ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំលើកទី៧ អាណត្តិទី៣

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែធ្នូ ឆ្នាំ2021 ម៉ោង 8:55 នាទី ល្ងាច

នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី៧ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

របៀបវារៈនៃអង្គប្រជុំ បានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ ក.ជ.ប.ព. លើកទី ៦ អាណត្តិទី ៣ និង បាន​ឆ្លងរបាយការណ៍អំពីការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងឆ្នាំ ២០២១ ជូនសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ ៩ ករណីជូនអង្គប្រជុំ ដុចខាងក្រោម ៖

១. ករណី ឈ្មោះ ហ៊ឹម ភាព ក្លែងឈ្មោះជាថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ ជំរិតទារលុយពីមន្ត្រីមួយចំនួន រាប់ទាំងថ្នាក់ដឹកនាំមួយចំនួននៅខេត្តក្រចេះផង ហើយបានបញ្ជូនទៅតុលាការ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ។

២. ករណី នាយកសាលាបឋមសិក្សា អ៊ុំ សេដ្ឋី ក្លែងឈ្មោះជាជំនួយការឯកឧត្ដម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរិតទារប្រាក់ពីនាយករង និងគ្រូបង្រៀនរបស់ខ្លួន ពីប្រាំរយ ទៅរាប់ពាន់ដុល្លារជាច្រើននាក់ ។ ប្រាក់ដែលបានជំរិត ត្រូវបានអនុញ្ញាតពីតុលាការប្រគល់ជូនអ្នករងគ្រោះវិញ ហើយបានបញ្ជូនជនល្មើសទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។

៣. ករណីនៅខេត្តក្រចេះ ឈ្មោះ ទី ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក និង ឈ្មោះ ជាង សុខអេង អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក មន្ទីរសុខាភិបាល ខេត្តក្រចេះ បានទារ និងទទួលប្រាក់ពីបេក្ខជនដែលមានគ្រប់លក្ខណសម្បត្តិក្នុងការជ្រើសរើសឱ្យចូលក្របខណ្ឌមន្រ្តីសុខាភិបាលខេត្តក្រចេះ ហើយត្រូវបានរកឃើញទឹកប្រាក់ ៧៤ ម៉ឺនដុល្លារ និងជូនទៅជនរងគ្រោះ ១២៩ នាក់វិញ ហើយបានបញ្ជូនជនល្មើសទៅតុលាការនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ ។ 

៤. បានបញ្ជូនរបាយការណ៍អំពីករណី«កោះរ៉ុង»ទៅតុលាការខេត្តព្រះសីហនុ ។

៥. បានបញ្ជូនរបាយកាណ៍អំពីករណី គាស់ក្រឡ ជូនតុលាការរាជធានីភ្នំពេញ ។

៦.  ករណី ចាន់ យ៉េត អតីតសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សនគរប្រជាធិបតេយ្យ អង្គភាពបានបញ្ជូនរបាយការណ៍កោសលវិច័យ ជូនតុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។

៧. ករណំ វរៈសេនីយ៍ គង់ វណ្ណៈ នាយរងការិយាល័យរៀបចំសំណុំរឿង និងយុត្តិធម៌ ន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងបក្សពួក ដែលបានទារប្រាក់ពីមូលដ្ឋានសិប្បកម្មមួយចំនួន បានបញ្ជូនទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១)។

៨. ករណី ប៉ះពាល់លើដីព្រៃលិចទឹកតំបន់៣ជុំវិញបឹងទន្លេសាប នៅខេត្តទាំង៦៖ ករណី វរៈសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រូតបទបញ្ជា នគរបាលខេត្តកំពង់ច្រាំង និងឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ដែលជាប់បទល្មើស (១) បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (២) ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃលិចទឹក (៣) បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ។ ចំណែកឯឈ្មោះ ស៊ុ សុជាតិ នៅត្រូវរងនូវបទល្មើសថែមមួយទៀតគឺ បទសម្អាតប្រាក់ ។

ឧត្តមសេនីយ៍ស្នងការរង ស៊ុំ សុជាតិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថាបានកាន់កាប់ និងទន្ទ្រានដីចំនួន ៣៨ទីតាំង មានទំហំជិត ១.០០០ ហិចតា (៩៥២,០២ហិចតា) (ឈ្មោះនេះបានធ្វើលិខិតប្រគល់ដីជូនរដ្ឋវិញចំនួន ៦៧៨ ហិចតា)។ សុំ សុជាតិ បានលក់ដីព្រៃលិចទឹកតំបន់៣ ចំនួន ៨លើក បានលុយជាង ៥១ម៉ឺនដុល្លារ ។

៩. និងករណីមួយចំនួនទៀតដែលកំពុងដំណើរការ ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងឆ្នាំ២០២១ នេះ ទោះបីជួបបញ្ហាជំងឺកូវីដ ១៩ ក៏ដោយ ក៏ការបំពេញការងារតាមគ្រប់រូបភាពយ៉ាងសកម្ម ទាំងវិស័យសាធារណៈ ឯកជន និងកិច្ចសហការអន្តរជាតិ និងបានពង្រឹងការអនុវត្តតាមអភិក្រមទាំង ៥ និងអនុសាសន៍ថ្មីៗរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមចំណែកកាត់បន្ថយអំពើពុករលួយ ពង្រឹងសុចរិតភាព បង្កើនប្រាក់ចំណូលជាតិ និង ជំនឿទុកចិត្តពីប្រជាជន មហាជនមកលើភាពស្អាតស្អំនៃរដ្ឋបាលសាធារណៈ និងរាជរដ្ឋាភិបាលដែល ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ៕

ប្រភព ៖ ផេកអង្គភាពប្រឆាំងអំពើពុករលួយ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម