពួកខិលខូចកាប់រានយកជាកម្មសិទ្ធិ ត្រូវដកហូតមកវិញទាំងអស់ ទាំងរបស់មន្ត្រី ទាំងរបស់ប្រជាជន ហើយយកដីទាំងនោះមកដាំដើមឈើឡើងវិញ ។ បញ្ជារបស់សម្តេច បានដាក់ចេញឲ្យនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើប្រតិបត្តិការមុន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីត្រួតពិនិត្យមើល ហើយត្រូវចាប់ខ្លួននូវបុគ្គលខិលខូចទាំងនោះ ។ សម្តេចក៏បានប្រគល់ដាវអាជ្ញាសឹកឲ្យឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចេញធ្វើសកម្មភាព ចុះស្រាវជ្រាវជាបន្ទាន់នូវមន្ត្រីណាដែលជាប់ព័ន្ធនឹងរឿងនេះ រួចបញ្ជូនទៅតុលាការកាត់ទោស ។ អ្វីដែលពាក់ព័ន្ធនឹងក្រសួងដែនដី ឯកឧត្តម ជា សុផារ៉ា សម្តេចបានដាក់បញ្ជាឲ្យធ្វើការឲ្យឆាប់រហ័ស »។

សម្តេចបានបញ្ជាក់ទៀតថា «មន្ត្រីដ៏អាក្រក់របស់យើងណាក៏ដោយដែលពាក់ព័ន្ធនឹងអំពើទុច្ចរិតនេះ កុំអាងខ្លួនធ្វើការយូរ បម្រើគណបក្សយូរ គឺមិនលើកលែងទេ គឺសមតែដេកគុក» ។ សម្តេចថា ចៅហ្វាយស្រុក ចៅហ្វាយខេត្តដែលប្រព្រឹត្តរឿងនេះ គឺមិនរួចខ្លួនឡើយ ហើយជនណាក៏ដោយដែលប្រព្រឹត្តក្នុងរឿងកាប់ព្រៃលិចទឹកនេះ មិនឲ្យរួចខ្លួន ហើយថែមទាំងរឹបអូសយកដីមកវិញ រួមទាំងទ្រព្យសម្បត្តិទាំងអស់ផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម