យក្ស គំរាម យក្ស

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី21 ខែមករា ឆ្នាំ2022 ម៉ោង 7:02 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន (Joe Biden) បានព្រមានប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ថា ប្រសិនរុស្ស៊ីចាត់ការជាមួយនឹងអ៊ុយក្រែន គេនឹងប្រឈមនឹង «គ្រោះមហន្តរាយ» ធ្ងន់ធ្ងរ ប៉ុន្តែការឈ្លានពានតិចតូច ទម្រង់តូចៗ ក៏នឹងប្រឈមមុខនឹងការតបស្នងតិចតួចពីលោកខាងលិចដែរ ។

កាលពីថ្ងៃពុធ ទី ១៩ ខែមករា ឆ្នាំ ២០២២ លោក ចូ បៃដេន បានថ្លែងសារនៅសេតវិមានរយៈពេល ២ ម៉ោង ប៉ុន្តែសាររបស់គាត់បានបង្កើតភាពច្របូកច្របល់ និងមិនច្បាស់លាស់អំពីគោលជំហររបស់លោកខាងលិចអំពីរបៀបទប់ទល់នឹងរុស្ស៊ី ប្រសិនបើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រេចចិត្តឈ្លានពានអ៊ុយក្រែនមែន ។

រុស្ស៊ីដាក់កម្លាំងយោធា ១០០.០០០ នាក់ ជាមួយនឹងយុទ្ធោបករណ៍នៅកៀកព្រំដែនប្រទេសអ៊ុយក្រែន ដែលបង្កឲ្យមានការ បារម្ភដល់លោកខាងលិច ។ ក្រុមសម្ព័ន្ធមិត្តបានចោទ ពូទីន ថាកំពុងរៀបចំផែនការឈ្លានពាន ដើម្បីការពារអ៊ុយក្រែនពីការចូលជាសមាជិកNATO ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីបានបដិសេធការចោទប្រកាន់នេះ ។ 

លោក បៃដេន និយាយថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ព្រមគ្នានឹងបង្កមហន្តរាយដល់ការបាត់បង់សេដ្ឋកិច្ចរបស់ រុស្ស៊ី ។ «រុស្ស៊ីត្រូវទទួលខុសត្រូវចំពោះការរុករាន និងការប្រព្រឹត្ត ប្រសិនជាការរុករានទន្ទ្រានតិចតួច វាជារឿងមួយ ចុងក្រោយត្រូវតស៊ូជាមួយនឹងអ្វីដែលគួរធ្វើ និងមិនគួរធ្វើ... ប៉ុន្តែប្រសិនបើពួកគេពិតជាធ្វើអ្វីដែលអាចធ្វើបាន ជាមួយ​នឹង​កង​កម្លាំង​ដែល​ចល័ត​តាម​ព្រំដែន វានឹងក្លាយជាគ្រោះមហន្តរាយសម្រាប់រុស្ស៊ី ។ «តម្លៃនៃការចូលទៅកាន់អ៊ុយក្រែនទាក់ទងនឹងការបាត់បង់ជីវិតដល់ជនជាតិរុស្ស៊ី និង​មាន​ការ​ខាត​បង់​យ៉ាងធ្ងន់ធ្ងរ»

ស្របពេលដែលត្រូវបានគេរាយការណ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ភ្លើងខៀវដល់ប្រទេសលីទុយអានី, ឡាតវី និងអេស្តូនី ៣ ជាតិសាសន៍បាល់ទិក ដែលធ្លាប់ជាអតីតសមាជិកសហភាពសូវៀតដូចអ៊ុយក្រែន អាច​បញ្ជូន​មី​ស៊ី​ល និង​អាវុធ​ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិកចូលអ៊ុយក្រែនបាន ។ កិច្ចព្រមព្រៀងផ្ទេរអាវុធរបស់ប្រទេសទីបីនឹងអនុញ្ញាតឱ្យ​អេស្តូនីបញ្ជូនមីស៊ីលប្រឆាំងរថក្រោះទៅកាន់អ៊ុយក្រែន ខណៈដែលប្រទេសលីទុយអានីនឹងត្រូវបានអនុញ្ញាតឱ្យបញ្ជូនមីស៊ីល Stinger ទៅកាន់អ៊ុយក្រែនផងដែរ ។

ពាក្យសម្តីរបស់លោក បៃដេន អំពី «ការឈ្លានពានតិចតួច» បានបង្កើតភាពច្របូកច្របល់ ហើយ​ធ្វើ​ឲ្យ​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​ចេញ​មុខ​ស្តី​បន្ទោស ដោយ​ចោទ​ថា បាន​ផ្តល់​ភ្លើង​ខៀវ​យុទ្ធសាស្ត្រ​សម្រាប់​រុស្ស៊ី​ក្នុង​ការ​បញ្ជូន​ទ័ព​ទៅ​ឈ្លានពាន​អ៊ុយក្រែន ។

សេតវិមានត្រូវតែប្រញាប់ប្រញាល់បំភ្លឺសេចក្តីថ្លែងការណ៍ភ្លាមៗ បន្ទាប់ពីលោក បៃដេន បានបញ្ចប់សន្និសីទសារព័ត៌មាន ។ លោក​​បញ្ជាក់​ជា​ថ្មី​ថា ចលនា​យោធា​រុស្ស៊ី​ចូល​អ៊ុយក្រែន​ក្នុង​កម្រិត​ណា​មួយ នឹង​ប្រឈម​មុខ​នឹង​ការ​ឆ្លើយ​តប​វិញដ៏​អាក្រក់ ។

«ប្រសិនបើទាហានរុស្ស៊ីឆ្លងកាត់ព្រំដែនអ៊ុយក្រែន នោះគឺជាការលុកលុយថ្មី ហើយ​នឹង​ប្រឈម​មុខ​នឹង​ការតបស្នង​យ៉ាង​ឆាប់​រហ័ស និងការឯកភាពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង» អ្នកនាំពាក្យសេតវិមាន ជេន សាគី (Jane Saki) បាននិយាយដោយពន្យល់ពីចេតនារបស់លោក បៃដេន ។ រុស្ស៊ី​មាន​យុទ្ធសាស្ត្រ​ទូលំទូលាយ​នៃ​ការ​ឈ្លានពាន​មិន​ប្រើ​យោធា នេះ​រួម​បញ្ចូល​ទាំង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត (សាតបឺរ) និងយុទ្ធវិធីពាក់កណ្តាល​យោធា ។

រីឯរុស្ស៊ីវិញបានថ្កោលទោសពាក្យគំរាមរបស់លោក បៃដេន ។ លោក ឌីមីទ្រី ប៉េសខស អ្នកនាំពាក្យវិមានក្រឹមឡាំងថា សេចក្តីថ្លែងការណ៍នោះធ្វើឲ្យស្ថានការណ៍គ្មានសន្តិសុខ ព្រោះអាចបង្កើតការបំផុសគំនិតឲ្យពួកក្បាលរឹងអ៊ុយក្រែន មានសង្ឃឹមបែបខុស ។

អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីថ្ងៃទី ១៩ មករា ហើយបានប្រឹក្សាជាមួយសម្ព័ន្ធមិត្តក្នុងអឺរ៉ុប មុនទៅជួបលោក សឺហ្គេយ៍ ឡារ៉ូស រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅចេនេវ៉ា នាថ្ងៃសុក្រទី ២១ មករា នេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម