ធនាគារពិភពលោក ព្យាករណ៍សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ាឆ្នាំនេះ ឡើងត្រឹម ១% ប៉ុនណោះ

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី01 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 7:15 នាទី ល្ងាច

ដោយ សូរ្យសែង៖

ធនាគារពិភពលោក (World Bank) រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងកើនឡើងត្រឹមតែ ១% ក្នុងរយៈពេល ១២ខែរហូតដល់ចុងខែកញ្ញា ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ ​១៨% ​កាលពី​ឆ្នាំ​មុន និងការរាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ រួមទាំងរដ្ឋប្រហារផង ។ ក្រុមហ៊ុនថាមពលអូស្ត្រាលីដ៏ធំមួយបានប្រកាសដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ​ជា​ក្រុមហ៊ុន​ចុង​ក្រោយ​បំផុត​ដែល​ឈប់​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ។

ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីចុងខែមករាថា ការរំពឹងទុក សេដ្ឋកិច្ចមីយ៉ាន់ម៉ា នឹងពង្រីកនៅក្នុងវិស័យឧស្សាហកម្ម រួមទាំងតម្រូវការនាំចេញសម្លៀកបំពាក់ ឧស្ម័នធម្មជាតិ និងងើបឡើងវិញនៅក្នុងអាជីវកម្មសំណង់ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការព្យាករណ៍គឺផ្អែកលើសញ្ញានៃស្ថិរភាពសេវាកម្ម និងការលេចឡើងនៃវិស័យផលិតកម្មក្នុងអំឡុងពេលនេះ ក៏ដូចជាផលប៉ះពាល់នៃជម្លោះលើសកម្មភាពសេដ្ឋកិច្ច។ ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងស្ថានភាពងាយរងគ្រោះដោយសារការផ្ទុះឡើងនៃមេរោគអូមីក្រុង កូរ៉ូណា និងការកើនឡើងនៃការរីករាលដាលនៃកូវីដ១៩ នេះគឺដោយសារតែអត្រាទាបនៃការចាក់វ៉ាក់សាំងការពារកូវីដ និងសមត្ថភាពសុខភាពសាធារណៈខ្សោយ ក្នុងចំណោមប្រជាជន ៥៤ លាននាក់ មានតែ៣២% នៃចំនួនប្រជាជនប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំង ២ដងពេញលេញ។

របាយការណ៍ក៏បានព្យាករណ៍ដែរថា ចំនួនអ្នកអត់ការងារធ្វើនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ ១ លាននាក់ ចាប់តាំងពីខែកុម្ភៈឆ្នាំមុន ខណៈពេលដែលអ្នកស៊ីឈ្នួលរកកម្រៃ ឬកម្មករ មានទំនោរទទួលបានប្រាក់ខែតិច ឯការវិនិយោគឯកជនក៏បានធ្លាក់ចុះ គម្រោងមួយចំនួនដែលបានចាប់ផ្តើមពីមុន រួមបញ្ចូលទាំងវិស័យថាមពល មិនអាចបន្តបាន នេះ​គឺ​ដោយ​សារ​តម្រូវ​ការ​ទន់​ខ្សោយ និង​ការ​កើន​ឡើងនូវ​តម្លៃ​នាំ​ចូល ។ ទន្ទឹម​នឹង​នេះ ប្រាក់​«ចាត (ប្រាក់​មីយ៉ាន់ម៉ា)» បាន​ធ្លាក់​ថ្លៃ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​បរទេស ។

ម្យ៉ាងវិញទៀត Woodside ដែលជាក្រុមហ៊ុនថាមពលយក្សរបស់អូស្ត្រាលី មានទីស្នាក់ការនៅទីក្រុង Perth រដ្ឋអូស្ត្រាលីខាងលិច ​បាន​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​អស់​រយៈពេល​ ៩ ​ឆ្នាំ បានសម្រេចចិត្តដកអត្ថប្រយោជន៍ទាំងអស់ពីប្រទេសមីយ៉ាន់ម៉ា ។ ហេតុផលមួយគឺ ស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យឺន ។ ការដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ានឹងធ្វើឱ្យក្រុមហ៊ុនខាតបង់យ៉ាងតិច ២០០ លានដុល្លារ ដែលជាក្រុមហ៊ុនចុងក្រោយបង្អស់ដែលបានលុបចោលអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានដឹកនាំរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំមុន ។

លោកស្រី អេលេន ភៀសាន់ (Elaine Pearson) នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អូស្ត្រាលី​ បាន​ថ្លែង​ថា ការដកខ្លួនរបស់ Woodside គូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ការដាក់ទណ្ឌកម្មក្នុងពេលដំណាលគ្នា និងជាក់លាក់លើ មីយ៉ាន់​ម៉ា ដោយកំណត់គោលដៅឧស្សាហកម្មរុករក និងផលិតឧស្ម័ន ដែលបង្កើតប្រាក់ចំណូលបាន ១ ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់មីយ៉ាន់ម៉ា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម