អាស៊ាន វ៉ាក់សាំងកូវីដ និងផែនការបើកប្រទេស

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី10 ខែមករា ឆ្នាំ2022 ម៉ោង 7:30 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ

ជាច្រើនប្រទេសបានចាប់ផ្តើមរៀបចំផែនការទទួលស្វាគមន៍ការបើកប្រទេស ដូចជា ប្រទេសឥណ្ឌូនេស៊ី នឹងការចាត់ ចែងការចាក់វ៉ាក់សាំងទៅកាន់កោះបាលី ដើម្បីត្រៀមទទួលទេសចរពីខែមករានេះទៅ រួមដល់ប្រទេសកម្ពុជា ដែលមានសមុទ្រស្រស់ស្អាត ប្រាង្គប្រាសាទដ៏ល្បីក៏កំពុងរង់ចាំស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទី ។

ការ​ផ្ទុះឡើង​នៃមេរោគកូវីដ១៩ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនេះប្រទេសក្នុងតំបន់អាស៊ាន ​ក៏រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ផង​ដែរ ព្រោះ​សេដ្ឋកិច្ច​ពឹងផ្អែកខ្ពស់លើការនាំចេញ និងទេសចរណ៍ ។

បើក្រឡេកទៅមើលក្នុងឆ្នាំ ២០១៩ កម្ពុជា វៀតណាម និងថៃ មានសមាមាត្រចំណូលពីទេសចរណ៍ទៅនឹង GDP ខ្ពស់រហូតដល់ ១៨%, ១២% និង ១១% ។ នៅពេលមានការផ្ទុះឡើងធំនៅឆ្នាំ ២០២០ ចំណូល​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​ថៃ ធ្លាក់ចុះប្រមាណ ៧៩% និង ៨៣% បើធៀបនឹងឆ្នាំ ២០១៩ ។ វៀតណាមមិនបានបង្ហាញពីតួលេខប្រាក់ចំណូលប្រចាំឆ្នាំរបស់ទេសចរណ៍ទេ តែទោះ​បី​​យ៉ាង​ណា ​ក៏​បានរងផល​ប៉ះ​ពាល់​ដោយ​វិស័យ​នាំ​ចេញ​ផង​ដែរ ។ ប្រទេស​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ​រួម​មាន សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ ដែល​ប្រទេស​ទាំង​​នេះ​សុទ្ធតែមាន​ចំណូល​ពី​ការ​នាំ​ចេញ​ថយចុះ រីឯប្រទេស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ គឺ​វៀតណាម និង​កម្ពុជា​ ដែលមានចំណូលពីការ​នាំ​ចេញ​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ទាក់ទងនឹងការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រទេសជាច្រើនយល់ស្របគ្នាថា ការពន្លឿនការចាក់វ៉ាក់សាំង កូវីដ១៩ វាគឺជាដំណោះស្រាយចាំបាច់សម្រាប់បញ្ហារយៈពេលខ្លីទៅមធ្យម ។ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក ឬ WHO ឲ្យដឹងថា ៦០-៧០% នៃចំនួនប្រជាជនត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ពួកគេនឹងអភិវឌ្ឍភាពស៊ាំ (Herd Immunity) នៅក្នុងប្រទេសនោះ ដែល​នឹងធ្វើឲ្យ​ការ​រស់នៅ​របស់​ប្រជាជន​វិល​ទៅ​រក​សភាព​ដើម​វិញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

វៀតណាមមានអត្រាទទួលវ៉ាក់សាំងទាបបំផុតនៅក្នុងតំបន់ ឯនៅក្នុងផ្នែកនៃប្រទេសថៃ ទោះបីជាត្រូវបានបែង ចែក វ៉ាក់សាំងចំនួន ៦៥ លានដូសពីក្រុមហ៊ុន Sinovac និង AstraZeneca ក៏ដោយ រដ្ឋាភិបាលមានគោលបំណងបង្កើនការនាំចូលវ៉ាក់សាំង ១០០ លានដូសពី Pfizer-BioNTech, Sputnik V និង Johnson & Johnson នៅចុងឆ្នាំនេះបន្ថែមទៀត ។

ចំពោះហានិភ័យដែលអាចបណ្តាលឱ្យការបើកប្រទេសត្រូវពន្យារពេល រួមទាំងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ដែលបំប្លែងថ្មី ជាពិសេសនៅក្នុងប្រទេសដែលមានអត្រាទទួលវ៉ាក់សាំងទាប អាចបណ្តាលឱ្យរដ្ឋាភិបាលត្រូវប្រើវិធានការចាក់សោរ ឬវិធានការបន្តដើម្បីគ្រប់គ្រង ធ្វើឲ្យប៉ះពាល់ទាំងការប្រើប្រាស់ក្នុងស្រុក អត្រាផលិតកម្ម សកម្មភាពសេដ្ឋកិច្ច រួមទាំងប្រាក់ចំណូលទេសចរណ៍ នោះ​នឹង​ក្លាយ​ជា​កត្តា​មួយ​ដែល​អាច​ទប់​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់។ ដូច្នេះ រដ្ឋាភិបាល​ក្នុង​ប្រទេស​ទាំង​អស់​នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយប្រើគំរូបើក ចំហសម្រាប់ទីក្រុងជាក់លាក់ ដូចជាប្រទេសឥណ្ឌូនេស៊ី ដែលបានពន្លឿនការបែងចែកវ៉ាក់សាំងទៅកាន់តំបន់កោះបាលី ដើម្បី​រៀបចំ​ផែនការស្រង់យក​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ខែកក្កដា រួម​ទាំង​ប្រទេស​ថៃ ដែល​ប្រើប្រាស់សមុទ្រ ភូកេត ទន្ទឹមនឹងនេះ រដ្ឋាភិបាលសិង្ហបុរីបានគ្រោងនឹងចាក់វ៉ាក់សាំងដល់យុវជនដែលមានអាយុពី ១២-១៨ឆ្នាំ មុននឹងបើកប្រទេសឱ្យទទួលភ្ញៀវទេសចរនៅចុងខែសីហា ដើម្បីអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចបន្តស្របតាមប្រទេសជាច្រើនជុំវិញពិភពលោក។

ចំណែកកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ១០ មករានេះថា ឲ្យជំរុញការចាក់វ៉ាក់សាំងដូសជំរុញ (ម្ជុលទី ៣) ដោយចំហ មិនថាអ្នកខេត្តមកចាក់នៅទីក្រុង អ្នកទីក្រុងមកចាក់នៅខេត្ត ព្រោះមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ។ 

ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កន្លងមកសម្តេចបានលើកឡើងថា មានបេក្ខជនជាង ១១ ម៉ឺននាក់ មានអ្នកឆ្លងកូវីដ១៩ ត្រឹមតែ ៣ នាក់ប៉ុនណោះ នេះគឺជាលទ្ធផលដ៏ល្អជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យខ្ពស់យកចិត្តដាក់ចាក់វ៉ាក់សាំងជូនប្រជាជនបានមុនសភាពការណ៍ និងបន្តទៅចាក់ដូសជំរុញទី ៤ បន្ថែមទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម