អាប៉ោងចាក់ខ្សែរបស់ម៉ាឡេស៊ី-ឥណ្ឌូនេស៊ី ! ហេតុផលពីរ បានជាពួកគេលើកឡើងថា ទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា «មិនបានជួយអ្វី»?!?

នយោបាយថ្ងៃសុក្រ ទី21 ខែមករា ឆ្នាំ2022 ម៉ោង 8:43 នាទី ល្ងាច

លោក សាយហ្វុដឌីន អាប់ឌុលឡោះហ៍ (Saifuddin Abdullah) រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី

 

អត្ថបទ សូរ្យរិទ្ធ​៖

ដូចការគិតពីមុនមែនថា បន្ទាប់ពីកម្ពុជាបានក្លាយជាប្រធានអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសជាច្រើនកំពុងបើកភ្នែកមើលមកថា តើកម្ពុជាអាចធ្វើអ្វីបានខ្លះនៅក្នុងឆ្នាំ២០២២ ជាពិសេសរឿងក្តៅគគុកធំពីរដែល កាសែតបរទេសសរសេរ គឺបញ្ហាភូមា និងសមុទ្រចិនខាងត្បូង ? តែពេលនេះលេចរឿងភូមាចេញមកមុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ៧-៨ មករា ឆ្នាំ ២០២២ ។

គេហទំព័រថៃ dailynews ផុសផ្សាយថា ម៉ាឡេស៊ីបានវិភាគទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ារបស់សម្តេច ហ៊ុន សែន ថា «មិនបានកើតប្រយោជន៍អ្វី»ហើយ​ថា គួរប្រឹក្សាយោបល់គ្នាក្នុងនាមអាស៊ានជាមុនសិន  នេះសញ្ញាចុងក្រោយនៃ «ការ​បែងចែក» នៅក្នុងសហគមន៍ក្នុងរឿងមីយ៉ាន់ម៉ា ។

ទីភ្នាក់ងារបរទេសរាយការណ៍ពីទីក្រុងគួឡាឡាំពួថា ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៤ ខែមករាថា លោក សាយហ្វុដឌីន អាប់ឌុលឡោះហ៍ (Saifuddin Abdullah) រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីនិយាយថា ទោះយ៉ាងណា ការដែលកម្ពុជាមានតួនាទីជាប្រធានអាស៊ានប្រចាំឆ្នាំនេះ សម្តេច ហ៊ុន សែន គួរប្រឹក្សាជាមួយអាស៊ានខ្លះ ឬ យ៉ាងហោចក៏បានសុំយោបល់ពីមេដឹកនាំប្រទេសសមាជិកអាស៊ានពីរ-នាក់ដែរ ។

ដោយនិយាយជាលក្ខណៈសួនតួថា គាត់មិនគិតទេថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា​លើក​នេះ «​មិនបង្កើតជា​ប្រយោជន៍​អ្វីណាមួយ» ឡើយ និង​បង្ហាញ​ការ​ព្រួយបារម្ភ​ពីភាគី​ខ្លះថា​ បេសកកម្មនេះ ត្រូវបានសម្រាយពាក្យថាជាការ «ទទួលយក និងធ្វើឱ្យស្របច្បាប់»រដ្ឋាភិបាលយោធារបស់ឧត្តមសេនីយ៍ មីន អងឡាយ ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូឃ្យី កាលពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំមុន ។

ការលើកឡើងរបស់ម៉ាឡេស៊ីវាហាក់លឿនដូចអាមិចពេក  ពេលវេលាក្រោយជំនួបកម្ពុជា-ភូមាទើបតែបាន ៥ ថ្ងៃ តើលេចចេញលទ្ធផលបានយ៉ាងដូចម្តេច វាលឿនពេក? តើមុនកម្ពុជាទៅជួបភូមា មានសមាជិកអាស៊ានណាខ្លះបានចូលអន្តរាគមន៍ដល់ប្រទេសភូមា រួមទាំងមហាអំណាចមួយចំនួនផង ? តិចលោខ្លាចថា ការទៅជាន់ទឹកដីភូមារបស់ពួកគេគឺជាការទទួលស្គាល់របបយោធាភូមា! ពេលនេះក៏បានលេសទម្លាក់ដុំថ្មមកលើជើងកម្ពុជា ថាកម្ពុជាទៅភូមាជាការទទួលស្គាល់របបរដ្ឋប្រហារស្របច្បាប់?!?

ឬក៏ពីរហេតុផលនៃ«ការចាកខ្សែ» របស់ម៉ាឡេស៊ី ៖ ១. ខ្លាចបាក់មុខ នៅពេលប្រមុខកម្ពុជាសម្តេច ហ៊ុន សែន រកដំណោះស្រាយបានជោគជ័យរឿងបញ្ហាភូមា ព្រោះសម្តេចជាអ្នកមានបទពិសោធគ្រប់គ្រាន់ទាំងលើឆាកជាតិ ទាំងអន្តរជាតិ ។ ២. ចង់បានក្រេឌីតខ្លួន នៅពេលកម្ពុជាចរចាមិនបាចសម្រេច តាំងបន្ទោសថា ហេតុអ្វីមិនសួរយោបល់គេសិន!!! នេះជាអាប៉ោងចាក់ខ្សែ ។

ស្របពេលដែលលោក អាប់ឌុល កាដៀរចាំឡានី (Abdul Kadir Jailani) ប្រធានការិយាល័យកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក និងអាហ្រ្វិកនៃក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយថា ការបន្ធូរបន្ថយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា វា​ជា​បេសកកម្ម​ដែល​អាស៊ាន​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា ។ ឥណ្ឌូណេស៊ីសង្ឃឹមយ៉ាងមុតមាំថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ នឹងត្រូវ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ខ្លាំងក្លា​ស្របតាម​ការ​ឯកភាព​គ្នា​ចំនួន ៥ ចំណុចដែល​បាន​សម្រេច​រួមគ្នា​កាលពីខែមេសាឆ្នាំមុន ។

ចំណែកកម្ពុជាចាប់តាំងពីមុនពេលកម្ពុជាក្លាយជាប្រធានអាស៊ាននៅថ្ងៃ១ ខែមករា ឆ្នាំ២០២២ បានធ្វើការទូតជាច្រើន​ទាំងចំហ និងមិនចំហជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ដែលរួមមានជប៉ុន និង ចិន  និងធ្លាយទៅដល់បញ្ចឹមប្រទេសឯណោះ ហើយប្រជាជាតិ​ផ្សេង​ទៀត​បាន​តម្រង់​ជួរ​គាំទ្រ​ជំហរការ​ចូលរួម​របស់​កម្ពុជា ។ នាយករដ្ឋមន្ត្រីឡាវ លោក ផាន់ខាំ វីផាវ៉ាន់ (Phankham Viphavanh) បានសម្តែងការគាំទ្រចំពោះតួនាទី និងការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរិះរកមធ្យោបាយដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសភូមា ។

នៅពីខាងក្រៅតំបន់ ក្រសួងការបរទេសចិនបាននិយាយថា ខ្លួននឹង «គាំទ្រយ៉ាងពេញទំហឹង» ចំពោះ «ការដើរតួនាទីយ៉ាងសកម្ម និងរួមចំណែកយ៉ាងសំខាន់» ក្នុងការដោះស្រាយវិបត្តិភូមា ខណៈរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា បានសរសើរ «វឌ្ឍនភាព» ដែលបានធ្វើឡើងអំឡុងពេលដំណើរ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន នៅ​ប្រទេស​ភូមា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម