កាន់តែវីវរហើយ តិចផ្ទុះទៅ! អាវុធ ៩០ តោនរបស់សហរដ្ឋអាមេរិកទៅដល់ដៃអ៊ុយក្រែន

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី23 ខែមករា ឆ្នាំ2022 ម៉ោង 8:18 នាទី ល្ងាច

ប្រភព BBC / CNN

ដោយ សូរ្យសែង៖

ការជួយសព្វាវុធប្រមាណ ៩០ តោន របស់សហរដ្ឋអាមេរិកបានទៅដល់ប្រទេសអ៊ុយក្រែនហើយ ដែលកំពុងមានភាពតានតឹងជាមួយរុស្ស៊ីនៅកៀកព្រំដែន ស្របពេលដែលមានព័ត៌មានថា ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បានជម្លៀសមន្ត្រីទូតដែលមិនចាំបាច់ និងគ្រួសារត្រឡប់ទៅប្រទេសវិញ ដោយសារកង្វល់ពីរុស្ស៊ីវាយចូលអ៊យក្រែន ។

អាវុធខាងលើចាត់ទុកជាការផ្តល់ឈុតលើកដំបូង ដែលកងទ័ពអាមេរិកអនុម័តជួយអ៊ុយក្រែន ក្នុងនោះមានទាំងគ្រាប់កាំភ្លើងសម្រាប់ការពារជួរមុខផង ។ ការបញ្ជូនសព្វាវុធឲ្យទៅអ៊ុយក្រែនធ្វើឡើង ក្រោយពីលោក ប្លីងខេន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទៅកាន់អ៊ុយក្រែនកាលពីពាក់កណ្តាលសប្តាហ៍មុន និងប្រើឱកាសនេះព្រមានថា នឹងវាយបកវិញឲ្យធ្ងន់ធ្ងរ ប្រសិនរុស្ស៊ីទន្ទ្រានចូលអ៊ុយក្រែន ទោះជារុស្ស៊ីបដិសេធថាគ្មានបែបនឹងក៏ដោយ ។

ស្ថានទូតអាមេរិកប្រចាំអ៊ុយក្រែននិយាយថា «អាមេរិកជួយលើកនេះដើម្បីគាំទ្រកងកម្លាំងរបស់អ៊ុយក្រែន ដើម្បីការពារអំណាចអធិបតេយ្យ និងបូរណភាពទឹកដី ពីការឈ្លានពានរបស់រុស្ស៊ី» ។

សារព័ត៌មាន CNN រាយការណ៍ថា ស្ថានទូតអាមេរិកក្នុងទីក្រុងគៀវ បានស្នើទៅក្រសួងការបរទេសខ្លួន ឲ្យបុគ្គលិកដែលមិនចាំបាច់ ព្រមទាំងគ្រួសារ ចាកចេញពីទីក្រុងរបស់អ៊ុយក្រែន ដោយសារស្ថានភាពសន្តិសុខកាន់តែយ៉ាប់យឺន ។

ព័ត៌មានពីចារកម្មរបស់ក្រសួងការពារអ៊ុយក្រែន ដែលប្រាប់ CNN កាលពីពាក់កណ្តាលសប្តាហ៍មុនថា ពេលនេះរុស្ស៊ីមានទាហាននៅក្នុងតំបន់តាមព្រំដែនជាមួយអ៊ុយក្រែន ១២៧.០០០ នាក់ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីទ្រី គូលេបា (Dmitry Kuleba) កាលពីថ្ងៃសៅរ៍ ទី ២២ មករា បានថ្កោលទោសប្រទេសអាល្លឺម៉ង់ចំពោះការបដិសេធមិនផ្តល់អាវុធដល់ទីក្រុងគៀវ ជំរុញឱ្យទីក្រុងប៊ែរឡាំងបញ្ឈប់ធ្វើឱ្យខូចដល់ការរួបរួម និងឈប់គាំទ្រលោក វ្ល៉ាឌីមៀ ពូទីន ចំពេលមានការព្រួយបារម្ភអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។ មេបញ្ជាការកងទ័ពជើងទឹកអាល្លឺម៉ង់ក៏បានគោរពដល់មេដឹកនាំរុស្ស៊ីផងដែរ ហើយ​បាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ថា ក្រុង​គៀវនឹង​មិន​យក​គ្រីមៀ​ពី​ក្រុង​មូស្គូ​មក​វិញ​ទេ ការ​លើក​ឡើង​នេះ​បាន​ទាក់ទាញ​ការ​រិះគន់​យ៉ាង​ខ្លាំង​ដែល​ថា​មេបញ្ជាការ​ត្រូវ​លាលែង​ពី​តំណែង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម