ក្នុងឆ្នាំ«ខ្លា» ស្ថានការណ៍អាស៊ី-ប៉ាស៊ីហ្វិកទៅជាយ៉ាងណា?

នយោបាយថ្ងៃព្រហស្បត្តិ៍ ទី06 ខែមករា ឆ្នាំ2022 ម៉ោង 7:33 នាទី ល្ងាច

ប្រភព dailynews

ដោយ សូរ្យសែង៖

ស្ថានការណ៍អន្តរជាតិនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០២២ របាយការណ៍មួយនៅក្នុងទស្សនាវដ្តី The Diplomat ប្រាប់យើងឱ្យបើកភ្នែកតាមដានការផ្លាស់ប្តូរនយោបាយ ដែល​នឹង​កើត​ឡើង​ក្នុង​ប្រទេស​ជា​ច្រើន មានដូចជា ប្រទេស ហ្វីលីពីន កូរ៉េ​ខាង​ត្បូង និង​ទីម័រ​ខាង​កើត នឹងមានការបោះឆ្នោតប្រធានាធិបតីតាមរបៀបវារៈ ចំណែកប្រទេស​អូស្ត្រាលីនឹងមានការបោះឆ្នោតជាតិផងដែរ ។

ប្រទេសឥណ្ឌា និងជប៉ុននឹងមានការបោះឆ្នោតមូលដ្ឋាន ដែលទោះបីជាមិនមានផលប៉ះពាល់ដល់ការផ្លាស់ប្តូរការដឹកនាំប្រទេសក៏ដោយ ប៉ុន្តែ​នឹង​ប៉ះពាល់​ដល់​តុល្យភាព​នៃ​អំណាច​នយោបាយ​ក្នុង​ប្រទេស ខណៈ​ដែល​ចិន​នឹង​ត្រូវ​តែងតាំងឥស្សរជនច្រើនរូប នៃក្រុមថ្នាក់ដឹកនាំកណ្តាលក្នុងអំឡុងពេលសមាជបក្សកុម្មុយនិស្តចិនរៀងរាល់ប្រាំឆ្នាំម្តង ប៉ុន្តែមេដឹកនាំកំពូលរបស់ប្រទេសចិន ត្រូវបានប្រកាសជាមុនរួចហើយ គឺ​លោក ហ្ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​បច្ចុប្បន្ន ។

ឆ្នាំ ២០២២ នឹងឆ្លុះបញ្ចាំងបញ្ហាធំនៅក្នុងតំបន់ និងនៅដំណើរការ​បន្ត ហើយ​ទំនង​ជា​មិន​អាច​បញ្ចប់​ដោយ​ល្អ​ទេក្នុង​ឆ្នាំ​នេះ រួម​ទាំង​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ និងក្រុម​តាលីបង់ដែល​បាន​វិល​មក​គ្រប់គ្រងអំណាច​នៅ​អាហ្វហ្គានីស្ថាន​វិញ ។

នៅក្នុងឆ្នាំនេះផងដែរ ការរាតត្បាតនៃមេរោគកូវីដ១៩ នៅតែជាបញ្ហាធំ នៅជាការគំរាមកំហែងចំពោះប្រជាជនពិភព លោកបន្តភ្ជាប់ទៅឆ្នាំទី ៣ ។ គ្រប់ប្រទេសនៅក្នុងអាស៊ី-ប៉ាស៊ីហ្វិកនៅតស៊ូយ៉ាងលំបាក ជាមួយការនាំសេដ្ឋកិច្ចឲ្យរួចផុត និងស្តារឡើងវិញបន្ទាប់ពីការផ្ទុះឡើងនៃមេរោគកូវីដ១៩ ។

ការព្យាករណ៍ពីនិន្នាការសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក របាយការណ៍ថ្មីបំផុតរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកាត់បន្ថយកំណើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ ចុះមកនៅត្រឹម ៥,៣ ភាគរយនៅឆ្នាំនេះ ពីការព្យាករណ៍ ៥,៤ ភាគរយនៅក្នុងខែកញ្ញាឆ្នាំមុន ដោយសារតែការផ្ទុះរលកថ្មី បណ្តាលឱ្យមានកំណើនយឺតនៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២១ និន្នាការអត្រាកំណើន ត្រូវបានកាត់បន្ថយស្ទើរតែគ្រប់អនុតំបន់ លើកលែងតែអាស៊ីកណ្តាល ។ អត្រាកំណើនកាលពីឆ្នាំមុន វាត្រូវបានគេរំពឹងថានឹងស្ថិតនៅ ៧,០% ពី ៧.១% ដែលបានប្រកាសនៅក្នុងខែកញ្ញា ។

ប្រធានសេដ្ឋវិទូស្តីទីរបស់ ADB លោក ចូសេប ហ្ស៊ីសលីស (Joseph Ziglish Jr.) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី-ប៉ាស៊ីហ្វិក មានវឌ្ឍនភាពជាបន្តបន្ទាប់ ក្នុង​ការ​ដោះស្រាយ​ជំងឺ​កូវីដ​១៩ តាមរយៈការចាក់វ៉ាក់សាំង និងវិធានការទប់ស្កាត់ការរាតត្បាត ជំរុញនិន្នាការកំណើន នៅដើមឆ្នាំមុន ប៉ុន្តែការផ្ទុះឡើងថ្មីនៅក្នុងត្រីមាសទី ៣ បានរារាំងកំណើន GDP ហើយធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយវិបត្តិនៃមេរោគបំប្លែងថ្មីអូមីក្រុង (Omicron) ។

ហានិភ័យធំចំពោះនិន្នាការកំណើនសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិក នៅតែស្ថិតក្នុងការរីករាលដាលនៃកូវីដ១៩ ដែលកំពុងបន្ត អត្រាការចាក់វ៉ាក់សាំងពេញលេញ នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​តំបន់​គិត​ត្រឹម​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ​មុន ខ្ពស់ជាងគួរឱ្យកត់សម្គាល់គឺ ៤៨,៧% ប៉ុន្តែតាមពីក្រោយសហរដ្ឋអាមេរិក ៥៨,១% និងអឺរ៉ុបនៅ ៦៧,២% ។ ប៉ុន្តែការចាក់វ៉ាក់សាំងឲ្យប្រជាជននៅតែមានភាពខុសគ្នារាល់ប្រទេសនីមួយៗក្នុងភូមិភាគ ពីខ្ពស់បំផុត ៩១,៩% នៃប្រទេសទាំងអស់ក្នុងសិង្ហបុរី រហូតមកដល់ទាបបំផុត ២,២% នៃប្រទេសប៉ាពួញូវហ្គីណេ ។

ADB កាត់បន្ថយការព្យាករណ៍អត្រាកំណើនសេដ្ឋកិច្ច នៃអនុតំបន់អាស៊ីបូព៌ាបានធ្លាក់ចុះ ០,១% ក្នុងឆ្នាំ ២០២១ និង ២០២២ មកនៅត្រឹម ៧,៥% និង ៥,០% តាមលំដាប់ ។ ចំណែកចិនដែលជាប្រទេសមហាសេដ្ឋីក្នុងអាស៊ី-ប៉ាស៊ីហ្វិក និង​ជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក មានអត្រាកំណើននៅឆ្នាំ ២០២១ ចំនួន ៨,០% និង ៥,៣% នៅក្នុងឆ្នាំនេះ ។

សម្រាប់អនុភូមិភាគអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២១ ADB បានបន្ថយអត្រាកំណើនរបស់ខ្លួនពី០,១% ទៅ ៣,០% ដោយ​សារ​ការផ្ទុះឡើងនៃមេរោគ «ដែលតា (Delta)» ប៉ុន្តែនៅឆ្នាំនេះ អត្រានេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥,១% ខណៈដែលប្រទេសជាច្រើនត្រូវបានគេរំពឹងថានឹងបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺរាតត្បាត និងបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញ ។

អតិផរណាដែលរំពឹងទុកនៅអាស៊ី-ប៉ាស៊ីហ្វិក វានឹងនៅតែស្ថិតក្នុងកម្រិតគ្រប់គ្រង ២,១% ក្នុងឆ្នាំ ២០២១ និង ២,៧% នៅឆ្នាំនេះ ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួល ដើម្បីបង្កើតគោលនយោបាយហិរញ្ញវត្ថុ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ពីផលប៉ះពាល់នៃកូវីដ១៩ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម