UN និយាយថា ប្រទេសមីយ៉ាន់ម៉ាជួបវិបត្តិធ្ងន់ធ្ងរ ប្រជាជនកន្លះប្រទេសធ្លាក់ខ្លួន «ក្រីក្រ»

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី06 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:10 នាទី ល្ងាច

ប្រភពពី prachachat

ដោយ សូរ្យសែង៖

៩ ខែ​ក្រោយ​កងទ័ព​មីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ បានធ្វើឱ្យជីវភាពរស់នៅរបស់មីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនទៅៗ ទាំងនឹងសិទ្ធិសេរីភាព រហូតដល់សេដ្ឋកិច្ច ព្រោះ​ក្រោយ​យោធា​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល ក្រុម​មូលធន​នៃ​ក្រុមហ៊ុន​ពហុជាតិ​បាន​ដកខ្លួន​ពីការ​វិនិយោគ ​គេច​ពី​ភាព​ចលាចល​នយោបាយ រួមជាមួយនឹងស្ថានភាពជំងឺកូវីដ-១៩ ការរីករាលដាលធ្ងន់ធ្ងរទៀត ។

មុននេះ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាឆ្នាំ ២០២១ នឹង​ធ្លាក់​ចុះ​ ១៨% ហើយ​ប្រសិន​បើ​ស្ថានការណ៍​ក្នុង​ប្រទេស​នៅ​តែ​មាន​ភាព​វឹកវរ​ វានឹងធ្វើឱ្យវិបត្តិសេដ្ឋកិច្ចអូសបន្លាយពីឆ្នាំ ២០២២ ដល់ឆ្នាំបន្តៗរហូត ។

គម្រោងការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានផ្សព្វផ្សាយក្នុងរបាយការណ៍សប្តាហ៍កន្លងមកថា ការស្ទង់មតិអំពីជីវភាពរបស់ប្រជាជនមីយ៉ាន់ម៉ា ១.២០០ គ្រួសារ ចាប់តាំងពីក្រោយរដ្ឋប្រហារ ១ កុម្ភៈ ឃើញថា ភាពក្រីក្រនៃគ្រួសារ​មីយ៉ាន់ម៉ាមានទំនោរទៅរក «ការធាក់ថយ» ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក តាំង​ពី​ឆ្នាំ​២០០៥ ឬ​មុន​ពេល​ប្រទេស​នេះ​​ធ្វើ​កំណែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ​២០១១ ។

UNDP ដែលបានស្ទង់មតិទិន្នន័យសុខុមាលភាពគ្រួសារសម្រាប់ខែឧសភាដល់ខែមិថុនាឆ្នាំ ២០២១ បាននិយាយថា ផលវិបាកនៃវិបត្តិធ្ងន់ធ្ងរពីរដ្ឋប្រហារ បូក​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩នេះនាំឱ្យអ្នករស់នៅក្នងទីប្រជុំជនមានចំណូលទាប ជាង ១,៩០ ដុល្លារ (ប្រមាណ ៧.៦០០រៀល)ក្នុងមួយថ្ងៃ សូម្បី​តែ​វណ្ណៈ​កណ្តាល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជាពិសេសដូចជាទីក្រុងយ៉ាំងហ្គោន ឬ ទីក្រុងម៉ាន់ថៈលឺយ នឹងរលាយរូប ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។

រស់នៅលើផ្លូវដែក៖ ភាពក្រីក្រនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា

UNDP បានព្យាករណ៍ថា នៅឆ្នាំក្រោយនឹងមានប្រជាជនមីយ៉ាន់ម៉ាដែលមានប្រាក់ចំណូលទាបជាងបន្ទាត់ភាពក្រីក្រ នឹងកើនឡើងទ្វេដងពី ២៤,៨% ទៅ ៤៦,៣% នៃចំនួនប្រជាជន ខណៈដែលសមាមាត្រនៃភាពក្រីក្ររបស់ប្រជាជននៅទីក្រុងនឹងកើនឡើងពី ១១,៣% ក្នុងឆ្នាំ ២០១៩ ដល់ ៣៧,២% នៅឆ្នាំ ២០២២ ។

មានន័យថា បច្ច័យពីមេរោគកូវីដ១៩ និងរដ្ឋប្រហារ អាចធ្វើឲ្យមនុស្សមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងភាពក្រីក្រកើនឡើងយ៉ាងតិច ១២ លាននាក់ បើបូកទាំងអ្នកក្រីក្រពីមុនមានចំនួន ២៥ លាននាក់ ឬស្មើពាក់កណ្តាលនៃប្រជាជនទូទាំងប្រទេស ៥៥ លាននាក់ ក្លាយជាអ្នកក្រនៅដើមឆ្នាំ ២០២២ ដែលជាកម្រិតនៃភាពក្រីក្រមិនធ្លាប់មានតាំងពីឆ្នាំ ២០០៥ មក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម