ការស្នងតំណែងរបស់លោក ហ៊ុន ម៉ាណែត ដោយការបោះឆ្នោត តើមានអ្វីដែលត្រូវភ្ញាក់ផ្អើល... បើនិន្នាការ «មរតកផ្ទេរអំណាច»របស់ប្រទេសសេរីលើពិភពលោកក៏មានដូចគ្នា?

នយោបាយថ្ងៃសុក្រ ទី03 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:04 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

គេនៅចាំបានថា កាលពីខែមិថុនា ឆ្នាំ ២០២០ គណបក្សប្រជាជនកម្ពុជា បានតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រមុខយុវជននៃគណបក្សប្រជាជន ស្របពេលដែលសារព័ត៌មានបរទេស ដោយឡែកសារព័ត៌មាន Manager online (mgronline) របស់ថៃ បានលើកយករឿងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលគាំទ្រឲ្យលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងធ្វើជាប្រធានយុវជននៃគណបក្សនៅពេលនោះ ត្រូវកាសែតបរទេសសរសេរថា ការតែងតាំងនេះធ្វើឱ្យគេរំពឹងថា គាត់កំពុងរៀបចំខ្លួនដើម្បីដឹកនាំប្រទេសបន្ទាប់ពីឪពុករបស់គាត់ ។

 

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អាយុ ៤៣ ឆ្នាំ បានបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធា West Point សហរដ្​ឋអាមេរិក និងកាន់តំណែងជាន់ខ្ពស់នៅក្នុងជួរកងទ័ពកម្ពុជាសព្វថ្ងៃ ហើយពេលមានអាសន្នរឿងកូវីដ១៩ លោក ហ៊ុន ម៉ាណែត មានតួនាទីជាអ្នកដឹកនាំ និងប្រតិបត្តិការលើការងារប្រយុទ្ធយ៉ាងសកម្មប្រឆាំងនឹងការរីករាលដាលផងដែរ ។ លោក ហ៊ុន ម៉ាណែត បានទទួលការគាំទ្រពីគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិក ៨៦៥ នាក់នៅឆ្នាំ ២០១៨ ដើម្បីក្លាយជាសមាជិកអចិន្រ្តៃយ៍របស់គណបក្សដែលមានចំនួន ៣៧ រូប ដែលចំនួននេះ មានទំនួលខុសត្រូវក្នុងការរៀបចំគោលនយោបាយរបស់គណបក្ស ។

 

កាលនោះលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងឡើងជាប្រធានយុវជនគណបក្សប្រជាជន លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានប្រៀបធៀបស្ថានភាពមរតកស្នងតំណែងនេះទៅនឹងរឿងរ៉ាវនៃការគ្រប់គ្រងប្រព័ន្ធ«សូហ្គុន» របស់ត្រកូល «តូគុកាវៈ» របស់ជប៉ុន ដែលបញ្ជូនអំណាចពីមួយជំនាន់ទៅមួយជំនាន់ដោយគ្រប់គ្រងប្រទេសអស់ ២៥០ ឆ្នាំ ។ គាត់បានពិពណ៌នាអំពីការតែងតាំងលោក ហ៊ុន ម៉ាណែត ថាជាការបង្ហាញរដ្ឋាភិបាលតាម​ប្រព័ន្ធ«ស៊ូហ្គុនខ្មែរ» ដើម្បីគ្រប់គ្រង ទោះបីកម្ពុជាគ្រប់គ្រងដោយការបោះឆ្នោតបែបប្រជាធិបតេយ្យក៏ដោយ ។

ត្រង់នេះសម្តេចតេជោបានមានប្រសាសន៍ថា នៅប្រទេសជប៉ុន គេផ្ទេរអំណាចទាំងពូជ ដូចជាជីតា ស៊ីនហ្សូ អាបេ និងគាត់រហូតមកដល់បច្ចុប្បន្នធ្វើជានាយករដ្ឋមន្ត្រីរាប់អាណត្តិ ឯលោកត្រកូល យូស៊ីហៈ ស៊ូងៈ ក៏កាន់តំណែងទាំងពូជដែរ ។

សម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រមុខរដ្ឋាភិបាលអស់រយៈជាងសាមសិបឆ្នាំមកហើយ ពីបាតដៃទទេ រហូតមានអ្វីសព្វគ្រប់ ហើយតែងចាត់ទុកលោក ហ៊ុន ម៉ាណែត ជាអ្នកស្នងតំណែងដ៏មានសក្តានុពលទាំងយោធា ស៊ីវិល និងពោរពេញដោយគុណធម៌ សុភាពរាបសាទន់ភ្លន់ មានប្រជាប្រិយភាពពីមន្ត្រីរាជការ ថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ស្រទាប់របស់គាត់ ។ នេះជា «​ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» មានន័យគ្រប់គ្រាន់ថា គន្លងកូនច្បងដែលត្រូវដើរ គឺថែរក្សាសន្តិភាព ការពាររបបរានិយម អភិវឌ្ឍប្រទេសឲ្យរុងរឿងដូចឃើញសព្វថ្ងៃស្រាប់ និងឲ្យតែការពារប្រទេសមានបូរណភាពរឹងប៉ឹង រីកចម្រើនរុងរឿង នោះជាសេចក្តីសុខរបស់ខ្មែរហើយ!

 

នៅលើពិភពលោកសព្វថ្ងៃ និន្នាការវាហាក់ឆ្ពោះទៅកាន់ «មរតកអំណាច» ទៅហើយ គេប្រៀបធៀបបាន យើងក៏ប្រៀបធៀបបានដូចគ្នា ដោយឡែកប្រទេសជប៉ុនដែលជាប្រទេសសេរីមួយនៅលើពិភពលោក រហូតធ្វើបាន ២៥០ ឆ្នាំឯណោះ ។

ប្រធានាធិបតីហ្វីលីពីន រ៉ូដរីហ្គោ ឌូតេរតេ បានរៀបជើងព្រួលឲ្យកូនស្រីឈរឈ្មោះជាបេក្ខជនតំណែងជាមេដឹកនាំបន្ត ក្រោយពីលោកបញ្ចប់អាណត្តិជាប្រធានាធិបតី និងត្រៀមចូលនិវត្តន៍នៅពាក់កណ្តាលឆ្នាំក្រោយ ប៉ុន្តែត្រង់កូនស្រីស្ម័គ្រ ឬមិនស្ម័គ្រជារឿងបុគ្គល ។ ចំណែកកូនប្រុសរបស់ ហ៊្វែរដឺណង់ ម៉ាកូស អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន ក៏ត្រៀមឈរឈ្មោះបោះឆ្នោតលើកនេះដែរ ។

ខាងគណបក្សភឿថៃ (ក្រុមអាវក្រហមថៃ) នៅពេលថ្មីៗនេះ មានរឿងសំខាន់គឺលេចមុខតួអង្គថ្មីគឺលោកស្រី ភេត ថងថាន ឈិនវ៉ាត់ ឬ «អ៊ុងអ៊ីង» កូនស្រីរបស់លោក ថាក់ស៊ីន ឈិនវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ បានតែងតាំងជាប្រធានក្រុមទីប្រឹក្សាគណបក្សភឿថៃ ដើម្បីហក់ចូលធ្វើនយោបាយ ក្នុងនាមមនុស្សជំនាន់ថ្មី អមដោយសហការីជំនាន់ចាស់ដែលមានបទពិសោធនៅអម ។ នៅពេលអ្នកកាសែតសួរថា នៅពេលអនាគតតើបន្ត«ឧត្តមគតិ បែប ថាក់ស៊ីន ឈិនវ៉ាត់» ជាឪពុកឬទេ? អ៊ុងអ៊ីង ឆ្លើយថា «យើងទៅដល់ទីណា ក៏ជាកូនរបស់លោកឪពុក នាងខ្ញុំនឹងធ្វើជាទីប្រឹក្សាដ៏ល្អបំផុត» ។

នេះហើយជាយុគសម័យ «រលកថ្មី» លើដែនដីចាស់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម