ប្រទេសស្រីលង្កា សុំឲ្យចិនពិចារណាឡើងវិញអំពី«បំណុល»របស់ខ្លួន

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី11 ខែមករា ឆ្នាំ2022 ម៉ោង 6:53 នាទី ល្ងាច

Photo by ISHARA S. KODIKARA / AFP

 

អត្ថបទ សូរ្យសែង៖

លោកប្រធានាធិបតី កូថាបហាយ៉ា រ៉ាចាប៉ាស្កា (Kothabhaya Rajapaksa) មេដឹកនាំនៃប្រទេសស្រីលង្កា បានពោលនៅក្នុងជំនួបពិភាក្សាជាមួយលោក ហ្វាង យី (Wang Yi) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ស្រីលង្កាជាផ្លូវការឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងពិចារណាឡើងវិញអំពីបំណុលរបស់ប្រទេសខ្លួនបន្ទាប់​ពី​ស្រីលង្កា​ កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ ក៏ដូចជាស្ថានភាពមេរោគកូវីដ១៩ ដែល​មិន​អាច​សងប្រាក់​កម្ចី​ចិន​បាន​តាម​ការ​គ្រោងទុក​ ។

របាយការណ៍និយាយថា ទសវត្សរ៍កន្លងមក ប្រទេសស្រីលង្កាបានពឹងផ្អែកលើកម្ចីការប្រាក់ទាបពីប្រទេសចិន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រទេសរបស់ខ្លួន ដោយបានខ្ចីប្រាក់ជាង ៥ ពាន់លានដុល្លារអាមេរិកពីប្រទេសចិនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវល្បឿនលឿន កំពង់ផែ អាកាសយានដ្ឋាន និងរោងចក្រថាមពលដើរដោយធ្យូងថ្ម ដែល​ចិន​ជា​អ្នក​ផ្តល់​ប្រាក់កម្ចី​ធំ​ទី​បួន បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលជប៉ុន ។

«លោកប្រធានាធិបតីបានថ្ងូរថា វានឹងក្លាយជាការធូរស្បើយដ៏ធំសម្រាប់ស្រីលង្កា ប្រសិនបើចិនចាប់អារម្មណ៍លើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ» ។ គាត់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងពេលមានការផ្ទុះឡើងនៃមេរោគឆ្លងនៅក្នុងប្រទេស ។

លោក រ៉ាចាប៉ាស្កា ក៏​បាន​ស្នើ​ឱ្យ​ចិន​ផ្តល់​ «លក្ខខណ្ឌសម្បទាន» សម្រាប់ការនាំចេញទៅប្រទេសស្រីលង្កា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ស្របពេលដែលរដ្ឋាភិបាលស្រីលង្កាផ្តល់ឲ្យភ្ញៀវទេសចរពីចិនមានសិទ្ធិពិសេសក្នុងការធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កាផងដែរ ។ មុនកូវីដ១៩ រាតត្បាត អ្នកទេសចរចិនគឺជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសស្រីលង្កា ទន្ទឹមនឹងនេះ មានការនាំចូលផលិតផលពីប្រទេសចិនច្រើនជាងប្រទេសណាៗទាំងអស់នៅអាស៊ីខាងត្បូង ។

អ្នកវិភាគមើលឃើញថា ពីហេដ្ឋារចនាសម្ព័ន្ធ​របស់​ស្រីលង្កាដែលបង្កើតឡើង​ដោយប្រាក់​កម្ចីដ៏ធំ​របស់ចិន ប៉ុន្តែផ្តល់ទិន្នផលទាប ស្របពេលដែលទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់ថាជា«អន្ទាក់បំណុល» ដើម្បីគ្រប់គ្រងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ។

ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១ ប្រទេសស្រីលង្កាបានប្រកាសអាសន្នសេដ្ឋកិច្ច ចូលជាធរមានតាំងពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីប្រាក់រូពីរបស់ស្រីលង្កាបានធ្លាក់ចុះយ៉ាងគំហុក លើសពីនេះទៀត អត្រាអតិផរណាបានកើនឡើងជាង 6% នៅក្នុងខែសីហាឆ្នាំមុន បណ្តាលឱ្យតម្លៃអាហារមូលដ្ឋានជាច្រើនឡើងថ្លៃខ្ពស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម