រងើកភ្លើងនៅអ៊ុយក្រែន! តើអង្គការណាតូ (NATO) មានតួនាទីអ្វីខ្លះក្នុងបញ្ហា រុស្ស៊ី-អ៊ុយក្រែន?

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី28 ខែមករា ឆ្នាំ2022 ម៉ោង 9:46 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ៖

សមាជិកណាតូកំពុងពិចារណាថាតើត្រូវផ្តល់ជំនួយប៉ុន្មានដល់អ៊ុយក្រែន ក្នុងរដ្ឋ​​ជា​សមាជិកដែលកំពុង​ប្រឈម​នឹង​ការ​ឈ្លានពាន​ពី​មហាអំណាច​យោធា​​រុស្ស៊ី ។ ស្របពេលដែលភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីកំពុងឡើងកម្តៅ ប្រទេសសមាជិកណាតូ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស បារាំង សុទ្ធតែបានពន្លឿនការត្រៀមលក្ខណៈយោធា ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន។

 

ណាតូ(NATO) ជានរណា?

សង្ខេបពីពាក្យ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North atlantic Treaty Organisation=NATO) ដែលជាក្រុមសម្ព័ន្ធមិត្តខាងយោធា បង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ដោយមានសមាជិក ១២ ប្រទេស គឺ ប៊ែលហ្ស៊ីក កាណាដា ដាណឺម៉ាក បារាំង អាយលែន អ៊ីតាលី លុចហ្សំបួរ ហុល្លង់ ន័រវេស ព័រទុយហ្គាល់ អង់គ្លេស និងសហរដ្ឋអាមេរិក ។ រដ្ឋសមាជិកទាំងនេះ បានចុះកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមក ក្នុងករណីត្រូវវាយប្រហារដោយអាវុធ ។ គោលបំណងដើមរបស់ណាតូគឺ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីការពង្រីកអំណាចរបស់រុស្ស៊ីទៅកាន់អឺរ៉ុប ក្រោយសង្គ្រាមលោក ។

នៅក្នុងឆ្នាំ ១៩៩៥ រុស្ស៊ីបានតបតទៅអង្គការណាតូ ដោយការបង្កើតសម្ព័ន្ធមិត្តខាងយោធារបស់ខ្លួន នៅក្នុងចំណោមជាតិកាន់កុម្មុយនិស្តក្នុងតំបន់អឺរ៉ុបខាងកើត ដែលហៅថា អង្គការសន្ធិសញ្ញា « Warsaw Pact» ក្រោយពីការរលំរលាយនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ តែអតីតសមាជិក Warsaw ក៏បានផ្លាស់ទៅចូលរួមជាសមាជិកណាតូវិញ ធ្វើឲ្យបច្ចុប្បន្នមានសមាជិកទាំងអស់ ៣០ ប្រទេស ។

 

តើរុស្ស៊ីមានបញ្ហាអ្វីជាមួយ ណាតូ និង អ៊ុយក្រែន?

អ៊ុយក្រែនជាសាធារណរដ្ឋមួយរបស់អតីតសហភាពសូវៀត ដែលមានព្រំដែនជាប់នឹងរុស្ស៊ី និងសហភាពអឺរ៉ុប (EU) ។ បច្ចុប្បន្ន ប្រទេសអ៊ុយក្រែនមិនទាន់បានជាសមាជិកណាតូទេ តែជា«ប្រទេសដៃគូ» មួយ មានន័យថា អាចនឹងបានទទួលអនុញ្ញាតឲ្យចូលជាសមាជិកក្នុងពេលអនាគត ។

ទោះយ៉ាងណាក៏ដោយ រុស្ស៊ីត្រូវការឲ្យបណ្តាប្រទេសមហាអំណាចខាងលិចធានាថា នឹងមិនទទួលឲ្យអ៊ុយក្រែនចូលជាសមាជិកណាតូទេ ប៉ុន្តែប្រទេសលោកខាងលិចមិនព្រមដាច់ខាត ។

លោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបដិសេធការអំពាវនាងរបស់រុស្ស៊ី ដោយនិយាយថា សហរដ្ឋអាមេរិកមានគោលការណ៍ច្បាស់លាស់ចំពោះរឿងអធិបតេយ្យរបស់អ៊ុយក្រែន និងសិទ្ធិសេរីភាព ដែលអ៊ុយក្រែនជ្រើសរើសចូលក្នុងក្រុមសន្តិសុខផ្សេងៗ ដូចជា អង្គការណាតូ ជាដើម ។

ប្រទេសអ៊ុយក្រែនមានប្រជាជនខ្សែស្រឡាយរុស្ស៊ីយ៉ាងច្រើន ដែលមានសម្ព័ន្ធភាពសង្គម និងវប្បធម៌ ជិតស្និទ្ធជាមួយរុស្ស៊ី រីឯខាងខាងយុទ្ធសាស្ត្រ រដ្ឋាភិបាលរុស្ស៊ីក្រឡេកឃើញថា អ៊ុយក្រែនប្រៀបដូចចំណែកខ្នងផ្ទះរបស់ខ្លួន ។

 

តើរុស្ស៊ីខ្លាចអីខ្លះ?

ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានចោទប្រទេសមហាអំណាចលោកខាងលិចថា កំពុងប្រើណាតូឡោមព័ទ្ធរុស្ស៊ី និងត្រូវការឲ្យណាតូបញ្ឈប់កិច្ចការខាងយោធាក្នុងអឺរ៉ុបខាងកើត ។ កន្លងមកមេដឹកនាំរុស្ស៊ីនិយាយថា សហរដ្ឋអាមេរិកល្មើសពាក្យសន្យាដែលធ្លាប់និយាយនៅក្នុងឆ្នាំ ១៩៩០ ថា ណាតូនឹងមិនពង្រីកឥទ្ធិពលចូលទៅក្នុងពិភពលោកខាងកើតទេ ។

ខាងណាតូបានបដិសេធការចោទប្រកាន់របស់រុស្ស៊ី ដោយបង្ហាញថាមានសមាជិកណាតូត្រឹមតែប៉ុន្មានប្រទេសទេ ដែលមានព្រំដែនជាប់នឹងរុស្ស៊ី ហើយការរួមក្រុមរបស់ណាតូមានឡើងដើម្បីការពារខ្លួនតែប៉ុនណោះ ។

ជាច្រើនភាគីជឿថា ការដែលរុស្ស៊ីរាយកម្លាំងយោធាតាមព្រំដែនជាប់នឹងអ៊ុយក្រែនក្នុងពេលនេះ អាចជាការព្យាយាមបង្ខំឲ្យប្រទេសលោកខាងលិច ពិចារណាអំពីការអំពាវនាវរបស់រុស្ស៊ីយកការទាមទារឲ្យកាន់តែច្រើនឡើង ។

 

តើណាតូចាត់ការបញ្ហារុស្ស៊ី-អ៊ុយក្រែនយ៉ាងដូចម្តេចក្នុងពេលអនាគត ?

នៅពេលដែលអ៊ុយក្រែនទម្លាក់ប្រធានាធិបតីគាំទ្ររុស្ស៊ីនៅដើមឆ្នាំ ២០១៤ រុស្ស៊ីបានប្រើកម្លាំងយកទឹកដីនៅឈូងសមុទ្រក្រែមៀ ភាគខាងត្បូងរបស់អ៊ុយក្រែនជារបស់ខ្លួន ក្រៅពីនេះក៏បានគាំទ្រពួកឧទ្ទាមបំបែកខ្លួន ដែលបានដណ្តើមកាន់កាប់ភាគខាងកើតអ៊ុយក្រែន ។

ណាតូមិនបានចូលទៅជ្រៀតជ្រែកក្នុងរឿងខាងលើនោះទេ ប៉ុន្តែបានតបតដោយបញ្ជូនទ័ពចូលទៅប្រចាំការនៅក្នុងប្រទេសជាច្រើនប៉ែកអឺរ៉ុបខាងកើតជាលើកដំបូង ដែលមានកងកម្លាំងអន្តរជាតិមួយកងពលធំប្រចាំការនៅក្នុងប្រទេស អេស្តូនី, ឡាត់វី, លីទុយអានី និងប៉ូឡូញ រួមទាំងមានកងកម្លាំងអន្តរជាតិមួយកងពលតូច ប្រចាំការនៅក្នុងប្រទេសរ៉ូម៉ានី ។

ណាតូក៏បានពង្រីកទឹកដីរក្សាសន្តិភាពរបស់ខ្លួននៅក្នុងបណ្តាប្រទេសសមុទ្របាល់ទិក និងអឺរ៉ុបខាងកើតផងដែរ ដើម្បីស្ទាក់ចាប់យន្តហោះរុស្ស៊ី ដែលឈ្លានពានដែនអាកាសរបស់ប្រទេសជាសមាជិក ។ រុស្ស៊ីបាននិយាយថា ចង់​ឲ្យ​ណាតូដក​កម្លាំង​ទាំងនេះ​ចេញ ។

 

តើណាតូផ្តល់ពាក្យសន្យាជាមួយអ៊ុយក្រែនយ៉ាងដូចម្តេច?

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន ​បានប្រកាសថា រុស្ស៊ីមាន «តម្លៃដ៏ធំដែលត្រូវបង់ខាត» ប្រសិនបើឈ្លានពានអ៊ុយក្រែន ។ ស្របពេលដែលអាមេរិកបានត្រៀមកម្លាំងទ័ព ៨.៥០០ នាក់ ប៉ុន្តែក្រសួងការពារនិយាយថា នឹងបញ្ជូនកងកម្លាំងយោធាច្រើនជាងនេះ ។ វានឹងទៅបានលុះត្រាណាតូសម្រេចចិត្តចាត់វិធានការតបតភ្លាមៗ ទោះជាយ៉ាងនេះក្តី ដោយចង្អុលបង្ហាញថា សហរដ្ឋអាមេរិកមិនមានផែនការដាក់ពង្រាយទ័ពទៅកាន់អ៊ុយក្រែនដោយខ្លួនឯងនោះទេ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អាណាឡេណា បឺបុក (Annalena Berbok) បានព្រមានថា ភាពតានតឹងផ្នែកយោធាកើនឡើងនេះ នឹងធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីប្រឈមមុខនឹងការសងសឹកផ្នែកសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរ។

ចំណែកការិយាល័យ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយ​ថា ​ចក្រភព​អង់គ្លេស​បាន​យល់​ស្រប​បែប​នេះ «រដ្ឋជាសមាជិកណាតូនឹងចាត់វិធានការតបតវិញយ៉ាងឆាប់រហ័ស ដែល​រួមដល់​ការ​អនុវត្ត​ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក»។

 

តើNATOរួមគ្នាជួយរឿងអ៊ុយក្រែនទេ?

ប្រធានាធិបតី Biden បាននិយាយថា មានទស្សនៈ «ជាឯកច្ឆន្ទ» ជាមួយមេដឹកនាំអឺរ៉ុបស្តីពីអ៊ុយក្រែន ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ប្រទេស​ផ្សេង​គ្នា​ផ្តល់​ការ​គាំទ្រ​ខុស​គ្នា ។

អាមេរិកបានជួយជាអាវុធយុទ្ធភ័ណ្ឌប្រមាណ ៩០ តោនទៅអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុង «កងកម្លាំងជួរមុខ» ដែលរួមដល់កាំភ្លើងយន្ត មីស៊ីលប្រឆាំងរថក្រោះ និងអាវុធពាសដែក ខណៈដែលចក្រភពអង់គ្លេសបានផ្គត់ផ្គង់កាំជ្រួចប្រឆាំងរថក្រោះរយៈចម្ងាយខ្លី ។

សមាជិកណាតូមួយចំនួនរួមមាន ដាណឺម៉ាក អេស្បាញ បារាំង និងហូឡង់ បានបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់អឺរ៉ុបខាងកើត ដើម្បីពង្រឹងការការពារស្វ័យភាពក្នុងតំបន់។

ទោះយ៉ាងណាក៏ដោយ អាល្លឺម៉ង់បានបដិសេធការស្នើសុំសព្វាវុធរបស់អ៊ុយក្រែន ដោយសារត្រូវបានប្រតិបត្តិតាមគោលនយោបាយរបស់ប្រទេស ដែលមិនបញ្ជូនអាវុធសង្គ្រាមឲ្យទៅភាគីណាដែលមានជម្លោះនោះឡើយ ប៉ុន្តែនឹងផ្តល់ឲ្យខាងវេជ្ជសាស្ត្រយោធាជំនួសវិញ ។

សប្រពេលជាមួយគ្នានេះ ប្រធានាធិបតីបារាំង អេម៉ានូអែលម៉ាក្រុង បានអំពាវនាវឲ្យបើកការចរចាជាមួយរុស្ស៊ី ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍ដែលកំពុងក្តៅគគុកនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម