ប្រធានសភាធុរកិច្ចថៃ-ភូមា បានសរសេរអត្ថបទមួយពាក់ព័ន្ធនឹងបេសកកម្មរបស់សម្តេចតេជោអញ្ជើញទៅចរចារកសន្តិភាពនៅភូមា មានចំណងជើងថា «បច្ច័យក្នុងការបង្កើតសន្តិភាពក្នុងភូមា» 

នយោបាយថ្ងៃច័ន្ទុ ទី17 ខែមករា ឆ្នាំ2022 ម៉ោង 9:06 នាទី ព្រឹក

 

លោក គ្រិច អឹងអិធូនសាធិត ប្រធានសភាធុរកិច្ចថៃ-មៀនម៉ា ឬ មីយ៉ាន់ម៉ា ឬហៅភូមា បានសរសេរអត្ថបទមួយមានចំណងជើងថា «បច្ច័យក្នុងការបង្កើតសន្តិភាពក្នុងមៀនម៉ា» ចុះផ្សាយក្នុងគេហទំព័រ posttoday របស់ថៃ ។ លោក លៀង សូរ្យរិទ្ធ ចាងហ្វាងសារព័ត៌មានគេហទំព័រ «មតិអ្នក» សូមបកប្រែទាំងស្រុងដូចខាងក្រោម ៖

«បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ការ​ដឹក​នាំ​ក្នុង​ប្រទេស​សមាជិក​សហគមន៍​អាស៊ាន ដែល​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធាន គឺ​សម្តេចព្រះរាជាធិបតី ហាជី ហាស្សាណាល់ បុលគីយ៉ា (Hajji Hassanal Bolkiah) នៃ​ប្រទេស​ប្រ៊ុយណេ ហើយទទួលប្រធាន​អាណត្តិ​ថ្មីដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានដឹកនាំក្នុងរបៀបវារៈនេះ ដែលបន្ទាប់ពីទទួលបានតំណែងមិនដល់កន្លះខែផង ភ្លាមៗ​នោះ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែលចាត់ទុកថាគាត់ធ្វើការដោយម៉ត់ចត់បំផុត» ។

ក្នុងដំណើរទស្សនកិច្ចលើកនេះ សម្តេច ហ៊ុន សែន បាននាំឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហការអន្តរជាតិ ​​រួម​ដំណើរជាមួយ ។ តើអ្វីទៅជាខ្លឹមសារនៃការចរចា? ខ្ញុំ​នឹង​មិន​ចាំបាច់​បង្ហាញ​​​ម្តង​ទៀត​ទេ ដែលគ្រប់គ្នាបានឃើញពីប្រព័ន្ធផ្សព្វផ្សាយទូទៅរួចទៅហើយ ខ្ញុំ​នឹង​វិភាគ​ឲ្យ​ស៊ី​ជម្រៅ​បង្ហាញឲ្យឃើញនូវ​គំនិត តើ​វា​ដំណើរការ​យ៉ាង​ដូចម្តេចដើម្បីធ្វើ​ឱ្យ​មាន​សន្តិភាព​នៅ​មៀនម៉ាឲ្យ​ល្អ​បាន ។

រឿងដំបូងដែលខ្ញុំចង់និយាយគឺសម្តេច ហ៊ុន សែន គាត់ឆ្លាតវាងវៃណាស់ក្នុងការជ្រើសរើសមនុស្ស ដែលឲ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលមានការសិក្សាយ៉ាងល្អឥតខ្ចោះ ខាងការទូតមកពីប្រទេសបារាំង និងជាអ្នកការទូតដែលមានជំនាញខ្ពស់ ព្រោះគាត់ធ្លាប់ជាឯកអគ្គរដ្ឋទូតប្រចាំសហភាពអឺរ៉ុប ។ សម្តេច ហ៊ុន សែន ​ក៏​បាន​តែង​តាំង​ឯកឧត្តម ប្រាក់ សុខុន ​ជា​បេសកជន​ពិសេស​អាស៊ាន មក​រក​វិធី​ចរចា​រឲ្យមានសន្តិភាព​ដល់ភូមាភ្លាមៗ ។

គេ​ធ្លាប់ដឹង​ហើយ​ថា កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រាម​ក្នុង​ស្រុក ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ដែលមាន​​បី​ភាគី ដោយភាគីណាជាអ្នកឈ្នះ? អ្នកមិនចាំបាច់ទស្សន៍ទាយទេ អ្នកដឹងហើយ នោះគឺបុគ្គល​ដែល​ស្គាល់​ច្បាស់​បំផុត​អំពី​បញ្ហា​ចរចា​សន្តិភាព គឺសម្តេច ហ៊ុន សែន ប្រហែល​ជា​គ្មាន​ជាតិ​សាសន៍​ណា​ដែល​ស័ក្តិសម​ជាង​កម្ពុជានោះទេ ម្យ៉ាងទៀតខ្ញុំជឿថា ថ្ងៃនេះគឺជារឿងដល់វេនអ្នកជិតខាងដែលក្តៅគគុកនេះម្តងហើយ ។

 អ្នក​ណា​ក៏ដោយដែលមានចំណែកពាក់ព័ន្ធ មិនថាតួនាទីអ្វីនោះទេ ពួកគេសុទ្ធតែជា "ដែកក្តៅ" ទាំងអស់ ប៉ុន្តែដើម្បីនាំមកនូវសន្តិភាពនោះ ការ​ប្រើ​វិធី​ប្រយុទ្ធគ្នា​នឹង​មិន​នាំ​មក​នូវ​សន្តិភាព​ទេ ពោល​គឺ​បើ​អ្នក​ពិត​ជា​ចង់​ឃើញ​សន្តិភាព​កើត​ឡើងមែន វាចាំបាច់ណាស់ក្នុងការប្រើវិធីចរចានៅលើតុតែប៉ុណ្ណោះ ប៉ុន្តែតើអ្នកណានឹងអាចចាប់យកមនុស្សដែលមានច្រើនភាគី ដែល​គ្រប់​ភាគី​សុទ្ធតែ​ក្តៅ​រោលរាល វាគឺជារឿលំបាកណាស់ ។

ដូច្នេះ​ដើម្បី​ឲ្យ​ភាគី​ទាំងអស់​មាន​ភាព​ត្រជាក់​ ត្រូវតែប្រើនយោបាយដ៏ប៉ិនប្រសព្វ ។ សម្តេច ហ៊ុន សែន បានប្រើពាក្យថា «វិធីសាស្រ្តផ្សេងគ្នា» ក្នុងការទាញយកក្រុមជម្លោះមកតុចរចានិងសំខាន់បំផុតឲ្យបាន ហើយសំខាន់បំផុតមនុស្សដែលអង្គុយនៅក្បាលតុ ត្រូវតែយល់នៅក្នុងបរិបទនៃប្រទេសភូមាគ្រប់ពេលវេលា មិនថាក្នុងអតីតកាល បច្ចុប្បន្ន និងអនាគត ។

ជាការពិតណាស់ អ្នកក៏នឹងត្រូវដឹងពីរបៀបប្រើប្រាស់ភាពស្និទ្ធស្នាលផ្ទាល់ខ្លួន ដែលខ្លួនឯងនៅជាមួយភាគីដែលមានកម្លាំងខ្លាំងជាងនិងឈរលើមូលដ្ឋាននៃការគោរពដល់ភាគីទាំងអស់ដែលចូលរួមលើតុចរចា ហើយយល់ច្បាស់អំពីបញ្ហា ។

វាច្បាស់ណាស់ថា ការជឿទុកចិត្តរបស់អ្នកចូលរួមចរចាក៏ជាបច្ច័យសំខាន់ដូចគ្នា ។ ដូច្នេះការតែងតាំងឯកអគ្គរដ្ឋទូតពិសេសនេះ ខ្ញុំ​ពិត​ជា​ជឿជាក់​ថា ​ជា​ការ​តែងតាំង​ដ៏​ត្រឹម​ត្រូវ ប្រសិនបើបច្ច័យផ្សេងៗទាំងអម្បាលមាណខាងលើ មិនទាន់បានជ្រាបចូលទេ វាពិបាកក្នុងការទទួលបានជោគជ័យ។ 

ក្នុងស្ថានកាណ៍បច្ចុប្បន្ននេះ ប្រជាជនភូមាទាំងអស់ មិនថាភាគីខាងណាទេ ត្រូវតែយល់ពីកត្តាដែលអាចបង្កឱ្យមានសង្រ្គាមស៊ីវិល តើមានហេតុផលអ្វីខ្លះ? ជាង​នេះ​ទៅ​ទៀត បើ​មាន​សង្គ្រាម​ស៊ីវិល​ពិត​ប្រាកដ តើ​ប្រជាជនភូមា​នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ណា?

នេះ​ជា​សំណួរ​ដែល​ខ្ញុំ​មិន​ជឿ មិនមែន​ប្រជាជនភូមាទាំងអស់​មិនដឹងនោះ​ទេ ព្រោះ​គ្រប់​គ្នា​ធ្លាប់បាន​ឃើញ​សង្គ្រាម​ស៊ីវិល​ដែល​បាន​កើត​ឡើង​ក្នុង​ទសវត្សរ៍​កន្លងមកហើយ ។ ចម្លើយ​បាន​បង្ហាញ​យ៉ាង​ច្បាស់ថា ប្រសិនមិនដឹង ខ្ញុំអាចប្រាប់អ្នកបាន! ដោយយកសំណួរចុងក្រោយមកឆ្លើយនោះថា ក្រុមដែលឈឺចាប់បំផុតគឺ «ប្រជាជន» ។ អ្នក​ខ្លះ​ប្រហែល​ជា​និយាយថា «អ្នកចាញ់»​ គឺជាអ្នកដែលរងទុក្ខ និងឈឺចាប់បំផុត... ខ្ញុំនឹងប្រកែកថា «មិនមែនទេ» ទោះបីជាអ្នកចាញ់ម្នាក់ៗអាចត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារ ឬការបាត់បង់ជីវិតក៏ដោយ ប៉ុន្តែអ្នកដែលត្រូវមានទោសជាប់ពន្ធនាគារក៏ត្រូវមានថ្ងៃដោះលែងមកវិញ, អ្នករបួសក៏ត្រូវបានព្យាបាលជាសះស្បើយ ចំណែកអ្នកដែលបានស្លាប់ទៅ ក៏មិនបានដឹងរឿងរ៉ាវអ្វីទាំងនោះដែរ ប៉ុន្តែអស់អ្នកដែលបាននិយាយ គាត់មានសង្ឃឹមឈ្នះ ប្រទេសភូមាឈ្នះ ថែមទាំងសមនឹងទទួលបានអ្វីដែលនឹងកើតឡើងនាពេលខាងមុខ ។

ប៉ុន្តែប្រជាជនទូទៅ គាត់ក៏មិនមានចំណែកអ្វីពាក់ព័ន្ធ​នឹង​សកម្មភាពនោះ​ទេ ប៉ុន្តែ​គាត់​ត្រូវ​រង​នូវ​ផល​វិបាក​ដែល​អ្នក​ដទៃ​បាន​បង្ក លទ្ធផលបានមកគឺការអត់ឃ្លាន មាត់ស្ងួត ពីគ្រោះថ្នាក់ដែលកើតចេញពីវិបត្តិសេដ្ឋកិច្ច ពីភាពក្រីក្ររបស់ប្រទេស ពីការបាត់បង់មនុស្សជាទីស្រលាញ់ ពីរបួសទាំងផ្លូវកាយ និងផ្លូវចិត្ត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម