លោ ហិត លើដែនដីកាហ្សាក់ស្ថាន​! ប្រទេសដែលធ្លាប់ស្ងប់ស្ងាត់ល្អ បែរជាប្រែក្រឡាស់ក្នុងមួយប៉ប្រិចភ្នែក ! 

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី08 ខែមករា ឆ្នាំ2022 ម៉ោង 7:45 នាទី ល្ងាច

អត្ថបទ សូរ្យសេង៖

ប្រទេសល្អមួយដែលមានសន្តិសុខស្ងប់ស្ងាត់រាប់សិបឆ្នាំ បែរជាមិននឹកស្មានដល់ថា មានហេតុការណ៍ដ៏ចលាចលកើតឡើងក្នុងទីក្រុង និងបង្ហូរឈាម ដ៏សាហាវរវាងកងសន្តិសុខប្រទេស និងអ្នកតវ៉ា ។ នោះគឺប្រទេសកាហ្សាក់ស្ថាន ។

កងកម្លាំងសន្តិសុខប្រទេសកាហ្សាក់ស្ថានបានប្រហារបាតុករបះបោររាប់សិបនាក់ ដែលព្យាយាមវាយលុកចូលការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងអាល់ម៉ាទី (Almaty) កាលពីយប់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ ខណៈពេលដែលប៉ូលីសយ៉ាងហោចណាស់ប្រាំបីនាក់បានស្លាប់ ។ ខាង UN និង EU អង្វរឱ្យមានការអត់ធ្មត់ ឯសហរដ្ឋអាមេរិកអំពាវនាវឱ្យរដ្ឋាភិបាល កាហ្សាក់ស្ថាន«អនុញ្ញាតឱ្យមានការបញ្ចេញមតិដោយសន្តិវិធី» ។

ការតវ៉ាដ៏ខ្លាំងមហិមា បានចាប់ផ្តើមពីមូលហេតុការមិនពេញចិត្តរដ្ឋាភិបាលដំឡើងថ្លៃហ្គាស ដែលពលរដ្ឋកាហ្សាក់ស្ថាន ភាគច្រើនបានប្រើជាមួយយានយន្ត ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីចូលឆ្នាំថ្មី ហើយបានរាលដាលទៅជារឿងធំ ដោយបាតុករបណ្តេញមេដឹកនាំរដ្ឋាភិបាល និងជាអតីតមេដឹកនាំរបស់ប្រទេសអាស៊ីបូព៌ា ដែលធ្លាប់ជាសមាជិកសហភាពសូវៀត ហើយបង្កទៅជាការបង្ហូរឈាម ក្នុងរយៈពេលរាប់សិបឆ្នាំមិនធ្លាប់ ដោយប៉ះទង្គិចជាមួយកម្លាំងប៉ូលិសបង្រ្កាប ។

របាយការណ៍របស់សារព័ត៌មានក្នុងស្រុកអះអាងពីការថ្លែងរបស់ក្រសួងមហាផ្ទៃកាហ្សាក់ស្ថានថា មានតម្រួតនគរបាល ៨ នាក់បានបាត់បង់ជីវិត និងរបួស ៣១៧ នាក់ ។ របាយការណ៍របស់ AFP កាលពីថ្ងៃទី ៦ ខែមករាថា ក្រុមតវ៉ាបានដុតអគារធ្វើការរបស់រដ្ឋាភិបាលជាច្រើនកន្លែង និងអ្នកតវ៉ាក៏បាត់បង់ជីវិតរាប់សិបនាក់ដែរ ។ ក្រសួងសុខាភិបាលកាហ្សាក់ស្ថានឲ្យដឹងតួលេខចុងក្រោយថាមានអ្នករបួសមានចំនួន ១.០០០ នាក់ ដោយសារចលាចលនៅតាមមូលដ្ឋានផ្សេងៗទូទាំងប្រទេស ។

កាលពីយប់ថ្ងៃទី ៥ មករា ក្រុមតវ៉ាព្យាយាមវាយប្រហារស្នងការប៉ូលិសក្នុងទីក្រុងអាល់ម៉ាទី រួមដល់ប៉ុស្តិ៍ប៉ូលិសមូលដ្ឋាន ត្រូវក្រុមតវ៉ាបំផ្លាញ ។ នេះបើតាមការផ្សាយរបស់ InterFax-Kazakhstan, Tass និង Rianovosti ។

មានឃ្លីបវីដេអូបានបង្ហាញរូបភាពពីហាងទំនិញជាច្រើនត្រូវប្លន់ និងខូចខាត ហើយអគារជាច្រើនកន្លែងត្រូវដុតឆេះ រួមទាំងស្នូរកាភ្លើងស្វ័យប្រវត្តិលាន់ទ្រហឹងពេញផ្លូវថ្នល់ ។

ភាព​ចលាចល​នេះ​បង្ក​បញ្ហា​ប្រឈម​ដ៏​ធំ​ដល់​ប្រធានាធិបតី កាស្ស៊ីម ចូម៉ាត តូខាយ៉េវ (Kassim-Jomart Tokhayev) ដែល​ត្រូវ​បាន​​បោះឆ្នោត​ឲ្យ​បន្ត​តំណែង​ពី​មេដឹកនាំ​ផ្តាច់ការ​អាយុ ៨១ ឆ្នាំ លោក នុយស៊ុលតង់ ណាហ្សារបាយ៉េវ (Nursultan Nazarbayev) ក្នុង​ឆ្នាំ​ដែល​លោក​លាលែង​ពី​តំណែង​ក្នុង​ឆ្នាំ ២០១៩ ប៉ុន្តែ​នៅ​តែ​មាន​អំណាច ។

លោក តូខាអ៊ីវ បានព្យាយាមបន្ធូរបន្ថយការមិនពេញចិត្តរបស់ប្រជាជន ដោយស្នើឱ្យនាយករដ្ឋមន្ត្រី អាស្ការ ម៉ាមីន (Askar Mamin) ដឹកនាំរដ្ឋាភិបាលទាំងមូលឱ្យលាលែងពីតំណែង និងកែសម្រួលផែនការដំឡើងថ្លៃថាមពល លោកក៏បានប្រកាសថាលោកបានជំនួសលោក ណាហ្សារបាយ៉េវ ជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ប៉ុន្តែការតវ៉ានៅតែបន្ត។

គេបាន​ប្រកាស​ពន្យារ​ភាព​អាសន្ន​ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​រដ្ឋធានី អាល់ម៉ាទី  និង ម៉ង់ហេស្តូ ។ រោងចក្រថាមពលនៅភាគខាងលិចមានការតវ៉ាដោយហិង្សាបានកើតឡើង ដោយចេញបញ្ជាគ្រប់គ្រងប្រទេសទាំងមូល មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី 19 ខែមករា ឆ្នាំ ២០២២ ស្របពេលជាមួយនឹងការប្រកាសបម្រាមគោចរពេលយប់ ការរឹតបន្តឹងការធ្វើដំណើរ និងហាមឃាត់ការជួបជុំ ។

៦ ប្រទេស (CSTO) ពីអតីតសហភាពសូវៀត មានប្រទេសរុស្ស៊ីដឹកនាំ បានបញ្ជូនកម្លាំងមកប្រយុទ្ធជាមួយ ដែលហៅថា «ក្រុមភេរវកម្ម» ដែលបានទទួលការហ្វឹកហាត់នៅក្នុងប្រទេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម