សម្តេចតេជោនិងទូតជប៉ុន អញ្ជើញទៅសម្ពោធកំណាត់ផ្លូវជាតិលេខ ៥ ពីបាត់ដំបង-សិរិសោភ័ណ ប្រវែង ៨៤,៧៤ គ.ម

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី10 ខែមករា ឆ្នាំ2022 ម៉ោង 1:12 នាទី ល្ងាច

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ។

កំណាត់ផ្លូវនេះ មានប្រវែង ៨៤,៧៤គីឡូម៉ែត្រ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ ដែលបានចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ប្រជាជនខ្មែរ ពិសេសពលរដ្ឋដែលត្រូវការផ្លូវនេះរីករាយចំពោះការទទួលបានសមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៥ភាគខាងជើងតភ្ជាប់បាត់ដំបង ទៅបន្ទាយមានជ័យនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥ តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ផងដែរ។ កំណាត់ផ្លូវជាតិលេខ៥ នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុនដែលមានជាយូរណាស់មកហើយ។ សម្តេច បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយសាងសង់សមិទ្ធផលផ្លូវ និងស្ពាននៅកម្ពុជា រួមទាំងជំនួយផ្សេងៗជាច្រើនទៀតដល់កម្ពុជា។

ទាក់ទងទៅនឹងបញ្ហានៃជម្ងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ កម្ពុជាបន្តរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ចំនួន៣នាក់បន្ថែមទៀត។ ដូនច្នេះ សូមអោយប្រពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសអនុវត្តន៍វិធានការ៣កុំ ៣ការពារអោយបានខ្ចប់ខ្ជួន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបន្តចាក់វ៉ាក់សាំងដូសជំរុញដូសទី៤ បន្តទៀត។ សម្តេចតេជោ បានបញ្ជាឱ្យទិញវ៉ាក់សាំងចំនួន៥លានដូសបន្ថែមទៀត ខណៈក្នុងឃ្លាំងសល់ប្រមាណ ១០លានដូស ការបញ្ជាទិញនេះ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ដូសជំរុញ។

ទាក់ទងទៅនឹងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោទៅមីយ៉ានម៉ា សម្តេចតេជោបានអរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រដំណើររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា ។ សម្តេចតេជោថ្លែងថា លទ្ធផលនៃដំណើររបស់សម្តេចទៅ មីយ៉ាន់ម៉ាមាន ៣ គឺការពន្យារពេលបទឈប់បាញ់ ២. ការផ្តល់ជំនួយ និង៣. ការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់ មីយ៉ាន់ម៉ា។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា អាស៊ាននឹងខិតខំក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ សម្តេចតេជោបន្តថា បញ្ហាមីយ៉ាន់ម៉ា មិនអាចបញ្ចប់ត្រឹមពេលកម្ពុជាធ្វើប្រធានអាស៊ាននោះទេ វានឹងបន្តទៅដល់ឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានទៀត។ សកម្មភាពនេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ តែជាការជួយសម្របសម្រួល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើឱ្យមានបទឈប់បាញ់ និងការផ្តល់ជំនួយដល់ប្រជាពលរដ្ឋ គឺកិច្ចការចាំបាច់មុនឈានដល់ការសន្ទនាជាមួយអ្នកពាក់ព័ន្ធ ដែលធ្វើដោយប្រេសិតអាស៊ាន ៕

រូបថតផេករបស់សម្តេចតេជោ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម