ទីក្រុងកំពង់ផែរបស់ស្រីលង្កា អាចក្លាយជាឌូបៃថ្មី ឬក៏ជាដែនដីមួយរបស់ចិន ?

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី26 ខែមករា ឆ្នាំ2022 ម៉ោង 7:39 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

«អ្នកផ្លាស់ប្តូរហ្គេមសេដ្ឋកិច្ច» គឺជាអ្វីដែលមន្ត្រីស្រីលង្កាហៅថា ទីក្រុងកំពង់ផែកូឡុំបូ (Colombo Port City) ដែលជាទីក្រុងថ្មីត្រូវបានសាងសង់នៅឆ្នេរសមុទ្រនៃរដ្ឋធានីស្រីលង្កា ។

ទីក្រុង​មាត់សមុទ្រ​ថ្មី​នេះ​នៅ​ជាប់​សង្កាត់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​កូឡុំបូ ។ ការសាងសង់ទីក្រុងនេះប្រកបដោយបច្ចេកវិទ្យាខ្ពស់កំពុងដំណើរការចាក់​បំពេញ​ខ្សាច់​ដ៏​ធំ​ចូល​ទៅ​ក្នុង​សមុទ្រ ជាទីតាំងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាកន្លែងស្នាក់នៅ និងជាច្រក ដូចជាឌូបៃ ម៉ូណាកូ ឬ ហុងកុង។

លោក សាលីយ៉ា វីក្រាម៉ាស៊ូរីយ៉ា (Saliya Vikramasuriya) សមាជិកម្នាក់នៃគណៈកម្មការសេដ្ឋកិច្ចទីក្រុងកំពង់ផែកូឡុំបូបានប្រាប់កាសែត BBC ថា គម្រោង​កែ​ច្នៃ​សមុទ្រ​នេះ​នឹង​ផ្តល់​ឱកាស​ដល់​ស្រីលង្កា​ក្នុង​ការគូស​ផែនទី​ឡើងវិញ និងកសាងទីក្រុងលំដាប់ពិភពលោកសម្រាប់ប្រកួតប្រជែងជាមួយទីក្រុងឌូបៃ និងសិង្ហបុរី ។

ប៉ុន្តែអ្នកប្រឆាំងចោទសួរថា តើទីក្រុងនេះពិតជាអាចក្លាយការផ្លាស់ប្តូរហ្គេមសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានប៉ុនណា?

ការចាប់ផ្តើមគម្រោងការកែឆ្នៃសមុទ្រដើម្បីទទួលបានដីថ្មីទំហំ ២,៦ គីឡូម៉ែត្រការ៉េ ប្រទេសស្រីលង្កានឹងត្រូវការវិនិយោគពីក្រុមហ៊ុន China Harbor Engineering Company-CHEC ចំនួន ១,៤ ពាន់លានដុល្លារអាមេរិក ដែលខាងក្រុមហ៊ុនចិនទទួលបានសិទ្ធិលើកំពង់ផែនេះចំនួន ៤៣% សម្រាប់រយៈពេល ៩៩ ឆ្នាំ ។

ក្រោយការកសាងជាច្រើនឆ្នាំ សំណង់បានដំណើរការទៅដោយរលូន ហើយបានប្រែរូបរាងឡើងមកហើយ ។

មន្ត្រីស្រីលង្កានិយាយថា គម្រោងការសាងសង់នេះមានជាលើកដំបូងក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ហើយត្រូវប្រើពេល ២៥ ឆ្នាំទើបបញ្ចប់ ។

ស្រីលង្កា និយាយថា ទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់ស្រីលង្កា និងតំបន់ដែលប្រគល់ឱ្យចិន វានឹងត្រូវបានជួលទៅឱ្យសាជីវកម្មពហុជាតិ ធនាគារ និងសាជីវកម្មផ្សេងៗទៀត ហើយរដ្ឋាភិបាលក៏អាចយកពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនទាំងនេះផងដែរ។

ប្រជាជនប្រហែល ៨០.០០០ នាក់ត្រូវបានគេរំពឹងថានឹងរស់នៅក្នុងទីក្រុងថ្មីនេះ ហើយការលើកលែងពន្ធនឹងត្រូវបានផ្តល់ដល់អ្នកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងទីក្រុងនេះ រាល់ប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ គិតជាដុល្លារអាមេរិក។

គម្រោងទីក្រុងកំពង់ផែនេះត្រូវបានសម្ពោធធ្វើជាផ្លូវការ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ហ្ស៊ី ជិនពីង (Xi Jinping) ទៅកាន់ទីក្រុងកូឡុំបូក្នុងឆ្នាំ ២០១៤ គឺមួយឆ្នាំបន្ទាប់ពីលោកបានចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាការប្រកួតប្រជែងក្នុងការកសាងផ្លូវថ្នល់ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រនៅទូទាំងអាស៊ី និងអឺរ៉ុប ដើម្បីជំរុញពាណិជ្ជកម្ម ។

ស្រីលង្កាបានស្នើការឧបត្ថម្ភថវិកាពីចិនដើម្បីស្តារប្រទេស ក្រោយពីសង្គ្រាមដ៏អូសបន្លាយពីភាគីបែងចែកទឹកដីទមិឡក្នុងឆ្នាំ ២០០៩ ស្របពេលដែលប្រទេសលោកខាងលិចមានកង្វល់ទ្វេឡើងអំពីការល្មើសសិទ្ធិមនុស្ស ។

ក្នុងពេលលោក ហ្ស៊ី ធ្វើទស្សនកិច្ចនៅស្រីលង្កា លោក ហិន្ទ្រា រ៉ាចប៉ាក់សា ជាប្រធានាធិបតី​ ប៉ុន្តែគាត់បានចាញ់ឆ្នោតក្នុងឆ្នាំដដែល ដោយសារពាក់ព័ន្ធនឹងកម្ចីថវិការបស់ចិន ពិសេសរឿងសាងសង់កំពង់ផែខ្នាតធំនៅភាគខាងត្បូងហេមបាន់តូតា ។

៨ ឆ្នាំបន្ទាប់មក លោក រ៉ាចប៉ាក់សា បានត្រឡប់មកគ្រងអំណាចជាថ្មី ក្នុងតំណែងនាយករដ្ឋមន្ត្រី ដោយមានលោក កូតាបាយ៉ា ប្អូនប្រុសរបស់គាត់កាន់តំណែងជាប្រធានាធិបតី ប៉ុន្តែកំពង់ផែហេមបាន់តូតា មិនបានស្ថិតក្នុងដៃស្រីលង្កាទៀតទេ ។ ក្រោមរដ្ឋាភិបាលឈុតថ្មីក្នុងឆ្នាំ ២០១៧ ស្រីលង្កាបានប្រគល់កំពង់ផែនេះឲ្យចិនគ្រប់គ្រង ក្រោយពីប្រឈមនឹងបញ្ហាបំណុលពីក្រុមហ៊ុនផ្សេងៗរបស់ចិន ។ មានរបាយការណ៍ថា ប្រាក់ដែលស្រីលង្កាទទួលមក សុទ្ធតែយកទៅសងបំណុលផ្សេងៗ ។

វាមិនមែនជារឿងប្លែកចិត្តទេ ហើយក៏មិនមែនមនុស្សស្រីលង្កាគ្រប់គ្នាយល់ស្របជាមួយអាជ្ញាធរដែរ គឺនិយាយដល់នយោបាយនៃគម្រោងការនេះផងដែរ ។ ការ​ព្រួយ​បារម្ភ​អំពី​គម្រោង​នេះ​មាន​ច្រើនណាស់ រួម​ទាំង​ផល​ប៉ះពាល់​បរិស្ថាន​ផង ។ មនុស្សជាច្រើនភ័យខ្លាចរឿងនោះ ផលប្រយោជន៍​ពី​ការ​អភិវឌ្ឍ​នេះ​នឹង​មិន​ផ្តល់​ច្រើន​ដល់​ប្រទេស​ដូច​ការ​អះអាង​របស់​អ្នក​គាំទ្រ​គម្រោង​នោះ​ទេ ។

«គុណវិបត្តិមួយដែលអាចកើតមានអំពីទីក្រុងកំពង់ផែនេះគឺ ការលើកលែង ឬការកាត់បន្ថយពន្ធយ៉ាងច្រើនមហាសាលនៅក្នុងច្បាប់របស់ទីក្រុង វាមានភាពចាំបាច់មួយ ។ លោក ដេឆាល ដឺ មេល (Dechal de Mel) សេដ្ឋវិទូនៅស្ថាប័ន Verite Research បាននិយាយថា ការលើកទឹកចិត្តផ្នែកពន្ធត្រូវបានផ្តល់ឱ្យអ្នកវិនិយោគមួយចំនួនរហូតដល់ ៤០ ឆ្នាំ។ «ការលើកលែងពន្ធ និងការកាត់បន្ថយជាច្រើនមិនបង្កើនប្រាក់ចំណូលសរុបរបស់ប្រទេសស្រីលង្កានោះទេ» ។ កម្មវិធីពន្ធនេះក៏បានលើកឡើងពីកង្វល់ផ្សេងទៀតផងដែរ ដោយសហរដ្ឋអាមេរិកបានព្រមានពីបរិយាកាសធុរកិច្ចខ្សោយ វាអាចក្លាយជាឋានសួគ៌របស់អ្នកលាងលុយ ។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ស្រីលង្កា មហាម៉េដ អាលី សាប៊្រី (Mohamed Ali Sabri) មិន​យល់​ស្រប​នឹង​ការ​បារម្ភ​នេះ​ទេ ។ «គ្មាន​ផ្លូវ​ដែល​អាច​កើត​ឡើង​ទេ​ ព្រោះ​នៅ​ទី​នេះ​យើង​មាន​ច្បាប់​ព្រហ្មទណ្ឌ​ធម្មតា ច្បាប់លាងលុយកខ្វក់ ហើយ​យើង​មាន​ភាព​ឆ្លាតវៃ​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង ដូច្នេះ​ជាមួយ​នឹង​រឿង​ទាំង​អស់​នេះ វា​គ្មាន​ផ្លូវ​ដែល​នរណា​ម្នាក់​អាច​គេច​ផុត​បាន»។

តួនាទីកាន់តែធំរបស់ចិននៅលើឆាកពិភពលោកនេះ ​បាន​បង្កើន​ក្តី​បារម្ភ​ជាច្រើន​អំពី​គោលដៅ​មហិច្ឆតា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ។ លំហូររបស់ចិនចូលទៅកាន់ស្រីលង្កា ធ្វើឱ្យឥណ្ឌាព្រួយបារម្ភ ដោយសារតែស្រីលង្កាត្រូវបានគេមើលឃើញថា គាត់តែងតែជាអ្នកជិតខាងជិតស្និទ្ធរបស់ឥណ្ឌា។

គម្រោងទីក្រុងកំពង់ផែមានគោលបំណងទាក់ទាញសាជីវកម្មចម្រុះជាតិសាសន៍ និងអ្នកវិនិយោគមួយចំនួនធំដែលមានមូលដ្ឋានរួចហើយនៅក្នុងប្រទេសឥណ្ឌា ដែលជាលទ្ធផល ឥណ្ឌាអាចនឹងបាត់បង់ការវិនិយោគ និងឱកាសការងារ ។

ប៉ុន្តែអ្នកខ្លះនិយាយថា ស្រីលង្កាមានរឿងដែលត្រូវភ័យខ្លាចពីគម្រោងទីក្រុងកំពង់ផែ កូឡុំបូ (Colombo) ដែរ ។

ទីក្រុងកំពង់ផែ កូឡុំបូ ទំនងជានឹងក្លាយទៅជាកន្លែងឈរជើងរយៈពេលវែងរបស់ចិន ដូចកំពង់ផែហេមបាន់តូតាមែនទេ?

«នាពេលបច្ចុប្បន្ននេះ ការដែលរដ្ឋាភិបាលយល់ព្រមឲ្យចិន អ្វីគ្រប់យ៉ាងចិនបានដណ្តើមនៅក្នុងទីក្រុងហើយ» ។ នេះសម្តីរបស់សមាជិកសភាបក្សប្រឆាំងរបស់ប្រទេសស្រីលង្កា រ៉ាស៊ីតា សេណារ៉ាត់ណេ (Rashita Senaratne) បានប្រាប់ BBC ។

អ្នកជំនាញចិន Zhou Bo មិនយល់ស្របទេ ដោយនិយាយថា គោលដៅគឺជាផលប្រយោជន៍របស់ប្រទេសទាំងពីរ ។ «គម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន មិនមែនជាគម្រោងសប្បុរសធម៌ទេ យើងទាំងអស់គ្នាចង់បានផលប្រយោជន៍ទៅវិញទៅមក នោះ​មានន័យថា យើងទាំងអស់គ្នាចង់ឱ្យការវិនិយោគរបស់យើងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ច» ។ លោក Zhou អតីតវរសេនីយ៍ឯកជាន់ខ្ពស់នៅក្នុងកងទ័ពរំដោះប្រជាជនចិន បច្ចុប្បន្នធ្វើការនៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង បានប្រាប់ BBC ថា «ចិន​គ្មាន​​ចេតនា​ដាក់​ប្រទេស​ណា​មួយ​ក្នុង​អន្ទាក់​បំណុល​នោះ​ទេ»។

