សូមជួយត្រេកអរផង ប្អូនស្រី សឿន បុប្ផា ដែលចាញ់បោកមេខ្យល់ឲ្យយកប្តីនៅចិន ហើយឲ្យ«មតិអ្នក»ជួយផ្សាយថ្ងៃមុន ឥឡូវបានមកដល់ទឹកដីខ្មែរហើយ!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី30 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 5:40 នាទី ល្ងាច

អត្ថបទលោក សូរ្យរិទ្ធ៖

បងប្អូនខ្មែរកុំទាន់អាលភ្លេច អត្ថបទមួយមានចំណងជើងថា «ជួយនាងផង ! ចាញ់បោកមេខ្យល់នាំទៅចិន ដង្ហោយ​ជួយពន្លឿនឲ្យនាងឆាប់បានមកស្រុក! » ផុសផ្សាយនៅក្នុងសារព័ត៌មានគេហទំព័រ «មតិអ្នក» និងគេហទំព័រ Khempire ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ ឥឡូវនាងបានមកដល់ភ្នំពេញ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយ ។

ក្រោយពីសារព័ត៌មាន ២ ផ្សេងទៀតចេញផ្សាយក្នុងខែកក្កដា ឆ្នាំ ២០២០ និង «មតិអ្នក» បានផុសផ្សាយមក ខាងស្ថានកុងស៊ុលខ្មែរប្រចាំនៅខេត្តក្វាចូវ ខេត្តហួណាម និងមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសកម្ពុជា បានខ្នះខ្នែងឆ្លងឆ្លើយគ្នាតាមតេឡេក្រាមផង តាមទូរស័ព្ទផង ដើម្បីរកវិធីឲ្យនាងឆាប់បានត្រឡប់មកស្រុកខ្មែរវិញ ។

សម្ភាសជាមួយយើង (មតិអ្នក) តាម Messenger នាង សឿន បុប្ផា បានអនុញ្ញាតបង្ហាញមុខក៏បាន និងរៀបរាប់ថា «ក្រោយពីប្តីនាងជាជនជាតិ​ចិន បាននាំនាងមកខេត្តហួណាម ដើម្បីរាយការណ៍ជូនប៉ូលីសនៅខេត្តនោះ បានជួយធ្វើការពន្លឿន ឲ្យនាងឆាប់បានវិលត្រឡប់មកស្រុកខ្មែរវិញ ។ សមដូចបំណងប្រាថ្នា ក្រោយ«មតិអ្នក» ផុសផ្សាយរយៈពេល ២ ខែ (២៧ កញ្ញា-២៥ វិច្ឆិកា ២០២១) នាងបានមកដល់ទឹកដីកម្ពុជា តាមជើងយន្តហោះ នៅម៉ោង ៤.២៦ នាទី ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ ការវិត្រឡប់លើកនេះ មាននារីពីរនាក់ ទាំងប្អូន បុប្ផា ដែលបានចាញ់បោកមេខ្យល់ទៅចិនដែរ ដែលឥឡូវនេះគាត់កំពុងស្នាក់នៅចត្តាឡីស័កជាមួយប្អូន សឿន បុប្ផា ដែរ ។

មកដល់ភ្នំពេញ នាងត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ នៅក្នុងសណ្ឋាគារមួយជិតវត្តបុទុម រាជធានីភ្នំពេញ ។ នាងមិនដឹងថា ខាងណាជាអ្នកចំណាយ ខាងរដ្ឋាភិបាល ឬអង្គការណាមួយជួយចេញថ្លៃទេ ទាំងសំបុត្រយន្តហោះ ទាំងការស្នាក់នៅធ្វើចត្តាឡីស័ក (អាហារ ៣ ពេល) តែសម្រាប់ការធ្វើចត្តាឡីស័កនៃជនជាតិខ្មែរកន្លងមក រាជរដ្ឋាភិបាលជាអ្នកជួយទាំងស្រុង ដូចពលករមកពីប្រទេសថៃដែរ ។

នាងពោលថា ប្តិនិងគ្រួសាររបស់នាងជាមនុស្សល្អ តែជាគ្រួសារមួយមានជីវភាពខ្សត់ខ្សោយ ដែលការត្រឡប់មកស្រុកខ្មែរនេះ ប្តី និងម្តាយឪពុកក្មេកចិន គាត់គ្មានអ្វីឲ្យនាងឡើយ នាងគ្មានប្រាក់មួយរៀលជាប់ខ្លួនទេ ប៉ុន្តែនាងមិនស្អប់ ឬខឹងពួកគាត់ឡើយ ពួកគាត់ជាមនុស្សល្អត្រឹមត្រូវ មិនដែលធ្វើបាប ឬហិង្សាអ្វីទេ ថែមទាំងយកចិត្តទុកដាក់ជួយឲ្យនាងបានមកកម្ពុជាវិញ ។ គាត់បានសន្យាថា នៅពេលមានប្រាក់នឹងផ្ញើមកឲ្យនាង»។

បុប្ផា បានថ្លែងអំណរគុណដល់សារព័ត៌មានដែលបានចុះផ្សាយពីពេលមុន ពិសេសសារព័ត៌មានគេហទំព័រ «មតិអ្នក» ដែលបានជួយផុសផ្សាយ ថែមទាំងសែរលើបណ្តាញគ្រុប (Moha Group, Khempire) ដ៏មានប្រសិទ្ធភាព និងថ្លែងអំណរគុណរាជរដ្ឋាភិបាល ក្រសួងការបរទេសកម្ពុជា និងស្ថានកុងសុលខ្មែរនៅប្រទេសចិន (ក្វាងចូវ​ ហួណាម) អង្គការពាក់ព័ន្ធ រួមទាំងប៉ូលិសប្រចាំខេត្តទាំងពីរ បានឲ្យជីវិតនាងហោះមកដល់មាតុប្រទេសនៃស្រុកកំណើត ជួបជុំឪពុកម្តាយ បងប្អូន សាច់ញាតិទាំង ៧ សន្តាន រួមមិត្តភក្តិផងដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម