ជោគជ័យអ្វីខ្លះ នៅពីក្រោយការប្រកួតរបស់កញ្ញា ប៉ូ គីមថេង សុធីតា នៅ Miss Grand International 2021 ?

តារាថ្ងៃអាទិត្យ ទី05 ខែធ្នូ ឆ្នាំ2021 ម៉ោង 12:57 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

Miss Grand International 2021 ដែលបានបញ្ចប់នៅរាត្រីថ្ងៃទី ៤ ធ្នូ នៅប្រទេសថៃ ថ្វីត្បិតកញ្ញា ប៉ូ គីមថេង សុធីតា មិនទទួលបានមកុដពាក់នៅលើក្បាលក៏ដោយ តែក៏បានទទួលជានារីមានប្រជាប្រិយ (Popular)​ សម្រស់ស្អាត Top 10 ឈ្នះស្ត្រីលើពិភពលោកដែលមានជិត ២០០ ប្រទេស ហើយប្រជាជាតិ និងមាតុប្រទេសរបស់ខ្មែរក៏បានបានទទួលនូវកិត្តិយសច្រើនយ៉ាងផ្សេងទៀត ដូចខាងក្រោម ។

ទី ១. បានបង្ហាញឲ្យពិភពលោកកាន់តែជ្រួតជ្រាបច្បាស់ ពីអារ្យធម៌ អរិយធម៌ ថាខ្មែរជាមហាអំណាចវប្បធម៌លើពិភពលោក ជាអ្នកសាងប្រាសាទអង្គរដ៏មហស្ចារ្យ មានដើមកំណើតអក្សរសាស្ត្រ និងលេខនិពន្វជារបស់ខ្មែរ ឲ្យក្រសែភ្នែកប្រជាជនលើពិភពលោករាប់រយលាននាក់បានដឹងពិតៗ ទោះប្រទេសណាលួចចម្លងកាឡៃបែបណា ក៏ពិភពលោកបានដឹងថាអង្គរវត្តជាស្នាព្រះហស្តរបស់ព្រះមហាក្សតខ្មែរជាអ្នកសាងពិតប្រាកដ ។

ទី ២. បានបង្ហាញពីទឹកចិត្តប្រជាជនខ្មែរ ចេះស្រឡាញ់ សាមគ្គីភាពគ្នាជាឈាមតែមួយនៅលើឆាកអន្តរជាតិ ក្នុងពេលដែលមានព្រឹត្តិការណ៍អ្វីកើតឡើង គឺនាំគ្នាបរិច្ចាគជាថវិកាផ្ទាល់ខ្លួន មានអ្នកមានៗជាច្រើន ដូចជាលោកស្រី ទ្រី ដាណា និងប្រជាជនសាមញ្ញៗ សុទ្ធតែមានសន្តានចិត្តល្អចំពោះការជួយខ្មែរនឹងខ្មែរ ។  អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ Miss Grand ប្រទេសផ្សេងៗបានសួរកញ្ញា សុធីតា ថា «ហេតុអ្វីប្រជាជនអ្នកឯងនាំគ្នាសែរ (Share) និង ឡាច (Like) ច្រើនម្ល៉េះ?» នេះដោយសារប្រជាជនខ្មែរចេះសាមគ្គីស្រឡាញ់គ្នាជាធ្លុងមួយ ។ នេះបើតាម សុធីតា និយាយប្រាប់នៅក្នុងបណ្តាញសង្គម Tik Tok ។

ទី ៣. បង្ហាញថា យុគសម័យនៃបច្ចេកវិទ្យាទីផ្សារឌីជីថល ការប្រើប្រាស់បណ្តាញសង្គម ប្រជាជនខ្មែរ ពិសេសយុវជនយើងកាន់តែមានចំណេះយល់ដឹងច្រើនឡើងៗ និងមានការរីកចម្រើនគួរកត់សម្គាល់ឲ្យភ្នែករបស់ពិភពលោកបានដឹង ឃើញ ។ ការតម្រូវឲ្យបោះឆ្នោត (Vote) ទៅលើបេក្ខនារីរបស់ប្រទេសខ្លួនតាមបណ្តាញសង្គម មានដូចជា ហ្វេសប៊ុក (Facebook) និង អ៊ីនស្តាក្រាម (Instagram) គឺខ្មែរធ្វើបានល្អណាស់ នាំគ្នា Like និង Share ភ្លូកទឹកភ្លូកដី Copy Link ឲ្យគ្នារហូតនាំមុខគេតាំងពីចាប់ផ្តើម តែអកុសល អ្វីដែលកញ្ញា សុធីតា យើងមិនបានទទួលមកុដវាជារឿងផ្សេង ។

ទី ៤. បានបង្ហាញពីស្ត្រីខ្មែរជាប្រជាជាតិមួយមានស្នាមញញឹម រួសរាយរាក់ទាក់មានចរិយាធម៌ រាបសា ទន់ភ្លន់ល្វតល្វន់ តែមានសមត្ថភាព ក្លាហាន អង់អាច ដូច្នេះហើយទើបថ្មីៗនេះ តាមរយៈការបោះឆ្នោតទេសចរណ៍ពិភពលោក ខ្មែរជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ។

ទី ៥. បង្ហាញពីស្នាដៃក្រុមការងារចូលរួមប្រកួតរបស់ខ្មែរ បាននាំគ្នាច្នៃម៉ូដ លម្អដោយក្បាច់រចនាបុរាណខ្មែរសុទ្ធសាធ បង្កប់អត្ថន័យនៅក្នុងសម្លៀកបំពាក់ប្រពៃណីជាតិដ៏ល្អឯក ធ្វើឲ្យប្រជាជនពិភពលោកព្រឺរោម ពិតជាគ្មានពីរនៅលើលោកនេះ ។

យើងសង្ឃឹមថា ការប្រកួតលើកក្រោយៗ បេក្ខនារីខ្មែរនឹងធ្វើបានល្អដូចនេះ ឬជាងនេះ ដើម្បីកាន់តែឲ្យប្រជាជនលើពិភពលោកមើលឃើញថា «ខ្មែរមិនមែនពូជសាសន៍ធម្មតា» ។

តាមកញ្ញា សុធីតា និយាយប្រាប់តាម Tik tOK ថា នាងនឹងមកដល់ម៉ោង ១២ ថ្ងៃត្រង់ ទី ៥ ខែធ្នូនេះ ។

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម