អូមីក្រុង ៖ មានទាំងព័ត៌មានល្អ និងអាក្រក់

ចំណេះដឹងទូទៅថ្ងៃអាទិត្យ ទី26 ខែធ្នូ ឆ្នាំ2021 ម៉ោង 11:10 នាទី ព្រឹក

ទូទាំងពិភពលោកកំពុងប្រឈមជាមួយនឹងរលករាតត្បាតនៃមេរោគបំប្លែងថ្មីអូមីក្រុង (Omicron) ទាំងអ្នកវិទ្យាសាស្ត្រ អ្នកនយោបាយ រួមដល់យើងរាល់គ្នាកំពុងព្យាយាមយល់ដឹង អំពីការរាតត្បាតជាថ្មីនេះ ថាតើវាហុចផលឲ្យយើងយ៉ាងណាខ្លះ ។

ភាគខ្លះនៃប្រទេសអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួន បានចាប់ផ្តើមប្រើវិធានការតឹងរឹងដើម្បីទប់ទល់ជាមួយអូមីក្រុង ស្របពេលដែលអូមីក្រុង មានទាំងព័ត៌មានល្អ និងអាក្រក់ វាហាក់ដូចមិនច្បាស់នូវអ្វីៗដែលកើតឡើង ។

មិនដូចឆ្នាំកន្លងទៅ

ការពិតស្ថានការណ៍ឥឡូវនេះល្អជាងឆ្នាំកន្លងទៅ ព្រោះពេលនោះមនុស្សជាច្រើនមិនអាចជួបប្រាស្រ័យទាក់ទងគ្នាបានក្នុងបុណ្យគ្រិស្តម៉ាស និងបុណ្យឆ្នាំថ្មីសកល ។ នៅក្នុងចក្រភពអង់គ្លេស ការរាតត្បាតនៃមេរោគបំប្លែង«អាល់ហ្វា» នៅចុងឆ្នាំ ២០២០ បាននាំទៅការ Lockdown ក្នុងខែវិច្ឆិកា និងត្រូវបិទប្រទេសយូរអង្វែងដល់បុណ្យឆ្នាំថ្មីសកល ។

អូមីក្រុងអាក្រក់តិចជាង

ការវិភាគនៅទូទាំងពិភពលោកបង្ហាញថា អូមីក្រុង អាក្រក់តិចជាងមេរោគបំប្លែងថ្មី «ដែលតា (Delta)» ដោយមនុស្សមានឱកាសទៅមន្ទីពេទ្យតិចជាងពី ៣០-៧០% ។

អូមីក្រុងគ្រាន់តែធ្វើឲ្យមនុស្សឈឺដូចផ្តាសាយ ឈឺក ហៀរសំបោរ និងឈឺក្បាល ប៉ុន្តែមិនមានន័យថា មនុស្សឈឺ មានអាការដូចគ្នាទេ មនុស្សមួយចំនួននៅតែមានឱកាសឈឺធ្ងន់ ។ ការផ្លាស់ប្តូរនៃមេរោគនេះហាក់ដូចជាធ្វើឱ្យវាមិនសូវមានគ្រោះថ្នាក់ ប៉ុន្តែភាគច្រើននៃអ្នកទាំងនេះគឺមកពីបានចាក់វ៉ាក់សាំង ឬធ្លាប់ឆ្លងមេរោគពីមុន ។

តែអូមីក្រុងកំពុងរាតត្បាតលឿន

ទោះជាអូមីក្រុងមិនបានធ្វើឲ្យមនុស្សឈឺធ្ងន់ តែការដែលវាឆ្លងលឿនជាងមេរោគបំប្លែងថ្មីដទៃៗ កំពុងតែធ្វើឲ្យមន្ទីរពេទ្យទទួលភារៈច្រើនជាងមុន ។ អូមីក្រុង មិនត្រឹមតែរីករាលដាលយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងអាចកម្ចាត់ប្រព័ន្ធការពាររាងកាយពីការទទួលថ្នាំបង្ការ ឬការឆ្លងមេរោគមុនៗទៀតផង ។ គិតត្រឹមថ្ងៃទី 23 ខែធ្នូ ឆ្នាំ ២០២១ ចក្រភពអង់គ្លេសមានករណីឆ្លងវីរុសនេះជិត ១២០.០០០ ករណី ។

 

នៅតែមិនដឹងថាមនុស្សអាយុខ្ពស់នឹងទៅជាយ៉ាងណា

ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើម ភាព​ចាស់​ជរា​ជា​កត្តា​ធំ​បំផុត​ដែល​ធ្វើ​ឱ្យ​មនុស្ស​ឈឺ​ធ្ងន់​ដោយសារ​ជំងឺ​កូវីដ ។

នៅ​ក្នុង​ចក្រភព​អង់គ្លេស មនុស្សភាគច្រើនសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះអូមីក្រុងភាគច្រើនកើតមានទៅលើអាយុក្រោម 40 ឆ្នាំ ។ យើងក៏នៅតែមិនដឹងច្បាស់ថា មានអ្វីកើតឡើងនៅពេលដែលមេរោគរីករាលដាលដល់មនុស្សចាស់ និងអ្នកដែលងាយរងគ្រោះ ។ ការពិតដែលថា អូមីក្រុង អាចយកឈ្នះលើប្រព័ន្ធភាពស៊ាំបាន មានន័យថា មនុស្សចាស់ទំនងជាឆ្លងច្រើនជាងមេរោគ «ដែលតា» ។

មានមនុស្សចាក់ដូសជម្រុញច្រើន ប៉ុន្តែភាពស៊ាំរបស់ពួកគេខ្សោយ

ការចាក់វ៉ាក់សាំងចំនួនពីរម្ជុល ផ្តល់ការការពារតិចតួចប្រឆាំងនឹង អូមីក្រុង នេះនាំឱ្យមានការពន្លឿនការចាក់វ៉ាក់សាំងដូសទី ៣ (ដូសជម្រុញ) បន្ត ។ នៅ​ក្នុង​ចក្រភព​អង់គ្លេស រហូតមកដល់ពេលនេះ មនុស្សជាង ៣១ លាននាក់ត្រូវបានចាក់វ៉ាក់សាំងដូសជម្រុញ(boosters) ។

ទោះជាយ៉ាងណាក៏ដោយ មើលទៅភាពស៊ាំនឹងអូមីក្រុង ហាក់ដូចជាចុះខ្សោយបន្ទាប់ពីរយៈពេល ១០ សប្តាហ៍ ប៉ុន្តែវាទំនងជាអាចការពារមនុស្សពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបានយូរ ។

មានឱសថការពារវីរុសហើយ

ឱសថ​ថ្មីៗ ​គួរនឹង​ជួយ​ឲ្យមនុស្ស​មិន​ឲ្យ​ឈឺធ្ងន់​រហូត​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ ឥឡូវនេះថ្នាំទាំងនេះត្រូវបានផ្តល់ទៅឱ្យអ្នកដែលងាយរងគ្រោះ ដូចជាអ្នកជំងឺមហារីក ឬអ្នកដែលបានប្តូរសរីរាង្គ ។ ថ្នាំ Molnupiravir គឺជាថ្នាំប្រឆាំងមេរោគអូមីក្រុង ដែលរារាំងមិនឲ្យវាបែងខ្លួននៅក្នុងរាងកាយបាន និងកាត់បន្ថយលទ្ធភាពនៃការចូលមន្ទីរពេទ្យបានរហូតដល់ 30% ។ ចំណែកឱសថ Sotrovimab គឺជាថ្នាំព្យាបាលប្រភេទ Antibody ដែលប្រឆាំងនឹងមេរោគ និងអាចកាត់បន្ថយឱកាសចូលមន្ទីរពេទ្យបាន 79% ។

២-៣ សប្តាហ៍តពីនេះ ជាពេលវេលាដ៏សំខាន់

សំណួរសួរថា កត្តាទាំងអស់នឹងដំណើរការនៅខាងយើងទេ? គឺថា មនុស្សមិនត្រូវឈឺធ្ងន់នោះទេ ថ្នាំប្រឆាំងមេរោគ និងការចាក់វ៉ាក់សាំងបង្ការត្រូវតែមានប្រសិទ្ធភាព ឬតាមពិត ប្រទេសនានាត្រូវតែអនុវត្តវិធានការតឹងរ៉ឹងជាងមុន ដើម្បីទប់ទល់ជាមួយ អូមីក្រុង ៕

បកប្រែពី bbc

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម