សុទិដ្ឋិនិយមនៃកិច្ចពិភាក្សារវាងសម្តេចតេជោ និងឧត្តមសេនីយ៍ មីន អងឡាយ

នយោបាយថ្ងៃសុក្រ ទី07 ខែមករា ឆ្នាំ2022 ម៉ោង 8:29 នាទី ល្ងាច

ដោយ សូរ្យររិទ្ធ៖


កិច្ចពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំយោធា មីន អងឡាយ (Min Aung Hlaing) នៃមីយ៉ាន់ម៉ានៅថ្ងៃទី ៧ ខែមករានេះ សម្តេចតេជោមានប្រសាសន៍ថា នឹងប្រើប្រាស់កិច្ចប្រជុំនេះ ដើម្បីជំរុញការយល់ស្របទាំងប្រាំចំណុច ដែលមេដឹកនាំអាស៊ានបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន ដែលជា គោលការណ៍ណែនាំសម្រាប់ដោះស្រាយវិបត្តិភូមា ។

មុន​ដំណើរ​ទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានបទ​ឈប់​បាញ់ និង​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​បញ្ចប់​អំពើ​ហិង្សា​ដែល​បាន​វាយលុក​ប្រទេស​អស់​រយៈពេល​ជិត​មួយ​ឆ្នាំមកនេះ ។

មុននេះក្រុមសិទ្ធិមនុស្ស និងសកម្មជនប្រឆាំងក្នុងស្រុករបស់មីយ៉ាន់ម៉ា បានអំពាវនាវឲ្យសម្តេចតេជោ ហ៊ុន សែន លុបចោលដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ា ដោយពួកគេនិយាយថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យរបបយោធាស្របច្បាប់ ។ ប៉ុន្តែសម្តេចតេជោដែលពិភពលោកស្គាល់ថា ជាវីរបុរសសន្តិភាព «ឈ្នះ ឈ្នះ» បានមានប្រសាសន៍ថា ឲ្យមានការអត់ធ្មត់ វានឹងនឹងនាំផលវិជ្ជមានជូនដល់ប្រទេសមីយ៉ាន់ម៉ា ។

ដំណើរ​ទស្សនកិច្ច​របស់​សម្តេចតេជោ ហ៊ុន សែន ធ្វើ​ឡើង​ស្រប​ពេល​ដែល​អាស៊ាន​ព្យាយាម​ជួយ​ប្រទេស​មីយ៉ាន់ម៉ា​ពី​វិបត្តិ ប៉ុន្តែជិតមួយឆ្នាំទៅហើយវាហាក់ដូចនៅទ្រឹង មិនទៅមុខ ហើយបង្អែរបង្អង់ ទុករុញបាល់ឲ្យរមាលឆ្លងចូលឆ្នាំ ២០២២ ដែលកម្ពុជាជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន។ បាល់នៅស្ថិតនៅលើជើងកម្ពុជា តែសុច្ឆនៈរបស់មេដឹកនាំកម្ពុជា គឺចង់ទាញឲ្យស្ថានការណ៍នៅមីយ៉ាន់ម៉ា (ភូមា) ដែលកំពុងមានភាពកោលាហលមិនចេះចប់ មករកសភាពដើមវិញ ទើបមានដំណើរទស្សនកិច្ចនៅថ្ងៃទី ៧ ខែមករានេះ ហើយកាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះគឺមានគោលបំណងបង្កើតលំហសម្រាប់កិច្ចសន្ទនារួម និងការជឿទុកចិត្តផ្នែកនយោបាយរវាងភាគីទាំងអស់ ។

មានពួកវិភាគលើកឡើងថា «ប្រសិន សម្តេច ហ៊ុន សែន ចង់ជួយភូមាពិតមែន គាត់គួរលុបចោលដំណើរទស្សនកិច្ច លើកនេះ ហើយនាំអាស៊ានឆ្ពោះទៅរកផ្លូវដោះស្រាយស្ថានការណ៍សិទ្ធិមនុស្សដែលកំពុងអាក្រក់នៅភូមា ។ ការលើកឡើងនេះ វាហាក់ផ្ទុយ ១៨០ ដឺក្រេទៅនឹង«ឆន្ទៈក្លែងក្លាយ»ពីក្រៅដែលថា ចង់ដោះស្រាយៗៗ ប៉ុន្តែទាំងមហាអំណាច ទាំងលោកខាងលិច តែងយកវិធានការទម្លាក់ទណ្ឌកម្មដាក់នៅមុខ  ។ តើមួយឆ្នាំកន្លងនៃស្ថានការណ៍វឹកវរនៅភូមា មានបរទេសណាចេញមុខមកដោះស្រាយឲ្យចេញជាផ្លែផ្កា ?

ឆ្នាំ ២០២២ ជាលើកដំបូងនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់មីយ៉ាន់ម៉ា ដែលពិភពលោកគួរមានសុទិដ្ឋិនិយមជាមួយនឹងបុរសសម្បូរបទពិសោធ ចៀសជាងបានតែស្រែក ហើយទុកចោល ១ ឆ្នាំកន្លងមក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម