ពូជនាគខ្មែរ ពូជអច្ឆរិយៈ ! កេរ្តិ៍ដំណែលខ្មែរ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែធ្នូ ឆ្នាំ2021 ម៉ោង 10:31 នាទី ព្រឹក


ដោយលោក សុខ គឹមហេង (kerdomnelkhmer)

ពូជនាគខ្មែរ ពូជអច្ឆរិយៈ (បកស្រាយតាមទស្សនខ្មែរ)

ឯកសារនេះយើងបានដកស្រង់ពីគេហទំព័រ កេរ្តិ៍ដំណែលខ្មែរ(kerdomnelkhmer) ដែលជាស្នាដៃរបស់ក្រុមការងារ និងជាអ្នកជំនាញស្រាវជ្រាវពីប្រវត្តិសាស្ត្រ វប្បធម៌ខ្មែរ ដែលមានបំណងឲ្យកូនខ្មែរជំនាន់ក្រោយៗយល់ដឹងពីប្រវត្តិសាស្រ្តដ៏ល្អឯករបស់ដូនតាខ្មែរ និងថែក្សាឲ្យបានគង់វង្ស ។

ដើម្បីជាការតបស្នងសងគុណទៅលើមាតុភូមិ ដែលបានផ្ដល់កំណើត ផ្ដល់អាហារ ផ្ដល់អ្វីៗគ្រប់យ៉ាងដែលជាកេរមរតកមិនអាចកាត់ថ្លៃបាន។ ក្នុងនាមជាកូនខ្មែរ កើតនៅលើដីខ្មែរ បរិភោគអាហារដែលដាំលើដីខ្មែរ សូមឆ្លៀតឱកាសបកស្រាយអំពីនាគខ្មែរ ដែលជាអត្តសញ្ញាណខ្មែរ ដែលពីមុនយើងមិនដែលបានស្គាល់អំពីនាគខ្មែរពិតប្រាកដ គឺជឿតែទៅលើការបកស្រាយរបស់បរទេស ដែលបង្វែងការពិតរបស់អត្តសញ្ញាណជាតិយើង ។

ត្បិតអ្វីឯកសារ និង ធនធានអ្នកប្រាជ្ញខ្មែរត្រូវបានគេកម្ទេចស្ទើរគ្មានសល់ ជាភ័ព្វសំណាង ដូនតាខ្មែរដែលជាកំពូលអ្នកប្រាជ្ញ ពូជនាគ ពូជអច្ឆរយៈបានដឹងហើយថា អនាគតប្រាកដជាមានប្រទេសនានាច្រណែន នឹងធ្វើការឈ្លានពានទឹកដី បំផ្លាញឯកសារ បំភ្លៃការពិត ហេតុដូចនេះទើបពួកគាត់បានរក្សា ឯកសារ ប្រវត្តិ អត្តសញ្ញាណជាតិនៅនឹងថ្ម (សិលាចារិក) ពីព្រោះមានតែថ្មទេ ដែលអាចរក្សាឯកសាររូបមិនចេះសាបសូន្យ ហើយស្ថិតស្ថេរយូរអង្វែង ប្រសិនមិនត្រូវបានបំផ្លាញ ។

ជាងនេះទៅទៀត ការរក្សានៅមួយកន្លែងគឺច្បាស់ជាមិនល្អទេ ដូចនេះដូនតាខ្មែរបានឆ្លាក់រឿងរ៉ាវនៃនគរនេះ នៅលើប្រាសាទរាប់ពាន់ លើដី លើភ្នំ ក្នុងទឹក ព្រមទាំងទុកជាប្រស្នា ក្នុងរឿងព្រេង ទំនៀមទំលាប់ ឈ្មោះភ្នំ ភូមិ ឃុំ ឈ្មោះប្រាសាទ និង និមិត្តរូបជាច្រើនទៀត ដែលលោកសង្ឃឹមថា ពូជនាគ ដែលជាពូជអ្នកប្រាជ្ញ នឹងមើលយល់នូវប្រស្នាទាំងនោះជាមិនខាន ។

ជាអកុសល កូនខ្មែរជំនាន់ក្រោយបានតែ មើលនឹងភ្នែក មិនបានមើលនឹងថ្ងាសការទៅទស្សនាប្រាសាទនានា ឬ ទីកន្លែងនានា គ្រាន់តែដើរកាត់ហើយមើលថ្ម ពុំមានគំនិតពិចារណា ថាតើដូនតាបានលាក់អាថ៌កំបាំង ប្រស្នាអ្វីដើម្បីអោយកូនខ្មែរ ស្វែងយល់ពីប្រវត្តិ និង អត្តសញ្ញាណខ្លួន ។

នាគខ្មែរ

បងប្អូនជាច្រើនតែងយល់ខុសថា ពូជខ្មែរប្រហែលជាកូនចៅឥណ្ឌាទេដឹង? ប្រសិនបើយើងមើលតាមរឿងព្រេងខ្មែរប្រចាំប្រទេស រឿង ព្រះថោងនាងនាគយើងនឹងដឹងថា ព្រះនាងនាគ ដែលជាបឋមក្សត្ររបស់ខ្មែរ បាននៅនគរគោកធ្លកនេះតាំងពីយូរយារណាស់មកហើយ ហើយព្រះថោងជាក្សត្រដែលមកពីទីផ្សេងមករៀបអភិសេក ហើយបាននាំយក សាសនា ស្ថាបត្យកម្ម ចូលមកផ្សព្វផ្សាយតាមក្រោយប៉ុណ្ណោះ ។

មូលហេតុអ្វីបានជាបឋមក្សត្ររបស់ខ្មែរយើងអោយឈ្មោះថា «នាងនាគ»នាងនាគគ្រាន់តែឈ្មោះជានិមិត្តរូបតែប៉ុណ្ណោះមិនមែនបុត្រីស្ដេចភុជុង្គនាគនោះទេ ។ ព្រះពុទ្ធទ្រង់សម្តែងថា មនុស្សកើតពីមនុស្ស តិរច្ឆានកើតពី តិរច្ឆាន ដូចនេះដូចតាខ្មែរ ដែលបានបង្កើតពូជពង្សខ្មែរដែលជាមនុស្សនោះ មិនមែនកើតចេញពីសត្វនាគ ឬ ស្ដេចភុជុង្គនាគនោះទេ ។

ចុះពាក្យថា«នាគ»សម្គាល់លើអ្វីទៅវិញ? ចូរពិនិត្យក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាតយើងនឹងឃើញមានន័យជាច្រើន ចូរទៅស្វែងយល់អត្ថន័យទាំងនោះដោយខ្លួនឯងចុះ។ ចំណែក«ព្រះនាងនាគ»សំដៅទៅលើ នារី ចម្បង ប្រសើរ បរិសុទ្ធ ដែលមានសមត្ថភាពគ្រប់គ្រងនគរអោយបានរីកចម្រើន ។

ហេតុដូចនេះហើយទើបបានបន្សល់នូវ វប្បធម៌ ដែលយកនារីជាធំ មាតាធិបតេយ្យ ដែល អំណះអំណាងក្នុងការប្រើពាក្យមេ ៖មេដៃ មេជើង មេគ្រួសារ មេស្រុក មេភូមិ មេកន្ទ្រាញ មេទ័ព មេពួក មេបុណ្យ មេចោរ មេពុករលួយ មេបន មេធ្មប់ មេស្រា មេត្រប៉ែ មេទឹកត្នោត មេបា មេអណ្ដើក មេខ្ញែរ មេការ មេជាង មេដំបូល មេសោរ មេលេខ មេគុណ មេសូត្រ មេកាព្យ មេពាក្យ មេវត្ត មេកុដិ ព្រះមេ មេទឹក មេគង្គ។ស្របនឹងសុភាសិតរបស់ដូនតាខ្មែរថា «ស៊ូស្លាប់បា កុំអោយស្លាប់មេស៊ូលិចទឹកកណ្កាលទន្លេ កុំអោយភ្លើងឆេះផ្ទះ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម