វប្បធម៌ «លុយធីប» !

ព័ត៌មានសង្គមថ្ងៃពុធ ទី29 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:11 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ដូច​យើង​ដឹង​ហើយ​ថា ទម្លាប់​របស់​ប្រជាជននៃប្រទេស​នីមួយៗ​គឺ​ខុស​គ្នា ប្រទេសជាច្រើនមិនមានវប្បធម៌ «ឲ្យលុយធីប (Tip)» ទៅអ្នកណាទេ (លុយធីប មានន័យថា ជាលុយពិសេសផ្តល់ខាងសេវាកម្ម) ដូចជាប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង សិង្ហបុរី ថៃ ឬ អាហ្សង់ទីន ដែលការផ្តល់«លុយធីប» គឺជាការខុសច្បាប់ ។

ជាក់ស្តែងនៅសហរដ្ឋអាមេរិក «លុយធីប» ជារបស់មានសារសំខាន់ណាស់សម្រាប់សេវាកម្ម ភាគច្រើននៃប្រាក់ចំណូលរបស់បុគ្គលិកជាច្រើនបានមកពីការផ្តល់ធីប សម្រាប់ភោជនីយដ្ឋាននៅក្នុងសហរដ្ឋអាមេរិក មានទម្លាប់ក្នុងការផ្តល់លុយធីបពី ១៥% ទៅ ២០% នៃតម្លៃអាហារ ។

ចំណែក​ឯ​ប្រទេស​ចិន ដែល​មិន​មាន​វប្បធម៌​ឲ្យលុយធីប ពេលខ្លះវាជារឿងហាមឃាត់ដែលមិនគួរធ្វើ អ្នក​ខ្លះ​យល់​ថា​វា​ជា​ការ​ប្រមាថ ការ​សូកប៉ាន់ ឬ​វា​អាច​ជា​ការ​ពិបាកសម្រាប់​អ្នក​ទទួល លើកលែងតែមុខរបរមួយចំនួន ដូចជាមគ្គុទ្ទេសក៍ និងអ្នកបើកបរ  ។ នៅក្នុងភោជនីយដ្ឋានចិន ភ្ញៀវក៏មិនចូលចិត្តការផ្តល់ធីបដែរ លុះត្រាតែវាជាភោជនីយដ្ឋានដែលបម្រើអតិថិជនបរទេសជាចម្បង ។

ចុះបើភោជនីយដ្ឋានចិននៅអាមេរិក?

ក្រុមយូធូប (YouTubers) មួយក្រុមមកពី CantoMando បានសាកល្បងការផ្តល់លុយធីបនៅភោជនីយដ្ឋានចិនចំនួន ៦ នៅសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ថាពួកគេនឹងធ្វើយ៉ាចដូចម្តេចនៅពេលដែលទទួលបានលុយធីប?

YouTuber បានដកស្រង់សម្តីអ្នកនិយមលេងអ៊ីនធឺណេតអាមេរិក ដែលហេតុផលមួយចំនួនបាននិយាយថា នៅភោជនីយដ្ឋានចិនមានទំនោរផ្តល់លុយធីប តិចជាងភោជនីយដ្ឋានជនជាតិលោកខាងលិច ។ អ្នក​ខ្លះ​និយាយ​ថា ​នៅ​ភោជនីយដ្ឋាន​ចិន​មិន​ចាំ​បាច់​ណែនាំ​ច្រើន​ទេ ព្រោះ​វា​មិន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ​ទេ ។

បុគ្គលិកភោជនីយដ្ឋានចិនម្នាក់បានបង្ហើបថា ជាធម្មតាភ្ញៀវផ្តល់ធីបប្រហែល ១០% ឬខ្លះមិនឲ្យទាល់តែសោះ  ស្របពេលដែល​ក្រុម YouTubers នេះ​មើល​ឃើញ​ថា​វាមិនល្អ (No Fair) ខណៈដែលភោជនីយដ្ឋានលោកខាងលិចទទួលបានលុយធីប ២០% នេះគឺជារឿងធម្មតា ទោះបីជាបុគ្គលិកភោជនីយដ្ឋានចិនធ្វើការយ៉ាងលំបាកដូចគ្នាក៏ដោយ ។

បុគ្គលិកភោជនីយដ្ឋានមួយចំនួនមានការងឿងឆ្ងល់ជាខ្លាំង នៅពេលដែល YouTuber បានផ្តល់លុយធីបទៅឲ្យនារីបម្រើម្នាក់ ៦០ ដុល្លារ ពីតម្លៃអាហារ ១១,៣០ ដុល្លារ តែនាងមិនយក ។ បន្ទាប់មក YouTuber បានទៅភោជនីយដ្ឋានចិនមួយទៀត ហើយព្យាយាមផ្តល់ប្រាក់ធីបចំនួន ៨០ ដុល្លារ ពីតម្លៃអាហារ ១៤,៦៩ ដុល្លារ តែបុគ្គលិកនោះបានប្រគល់ប្រាក់មកវិញ ដោយនិយាយថា គាត់ពិតជាមិនអាចទទួលយកបានទេ ។

YouTuber បន្តឆ្ពោះទៅនៅភោជនីយដ្ឋានចិនមួយទៀត លើក​នេះ​ពួកគេ​ឲ្យធីប ១០០ ដុល្លារ ប៉ុន្តែ​ម្ចាស់​ហាង​បាន​និយាយ​ថា ពួកគេ​មិន​គួរ​ធ្វើ​បែប​នេះ​ទាល់​តែ​សោះ ការពិតឲ្យតែ ១០ ដុល្លារគឺគ្រប់គ្រាន់ហើយ ។ វាប្រហែលជាការពិតដែលថាការផ្តល់ធីបនៅក្នុងភោជនីយដ្ឋានចិនមិនធ្វើឱ្យពួកគេមានអារម្មណ៍ល្អឬ ប៉ុន្តែវាបណ្តាលឱ្យមានការលំបាកសម្រេចចិត្ត ។

ក្រុម YouTubers បានបញ្ចប់ការផ្តល់ធីបចុងក្រោយ ៥០០ ដុល្លារនៅភោជនីយដ្ឋានចិនមួយទៀត ដែល​ធ្វើ​ឱ្យ​ម្ចាស់​ហាង​យល់​ច្រឡំ​យ៉ាង​ខ្លាំង​ថា​នេះ​ជា​អ្វី តើពួកគេកំពុងលេងអ្វីនឹង? គាត់មិនជឿថាវាជាការផ្តល់លុយធីប... ហើយ​ក៏​បាន​និយាយ​ថា នៅ​ពេល​ដែលភ្ញៀវ​បាន​បង់​ថ្លៃ​អាហារ​រួច​ហើយ ហើយវាជាកាតព្វកិច្ចរបស់ហាងក្នុងការផ្តល់សេវាកម្ម ដូច្នេះការផ្តល់ធីប គឺមិនចាំបាច់ទេ...!

YouTuber បានសន្និដ្ឋាន និងសង្ឃឹមថា ឃ្លីបនេះនឹងជួយផ្លាស់ប្តូរគំនិតរបស់មនុស្សជាច្រើន អ្នកដែលរើសការផ្តល់ធីបក្នុងភោជនីយដ្ឋានចិន តិចជាងភោជនីយដ្ឋានលោកខាងលិច ដោយ​សារ​ពួក​គេធ្វើ​ការ​ធ្ងន់ ​ក៏​សម​នឹង​ទទួល​បានលុយ ធីប ។

អ្នកប្រើប្រាស់ Trevor E. បានបញ្ចេញមតិនៅក្រោមវីដេអូថា គាត់ជាជនស្បែកស ប៉ុន្តែ​ខ្ញុំ​មិនចង់​ជឿ​ថា មនុស្ស​ជា​ច្រើន​មិនសូវឲ្យលុយធីបនៅ​ភោជនីយដ្ឋាន​ចិន ព្រោះ​បុគ្គលិក​​ដូច​ដែល​គាត់​ធ្លាប់​ជួប​គឺ​ឧស្សាហ៍​ព្យាយាមនិង​សេវាកម្ម​ល្អ​។

នាង Melissa និយាយ​​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​ឃ្លីប​នេះ។ គំនិត​ដែល​ថា​នរណា​ម្នាក់​មិន​សម​នឹង​ទទួល​បាន​ធីប ​មិន​មាន​ន័យ​អ្វី​ឡើយ មនុស្សគ្រប់គ្នាធ្វើការយ៉ាងលំបាកតាមរបៀបខុសៗគ្នា ។

នាង Jennifer និយាយ​ថា ​នាង​សោកស្ដាយ​ដែល​ភោជនីយដ្ឋាន​ចិន​នៅ​សហរដ្ឋ​អាមេរិក​ទទួល​បាន​តម្លៃ​ទាប​ជាង​តម្លៃ​ស្ដង់ដារ ១៥% ដែល​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​​អយុត្តិធម៌ ។

ចំណែកនាង បូលីន បាវ និយាយ​ថា ​មាន​គេ​ចេញ​មក​និយាយ​រឿង​ហ្នឹងថា ជនជាតិចិនមិនមានវប្បធម៌ផ្តល់លុយធីបទេ ដូច្នេះពួកគេនឹងមិនសុំធីបឡើយ ប៉ុន្តែពួកគេនៅតែផ្តល់សេវាឱ្យអ្នកដ៏ល្អបំផុត ។ នៅក្នុងប្រទេសចិន ការផ្តល់ធីបពិតជាមិនចាំបាច់ទេ ពីព្រោះបុគ្គលិកត្រូវបានបង់ប្រាក់ដោយថៅកែរបស់ពួកគេ ប៉ុន្តែបើនៅសហរដ្ឋអាមេរិក វាជាប្រភពចំណូលចម្បងរបស់ពួកគេ, សូមកុំភ្លេចផ្តល់ធីបដោយយុត្តិធម៌ ។

ចុះនៅកម្ពុជា ?

នៅកម្ពុជាយើងអ្នកដែលធ្លាប់ដើរ ធ្លាប់ចូលភោជនីយដ្ឋាន ហាងបៀរហ្គារដិន KTV បារ ។ល។ ទើបដឹងថា ការផ្តល់ «ធីប» វាយ៉ាងណា, ការពិតវាទៅតាម «កាលីប» របស់ភ្ញៀវ របស់ដៃគូ... បើដៃគូរបស់ខ្លួនស្អាត ចេះម្ញ៉ិកម៉្ញក់ យកចិត្តនាំនិយាយឲ្យសប្បាយ (សម្រាប់ហាងមួយចំនួន) នោះនឹងបានធីបក្រាស់ក្រែលផស់គេ! តែសម្រាប់បងប្អូននារីជាអ្នកបម្រើសេវាតាមតុ បើភ្ញៀវឲ្យធីបតិចប៉ុនណា ក៏មិនតូចចិត្ត មិនខឹង ពួកគាត់ទទួលយកដោយញញឹម ខ្លះសំពះឱនលំទោនជាមួយពាក្យ អរគុណបង! ផ្ទុយពីនារី «កាលីប» នៅក្នុង KTV បៀរហ្គាដិនខ្លះ ឲ្យតិចមុខមិនសប្បាយទេ ធ្វើមុខឲ្យកាចុបៗ បើហ៊ានឲ្យតិច ចូលថ្ងៃក្រោយលែងមើលមុខ ឬក៏អាចជេរក្នុងពោះក៏មាន... នែ!

សរុបមក ការផ្តល់លុយធីបវាមិនមែនជារឿងអាក្រក់ ឬការយកមុខមាត់អ្វីទេ តែសម្រាប់ប្រជាជនកម្ពុជាវាជាសន្តានចិត្ត និងមនោសញ្ចេតនាដ៏ប្រពៃដែលមានតាំងពីយូរលង់ បរមបុរាណដូនតារបស់យើងមក ដូចអ្វីដែលប្រទេសផ្សេងៗមិនឲ្ធីប យគឺជាវប្បធម និងជាទម្លាប់របស់គេ ។

សូមអ្នកឲ្យ«ធីប» និងអ្នកទទួល «ធីប» ពិចារណាតាមការគួរ ។

Photo by Jade GAO / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម