ដោយ សូរ្យសែង៖
សារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលយើងដកស្រង់នៅយប់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ មានដូចតទៅ ៖
បន្ទាប់ពីការតាមដានមួយរយៈពីមេរោគបំប្លែងថ្មី អូមីក្រុង ដេលមុននេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចេញបញ្ជាដាច់ណាត់ឲ្យអ្នកជំងឺដែលឆ្លងអូមីក្រុង ចាំបាច់ត្រូវតែចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ លើកលែងតែប៉ុន្មានថ្ងៃនេះ ភ្ញៀវបរទេស ជាអ្នកការទូត អាចយកទៅព្យាបាលនៅស្ថានទូតបាន ។ ឥឡូវនេះអូមីក្រុងថ្វីត្បិតវាចម្លងលឿន តែបើប្រៀបធៀប ដែលតា អាល់ហ្វា ឃើញថាអូមីក្រុងមានសភាពស្រាលជាង ដូចនេះសម្តេចបានចេញបទបញ្ជាទៅក្រសួងសុខាភិបាលដូចតទៅ ៖
១. សម្រាប់ជនបរទេសទាំងអស់ដែលចូលកម្ពុជាដែលរកឃើញកូវីដ១៩ ក្តី រកឃើញអូមីក្រុង ឬ មិនអូមីក្រុង ក៏បានអនុញ្ញាតឲ្យសម្រាកនៅតាមសណ្ឋាគារ តាមស្ថានទូត ដែលពូកគាត់ជ្រើសរើស ដែលពួកគាត់ចង់ទៅ មិនបាច់ចូលមន្ទីរពេទ្យនានារបស់យើងទេ ប៉ុន្តែអាស្រ័យលើការជ្រើសរើសរបស់ភ្ញៀវដែលជាស្ថានទូត ឬអ្នករកស៊ី ។
២ ខ្មែរយើង នៅក្នុងស្រុក ទាំងមកពីក្រៅស្រុក ទោះមានអូមីក្រុង ក៏អនុញ្ញាតឲ្យទៅព្យាបាលតាមផ្ទះដូចអ្នកជំងឺដែលតា អាល់ហ្វា ដូចគ្នា តាមបច្ចេកទេសសុខាភិបាលដូចគ្នា មិនតម្រូវការចាំបាច់ដូចកាលពីពេលមុន ដែលតម្រូវឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យដែលកំពុងស្ថិតក្នុងការតាមដាន ដូច្នេះអ្នកជំងឺទាំងឡាយ គឺត្រូវរកកន្លែងសមរម្យ ក្នុងករណីដែលផ្ទះមិនអាចព្យាបាលបាន ឬមិនសមរម្យ ចាំទៅរកមន្ទីរពេទ្យ ឬតាមទីកន្លែងដែលខ្លួនត្រូវការ ជារួមមិនត្រូវឲ្យមានការចូលមន្ទីរពេទ្យ ត្រូវតែនៅមន្ទីរពេទ្យ ដូចពេលមុនទេ ។
៣. អ្នកជំងឺអូមីក្រុងដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ ជាបរទេសក្តី ឬជាជនជាតិកម្ពុជាយើងក្តី បើចង់ចាកចេញព្យាបាលតាមផ្ទះ ឬតាមសណ្ឋាគារ ក៏អនុញ្ញាតឲ្យចេញ ចាប់ពីយប់នេះតទៅ ។
សម្តេចតេជោបានបញ្ជាក់ថា «ការអនុញ្ញាតឲ្យចេញទៅព្យាបាលតាមផ្ទះ ឬតាមសណ្ឋាគារ មិនមែនឲ្យធ្វើដំណើរដើរលេងតាមចិត្តនោះទេ គឺត្រូវទៅចូលព្យាបាលតាមទីកន្លែង តាមផ្ទះ សណ្ឋាគារ » ។
ទាំង ៣ ចំណុចនេះ ចាប់អនុវត្តពីពេលសម្តេចចេញបញ្ជាយប់នេះទៅ ត្រូវចាប់អនុវត្តភ្លាម ៕