ខាងស្រីលង្កានិយាយថា «តំបន់ទាំងមូលស្ថិតនៅក្នុងការគ្រប់គ្រងអធិបតេយ្យភាពរបស់ប្រទេសស្រីលង្កា សិទ្ធិក្នុងការល្បាត, ប៉ូលីស, អន្តោប្រវេសន៍ និងភារកិច្ចសន្តិសុខជាតិផ្សេងទៀត ជាតួនាទីរបស់រដ្ឋាភិបាលស្រីលង្កា ។

ប៉ុន្តែ​ប្រទេស​ស្រីលង្កា ដែល​កំពុង​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន គឺមេរោគរាតត្បាតបានបំផ្លិចបំផ្លាញដល់វិស័យទេសចរណ៍ និងធ្វើឱ្យការងារនៅបរទេសធ្លាក់ចុះ ជាលទ្ធផល ទុនបម្រុងរូបិយប័ណ្ណបរទេសបានធ្លាក់ចុះ ។

បំណុលបរទេសរបស់ប្រទេសស្រីលង្កាបានកើនឡើងដល់ជាង ៤៥.០០០ លានដុល្លារ ជាមួយនឹងបំណុលចិនប្រមាណ ៨.០០០ លានដុល្លារអាមេរិក ។

នៅពេលដែលស្រីលង្កាត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ សប្ដាហ៍​មុនបាន​ស្នើ​លោក ហ្វាង អ៊ី (Wang Yi) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន ដែលទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស្រីលង្កា ដើម្បីជួយរៀបចំរចនាសម្ព័ន្ធការសងបំណុលឡើងវិញ ។

ប៉ុន្តែទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិមួយចំនួន បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ប្រទេសស្រីលង្កាជាច្រើនដង ដូច្នេះ ឱកាស​របស់​រដ្ឋាភិបាល​ស្រីលង្កា​អាច​ខ្ចី​ប្រាក់​ពី​អ្នក​វិនិយោគ​អន្តរជាតិ​មាន​កម្រិត​តិចតួច ។ មានតែប្រទេសចិនទេដែលមានគោលដៅរយៈពេលវែង ប៉ុន្តែអាចមានលក្ខខណ្ឌជាច្រើន អ្នកខ្លះជឿ ទីក្រុង​ដូច​ហុងកុង​នៅ​ស្រីលង្កា​នេះ​នឹង​ជួយ​ចិន​ត្រួតត្រា​ផ្នែក​អាស៊ី​នេះ​សម្រាប់​ឆ្នាំ​ខាងមុខៗ ។

និន្នាការក្នុងសកលលោកនាពេលបច្ចុប្បន្ន អ្វីដែលចិនលូកដៃទៅជួយប្រទេសណា គឺហាក់ដូចមានដុំថ្មដ៏ធំទៅសង្កត់ដើមទ្រូងលោកខាងលិច ពិសេសសហរដ្ឋអាមេរិក ដែលចោលភ្នែកក្នុងផ្លូវអាក្រក់ ។ វាមិនខុខសពីកំពង់ផែរាមរបស់កម្ពុជា ដែលនាំគ្នាដុកដាន់ចោទម្តងហើយម្តងទៀតថា គឺជារឿងយុទ្ធសាស្រ្តរបស់យោធាចិន ដែលច្បាមថាមពលអំណាចនៅប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ។

ថ្មីៗនេះ សហរដ្ឋអាមេរិកគ្រាន់តែ​ប្រទះ​ឃើញ​កប៉ាល់​បូម​ខ្សាច់​ពីរ​គ្រឿង​កំពុង​ប្រតិបត្តិការ​បូមខ្សាច់​នៅ​តំបន់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹករាម​ ចោទថាសម្រាប់​ការ​ចូល​ចត​នៃ​កប៉ាល់​យោធា​ធំៗ!​ ប៉ុន្តែមន្រ្តីជាន់​ខ្ពស់​ក្រសួង​ការពារជាតិ​កម្ពុជា នៅថ្ងៃចន្ទ ទី ២៤ មក ឆ្នាំ ២០២២ ​បានបញ្ជាក់​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​ថា ​ការអភិវឌ្ឍ​មូលដ្ឋាន​កងទ័ពជើងទឹក​រាមនាពេលបច្ចុប្បន្ន​ គឺជាការ​ធ្វើទំនើប​កម្ម​វិស័យ​កងទ័ព​កម្ពុជា​សុទ្ធសាធ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានបញ្ជាក់ច្រើនដងហើយថា កម្ពុជាមិនអនុញ្ញាតឲ្យយោធាបរទេសណាមួយ មានវត្តមាននៅលើទឹកដីកម្ពុជាឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម