UN អំពាវនាវមនុស្សធម៌រកថវិកាជាង ៨២៦ លានដុល្លារ ជួយប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានសង្គមថ្ងៃពុធ ទី02 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:58 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

សហប្រជាជាតិ (UN) បានអំពាវនាវរកថវិកាដើម្បីជួយផ្នែកមនុស្សធម៌ចំនួន ៨២៦ លានដុល្លារសហរដ្ឋអាមេរិក ចំពោះប្រជាជនមីយ៉ាន់ម៉ាប្រមាណ ៦,២លាននាក់នៅក្នុងឆ្នាំ ២០២២​នេះ ដែលធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុន។

UN និយាយថា ក្រោយការដណ្តើមអំណាចរដ្ឋប្រហារបាន ១ ឆ្នាំ ការបារម្ភខាងសេដ្ឋកិច្ចធ្វើឲ្យមនុស្សជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនអាចផ្គត់ផ្គង់គ្រួសាររបស់ពួកគេបាន ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនចំនួន ២៤ លាននាក់ក្នុងចំណោមប្រជាជន ៥៤ លាននាក់ ស្ថិតក្នុងភាពក្រីក្រ ហើយ ១៤,៤ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ ក្នុង​នោះ​រួម​មាន​កុមារ ៥​ លាន​នាក់ ។

អង្គការសហប្រជាជាតិសង្ឃឹមថា អាចផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន ៦,២ លាននាក់នៅក្នុងភាពក្រីក្រយ៉ាងខ្លាំង ដោយប្រកាសពីផែនការស្នើសុំជំនួយច្រើនជាងពីរដងធៀបនឹងឆ្នាំមុន ​គឺ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់មីយ៉ាន់ម៉ា ។

លោក ចេន ឡឺកា (Jens Lerka) អ្នកនាំពាក្យទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា ភាពចលាចលផ្នែកសេដ្ឋកិច្ច និងនយោបាយក្នុងឆ្នាំ ២០២១ គួបផ្សំជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតមេរោគ​កូវីដ១៩ ផង ជំរុញឲ្យប្រជាជនមីយ៉ាន់ម៉ា​ពាក់កណ្តាល​ធ្លាក់​ក្នុង​ភាពក្រីក្រ ។ មនុស្សជាច្រើនមិនអាចផ្គត់ផ្គង់គ្រួសាររបស់​ពួកគេបានទៀតទេ ដោយសារភាពអត់ការងារធ្វើ និងបាត់បង់ប្រាក់ចំណូល ខណៈពេលដែលតម្លៃអាហារកំពុង​កើនឡើងខ្ពស់ ។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ដូច្នេះថា ចាប់តាំងពីរដ្ឋប្រហារមួយឆ្នាំមក យ៉ាងហោចណាស់មានជនជាតិមីយ៉ាន់ម៉ាចំនួន ១.៥០០ នាក់ត្រូវបានសម្លាប់ដោយកងទ័ពក្រោមការបង្រ្កាបយ៉ាងឃោរឃៅ មនុស្ស​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​រោលរាល និង​អំពើ​ហិង្សា ជាមួយនឹងមនុស្សជាង ៤០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ។

ក្នុងរឿងជួយផ្នែកមនុស្សធម៌ទៅមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ ក៏បានលើកឡើងពីវារៈដំបូង នូវការយកចិត្តទុកដាក់ទៅលើជំនួយមនុស្សធម៌សម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម