ជនជាតិរ៉ូហ៊ីងយ៉ាក្នុងប្រទេសភូមា ប្តឹង Facebook ទាមទារប្រាក់ ១៥០.០០០ លានដុល្លារ

បច្ចេកវិទ្យាថ្ងៃច័ន្ទុ ទី13 ខែធ្នូ ឆ្នាំ2021 ម៉ោង 8:22 នាទី ល្ងាច

ប្រភព springnews

ដោយ សូរ្យសែង៖

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មកពីប្រទេសមីយ៉ាន់ម៉ា បានប្រើឈ្មោះក្រុមហ៊ុន Edelson PC និង ក្រុមហ៊ុន Fields PLLC ​ដាក់​ពាក្យ​ប្ដឹងទាមទារប្រាក់​ដ៏​មហាសាលចំនួន ១៥០ ពាន់​លាន​ដុល្លារ​ប្រឆាំង​នឹង Meta Platforms ដែល​ជា​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយបណ្តាញ​សង្គម Facebook ​ដោយចោទ​ថា ក្រុមហ៊ុន Faebook មិន​មាន​ចំណាត់ការ​អ្វី​ឡើយ ចំពោះភាព​ស្អប់ខ្ពើម​ប្រឆាំង​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា និងបានរួមចំណែកដល់អំពើហិង្សា ។

បណ្ដឹង​នោះ​បញ្ជាក់​ថា​ អសមត្ថភាព​របស់ Facebook ក្នុង​ការ​គ្រប់​គ្រង​មាតិកា និង​ការ​រចនា​កន្លែង​ប្រព័ន្ធ​ផ្សព្វផ្សាយ វាក៏បានរួមចំណែកដល់ការលាតត្រដាងនៃសហគមន៍រ៉ូហ៊ីងយ៉ាទៅនឹងអំពើហិង្សាក្នុងពិភពពិតផងដែរ ។

ពេលនេះ Facebook មិនមានយោបល់អ្វីភ្លាមទេ ប៉ុន្តែមុននេះមន្ត្រីក្រុមហ៊ុនបានទទួលស្គាល់ថា មានភាពយឺតយ៉ាវចំពោះការការពារទិន្នន័យ និងភាពស្អប់ខ្ពើមក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីបង្រ្កាបលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនខុស រួមទាំងការហាមឃាត់យោធាមីយ៉ាន់ម៉ាពី Facebook និង IG បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ។

Facebook និយាយថា ខ្លួនមិនទទួលខុសត្រូវចំពោះខ្លឹមសារដែលបានផ្សេះផ្សាយទេ ដោយអ្នកប្រើប្រាស់ យោងទៅតាមច្បាប់អ៊ីនធឺណែតរបស់សហរដ្ឋអាមេរិក ផ្នែកទី 230 ដែលចែងថា ចន្លោះអនឡាញមិនទទួលខុសត្រូវចំពោះខ្លឹមសារដែលបានផ្សព្វផ្សាយដោយភាគីទីបីនោះទេ ។

រ៉ូហ៊ីងយ៉ាជានរណា?

រ៉ូហ៊ីងយ៉ា គឺជាក្រុមជនជាតិភាគតិច កាន់សាសនាអីស្លាម ភាគច្រើនអាស្រ័យនៅក្នុងរដ្ឋយៈខៃ ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ជាប់ជាមួយប្រទេសបង់ក្លាដែស ។

ក្នុងខណៈដែលរ៉ូហ៊ីងយ៉ាអះអាងថា ពួកគេអាស្រ័យនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាច្រើនតំណមនុស្សទៅហើយ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាអះអាងថា ជនជាតិរ៉ូហ៊ីងយ៉ាជាមនុស្សចូលស្រុកខុសច្បាប់ ហើយមិនទទួលស្គាល់ថាជាពលរដ្ឋ នោះទើបធ្វើឲ្យជនជាតិរ៉ូហ៊ីងយ៉ា មិនទទួលបានសុខុមាលភាពពីរដ្ឋ ទាំងការថែទាំវេជ្ជសាស្រ្ត និងការអប់រំរួម បណ្តាលឲ្យគុណភាពជីវិតរបស់ប្រជាជនរ៉ូហ៊ីងយ៉ាបន្តធ្លាក់ចុះទាបទៅៗ ដោយជនជាតិរ៉ូហ៊ីងយ៉ាមានជម្លោះជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាជានិច្ច ដោយសារតែពួកគេមានអារម្មណ៍ថាជនជាតិរបស់ពួកគេត្រូវបានរដ្ឋាភិបាលសង្កត់សង្កិន ។ បច្ចុប្បន្នជនជាតិរ៉ូហ៊ីងយ៉ាគឺជាអ្នកស្វែងរកសិទ្ធិជ្រកកោនដោយហិង្សានៅក្នុងប្រទេសជាង ១៧ ។

សោកនាដកម្មដ៏ធំបំផុត និងជាដំណឹងដ៏ក្រៀមក្រំបំផុតគឺជៀសមិនផុតកាលពីខែសីហា ឆ្នាំ 20១៧ ខណៈដែលជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជាង 730,000 នាក់បានភៀសខ្លួនចេញពីរដ្ឋយៈខៃក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពបានបង្ក្រាបពួកគេ ។ ជន​ភៀស​ខ្លួន​ទាំង​នេះ​បាន​បញ្ជាក់​ថាមានការសម្លាប់រង្គាល និងការរំលោភ ។ ក្រុមសិទ្ធិមនុស្សក៏បានកត់ត្រាការសម្លាប់ជនស៊ីវិល និងការដុតភូមិផងដែរ ខណៈ​អាជ្ញាធរ​មីយ៉ាន់ម៉ា​និយាយ ពួកគេបានដោះស្រាយជាមួយកុបកម្ម និងបដិសេធថាពួកគេមិនបានប្រព្រឹត្តអំពើហឹង្សាជាប្រព័ន្ធទេ ។

ក្នុងឆ្នាំ ២០១៨ មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ការប្រើប្រាស់ Facebook បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសារស្អប់ និងបញ្ឆេះអំពើហិង្សា ដោយមានការស៊ើបអង្កេតរបស់ កាសែត Reuters នៅឆ្នាំនោះ ដែលត្រូវបានយោងផងដែរនៅក្នុងបណ្តឹងនេះ បានកំណត់ឧទាហរណ៍ជាង 1.000 នៃការបង្ហោះ មតិយោបល់ និងរូបភាពដែលបានវាយប្រហារជនជាតិរ៉ូហ៊ីងយ៉ា និងជនមូស្លីមផ្សេងទៀតនៅលើ Facebook ហើយនៅពេលនោះ Facebook បានសារភាពថាខ្លួនបានចាត់វិធានការ «មិនគ្រប់គ្រាន់»ដើម្បីការពារអំពើហិង្សាជាមួយជនជាតិរ៉ូហ៊ីងយ៉ា ។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ពិនិត្យ​មើល​ការ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​ក្នុង​តំបន់ និងក្នុងខែកញ្ញា ចៅក្រមសហព័ន្ធអាមេរិកបញ្ជាឱ្យ Facebook បង្ហាញគណនី (អាខោន)បិទដែលទាក់ទងនឹងអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម