អបអរសាទរទិវាជាតិ អន្តរជាតិ ៩ ធ្នូ ប្រឆាំងអំពើពុករលួយ ! យើងរួមគ្នាប្រយុទ្ធជាមួយអំពើពុករលួយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី10 ខែធ្នូ ឆ្នាំ2021 ម៉ោង 10:07 នាទី ល្ងាច

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃថ្ងៃទី ៩ ធ្នូ ទិវាប្រឆាំងអំពើពុករលួយជាតិ អន្តរជាតិ យើងសូមនាំអ្នកទាំងអស់គ្នាមកដឹងពីថ្ងៃដ៏សំខាន់នេះសម្រាប់ប្រទេសយើង និងសកលលោក ដែលអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃ ៩ ធ្នូ ជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលប្រារព្ធធ្វើរៀងរាល់ឆ្នាំ ដូចបណ្តាប្រទេសទាំង ១៩១ ផងដែរ ។

វាមិនខុសទេក្នុងការនិយាយអំពីបញ្ហាពុករលួយ ឬអំពើពុករលួយ ដែលបានក្លាយជាការគំរាមកំហែងពិភពលោកដ៏ធ្ងន់  ធ្ងរបំផុតមួយ និងប៉ះពាល់ដល់មនុស្សក្នុងសង្គម ពីសហគមន៍តូចៗរហូតដល់សហគមន៍ជាតិ ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​សីលធម៌ បំផ្លាញភាពស្មោះត្រង់ និងទំនុកចិត្ត, ប្រទេស​នឹង​មាន​ភាព​វឹកវរ​ប្រសិន​បើយើងមិនប្រយុទ្ធជាមួយអំពើពុករលួយ ដូច្នេះហើយ ការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានក្លាយជាកាតព្វកិច្ចដ៏ធំមួយសម្រាប់សង្គម និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិរបស់យើង ។

ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ បានកកើតឡើងបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តជា ឯកច្ឆន្ទលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ឬ UNCAC ឆ្នាំ ២០០៣ នៅពេលដែលប្រទេសសមាជិកចំនួន ១៩១ របស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសកម្ពុជាផងដែរ បានចូលរួមក្នុងការចុះហត្ថលេខាលើ អនុសញ្ញា ដោយហេតុផលនេះហើយ ទើបអង្គការសហប្រជាជាតិបានប្រកាសថ្ងៃទី ៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ» ។

នេះជាគោលបំណងនៃការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីអំពើពុករលួយ ដែលប៉ះពាល់ទាំងសន្តិសុខរបស់រដ្ឋាភិបាល ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស និងលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ។

ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ជាឆ្នាំទី ១១ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ឬ ហៅកាត់ជាភាសាអង់គ្លេស ACU (Anti Corruption Unit) បានប្រារព្ធទិវានេះឡើងដើម្បីអបអរសាទរថ្ងៃដែលជាភារកិច្ចកាតព្វកិច្ចរបស់ខ្លួនអនុវត្ត​ ទោះស្ថិតក្នុងបរិបទមេរោគកូវីដ១៩ រាតត្បាតកន្លងមកក៏ដោយ ក៏កម្លាំងរួមរបស់អង្គភាព ក្រោមការដឹកនាំ និងដឹងសុខទុក្ខរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តម តុប សំ ជាប្រធាន ថ្នាក់ដឹកនាំអង្គភាពជាអ្នកកាច់ចង្កូតដ៏ឈ្លាសវៃរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឲ្យយើងទទួលបានកិច្ចការជោគជ័យធំៗគួរឲ្យកត់សម្គាល់ ។

លោកស្រី អ៊ូ ស៊ីថា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ នៃអង្គភាពប្រឆាំងអំពើពុករលួយ

លោកស្រី អ៊ូ ស៊ីថា ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ នៃអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងនូវ ការកំណត់ទិវានេះសំខាន់ចំនួន ៥ គឺ ១. ចូលរួមអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ២. លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច នីតិរដ្ឋ ការដឹកនាំឲ្យមានភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ ៣. បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ៤. កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៥. អប់រំផ្សព្វផ្សាយពីច្បាប់ប្រឆាំងអំពើពុករលួយ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្តល់អនុសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅជូនថ្នាក់ដឹកនាំ និងមន្ត្រី សម្រាប់ជាទុនយកទៅអនុវត្តបន្តភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពនៅឆ្នាំខាងមុខៗ គឺមាន ៥ ចំណុចជាគោល គឺ ១. ឆន្ទៈ ២. ប្តេជ្ញាចិត្ត ៣. សមត្ថភាព ៤. ឱកាស និងទី ៥. មានការចូលរួម ដោយផ្តល់ការពន្យល់លម្អិតនូវចំណុចមួយៗផងដែរ ។ ឯកឧត្តមក៏បានលើកឡើងពីការបំពេញបន្ថែមនូវចន្លោះខ្វាតមួយចំនួនក្នុងភារកិច្ចដែលបានអនុវត្តកន្លងមក ហើយក៏សម្រាប់ឈានទៅប្រយុទ្ធជាមួយអំពើពុករលួយក្នុងសង្គមជាបន្ត ។

ក្នុងឱកាសនេះដែរ ក៏មានបំពាក់មេដាយតាមប្រភេទ ជូនថ្នាក់ដឹកនាំ និងមន្ត្រី ដែលមានស្នាដៃក្នុងការបំពេញការងារកន្លងមក រួមទាំងតារា ៣ ដួងផងដែរ គឺ មាស សុខសោភា, ញឹម ច័ន្ទថន និង ឃិន ស្រីនាថ ហៅ អ៊ីវ៉ា ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយកន្លងមក ហើយយើងក៏បានអំពាវនាវឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយបន្តទៀតដែរ ៕

 

 ពិធីករ-ពិធីការិនី របស់ អ.ប.ព.


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម