ជំនួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង នាយករដ្ឋមន្ត្រីកម្ពុជា សរសើរគ្នាទៅវិញទៅមក

នយោបាយថ្ងៃអង្គារ៍ ទី25 ខែមករា ឆ្នាំ2022 ម៉ោង 6:53 នាទី ល្ងាច

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក អ៊ីស្មែល សាប៊្រី យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបនេះមានចំណុច២សំខាន់ៗត្រូវបានលើកឡើងដែល ទី១)គឺកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណុចទី២) គឺកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ជាពិសេសវិបត្តិនៅមីយ៉ាម៉ា ។

សម្តេចតេជោបានថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ដែលបានជួបសម្តែងការគួរសមជាមួយសម្តេចនៅព្រឹកនេះ ហើយសម្តេចបានបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលមានការរីកចម្រើន ដោយមានកិច្ចសហប្រតិបត្តិការល្អ ពិសេសទំហំពាណិជ្ជកម្មប្រទេសទាំងពីរនៅរក្សាបានការកើនឡើងជាលំដាប់ និងបាន អបអរសាទរចំពោះការគ្រប់គ្រង និងការដឹកនាំពិសេសក្នុងការគ្រប់គ្រងកូវីដ-១៩ របស់ប្រទេសម៉ាឡេស៊ី រួមទាំងជម្នះវិបត្តិធម្មជាតិគ្រោះទឹកជំនន់កន្លងមក ។

សម្តេចតេជោក៏បានអរគុណ លោក សាប៊្រី យ៉ាកុប ផងដែរចំពោះការដែលឯកភាពក្នុងការតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើប្រធាននេះ។ សម្តេចតេជោ ក៏បានអរគុណ លោក សាប៊្រី យ៉ាកុប ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជាទៅធ្វើការនៅម៉ាឡេស៊ី ជាពិសេសក្នុងការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅម៉ាឡេស៊ី ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា

បច្ចុប្បន្ន​ក៏មានប្រជាពលរដ្ឋម៉ាឡេស៊ីចំនួន ២៩៦៨នាក់ ដែលកំពុងធ្វើការរស់នៅប្រទេសកម្ពុជា ក៏បានទទួលការចាក់វ៉ាក់សាំងនៅកម្ពុជាផងដែរ ។ សម្តេចតេជោក៏អរគុណប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូនគណៈប្រតិភូម៉ាឡេស៊ីមកចូលរួម វេទិកាទេសចរណ៍អាស៊ាន និងរដ្ឋមន្រ្តីអាស៊ាននៅខេត្តព្រះសីហនុកន្លងមកនេះដោយទទួលបានជោគជ័យ ។

សម្តេចបានលើកឡើងអំពីការងារ និងកិច្ចការអាស៊ាន ព្រមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា រួមទាំងបានមានប្រសាសន៍​ពីគោលបំណងក៏ដូចជាលទ្ធផលទៅទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅថ្មីៗនេះ ព្រមទាំងបង្ហាញអំពីវិធានការដែលនឹងត្រូវធ្វើបន្តទៀត។

សម្ដេចបានបញ្ជាក់ថា ការទៅទស្សនកិច្ចនៅប្រទេសមីយ៉ាម៉ានេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងចង់ដឹងអ្វីដែលជាបញ្ហាសំខាន់ៗ តើប្រទេសមីយ៉ាម៉ាអាចធ្វើអ្វីខ្លះ? ដើម្បីអនុវត្តនូវចំណុចទាំង៥ ដែលបានឯកភាពគ្នាកន្លងមកនេះ លើសពីនេះក៏បាននាំនូវអំណោយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ ហើយសម្ដេចនឹងខិតខំធ្វើការងារជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ាជាបន្តទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមីយ៉ាម៉ា។ លទ្ធផលមួយទៀត​ គឺបានជំរុញឲ្យមានកិច្ចសន្ទនា ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលបានឯកភាពគ្នាជាឯកច្ឆន្ទនោះ ។ សម្ដេចបានមានប្រសាសន៍ថា ស្ថានភាពនៅមីយ៉ាន់ម៉ាពិតជាមានភាពស្មុគស្មាញ និងមានការលំបាក ដូច្នេះមិនអាចដោះស្រាយក្នុងរយៈពេលខ្លីបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងធ្វើយ៉ាងណាឲ្យមានការចរចារកដំណោះស្រាយ និងត្រូវមានការបញ្ជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជាចាំបាច់នោះ ។

សម្ដេចតេជោក៏បានជម្រាបជូនទៅកាន់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៀតថា ក្រោយពីទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាហើយនោះ ស្រាប់តែមានការកាត់ទោសលោកជំទាវ អោង សានស៊ូជី រយៈពេល៤ ឆ្នាំ និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងជួបពិភាក្សាតាមវីដេអូជាមួយនឹង ឯកឧត្តម មិន អងឡាយ នៅថ្ងៃស្អែក ដើម្បីចង់ដឹងបន្ថែមទៀត អំពីការងារទាំងអស់នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថាពេលនេះស្ថានភាពនៅមីយ៉ាន់ម៉ាមានលក្ខណៈស្មុគស្មាញមែនទែនដោយសារមានរដ្ឋាភិបាលដល់ទៅពីរឯណោះ រួមទាំងរដ្ឋាភិបាលស្រមោលផងដែរ និងបានអញ្ជើញលោក មិន អងឡាយ ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពរីកចម្រើនក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងចំណុចទាំង៥ ដែលបានព្រមព្រៀងជាឯកច្ឆន្ទនោះ តែបើសិនជាមិនមានទេ ត្រូវបញ្ជូនតំណាងដែលមិនមែននយោបាយចូលរួមប្រជុំអាស៊ាន ។

សម្ដេចតេជោបានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីសំណើរបស់សម្ដេចក្នុងការបង្កើតយន្តការ ២ ដើម្បីរកច្រកចេញក្នុងការការងារនេះ ៖

យន្តការទី១ ៖ យន្តការ អាស៊ាន-ត្រយការ ដើម្បីជួយសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការអនុវត្តនៃកិច្ចព្រមព្រៀងដោយឯកច្ឆន្ទទាំង៥ ចំណុច ដែលមានកម្ពុជាប្រធានអាស៊ានបច្ចុប្បន្ន មានប៊្រុយណេជាអតីតប្រធានអាស៊ាន និងឥណ្ឌូណេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា បូករួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

យន្តការទី២៖ គឺដើម្បីធ្វើការសម្របសម្រួលជំនួយមនុស្សធម៌ ឲ្យទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាពិសេសមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន មានមជ្ឈមណ្ឌលអាហារ មានភាគីខាងមីយ៉ាន់ម៉ា មានភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិផងដែរ។ សម្ដេចថា នៅពេលនេះអាស៊ានពិតជាមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដូច្នេះអាស៊ានយើងមិនអាចក្លាយទៅជាចំណាប់ខ្មាំងនៃមីយ៉ាម៉ាបានទេ។

លោក អ៊ីស្មែល សាប៊្រី យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី

ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានជូនពរសម្ដេចតេជោក្នុងឱកាសឆ្នាំថ្មីនេះ និងបានអបអរសាទរចំពោះកម្ពុជាដែលបានទទួលធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ នេះ។ ឯកឧត្តមក៏បានមានប្រសាសន៍អំពីមូលបទដែលត្រូវធ្វើការជាមួយគ្នា ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយសម្រាប់អាស៊ានយើងនេះ។

លោក សាប៊្រី យ៉ាកុប បានមានប្រសាសន៍ថា កម្ពុជាគឺជាដៃគូដ៏សំខាន់ របស់ប្រទេសម៉ាឡេស៊ី បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ ដែលទាំងអស់នេះឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រទេសយើងទាំងពីរមានការរីកចម្រើន នៅក្នុងវិស័យវិនិយោគ ពាណិជ្ជកម្មនេះ ។ ឯកឧត្តមបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៥៥ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ។ លោក យ៉ាកុប ពិតជាយល់អំពីដំណើរទស្សនកិច្ចការងាររបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលវាមានសារៈសំខាន់សម្រាប់អាស៊ានផង និងសហគមន៍អន្តរជាតិ។ ឯកឧត្តមបានមានប្រសាសន៍អំពីសារសំខាន់ក្នុងការដោះស្រាយនៅមីយ៉ាម៉ាដែលទាមទារត្រូវតែចូលរួមទាំងអស់គ្នា ជាពិសេសនៅក្នុងក្របខណ្ឌធម្មនុញ្ញអាស៊ាន។ ឯកឧត្តមក៏បានអំពាវនាវអោយមានការដោះលែងអ្នកទោសនយោបាយទាំងអស់ នៅប្រទេសមីយ៉ាន់ម៉ា រួមទាំង លោកស្រី អ៊ុង សានស៊ូឃ្យី ផងដែរ ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បានមានប្រសាសន៍ថា ឯកឧត្តមបានទទួលយកទាំងអស់នូវការលើកឡើងរបស់សម្ដេចតេជោក៏ដូចជាសំណើដែលសម្ដេចតេជោ បានដាក់ចេញនេះ ជាពិសេសការស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន និងឧត្តមមន្ត្រីអាស៊ាន ដើម្បីជួបពិភាក្សាគ្នា ។

ចំពោះប្រេសិតពិសេសអាស៊ានវិញឯកឧត្តមបានគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យប្រេសិតពិសេសនេះ អនុវត្តនូវចំណុចទាំង៥ ដែលមានការព្រមព្រៀងគ្នាជាឯកច្ឆន្ទកន្លងមកនោះ ។

លោក សាប៊្រី យ៉ាកុប ក៏បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាក្នុងការសន្ទនាជាមួយនឹងឯកឧត្តមនាព្រឹកនេះ។ ឯកឧត្តមនឹងបន្តខិតខំ ក្នុងការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំរបស់កម្ពុជាដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ ហើយបើស្ថានភាពល្អប្រសើរឯកឧត្តមនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់នៅកម្ពុជា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម