សភាពការណ៍តានតឹង និងផុយស្រួយ! ចូ បៃដេន បញ្ជូនទ័ព ៣.០០០ នាក់ចូលអឺរ៉ុប

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី03 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 6:59 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖

ក្រសួងការពារជាតិសហរដ្ឋអាមេរិកប្រកាសថា លោកប្រធានាធិបតី ចូ បៃដេន បានបញ្ជាឲ្យបញ្ជូនទ័ព ២.០០០ នាក់ចូលទៅប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ ដើម្បីផ្លាស់កងទ័ព ១.០០០ នៅក្នុងប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសរ៉ូម៉ានី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រកាសរួមគ្នា ចំពេលមានការបារម្ភថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែន ។

រុស្ស៊ី​បាន​រិះគន់ និង​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការរបស់សហរដ្ឋអាមេរិក​នេះ និងបាននិយាយថា ការដាក់ពង្រាយនេះគឺមិនសមហេតុផល និងមិនផ្អែកលើការពិតទេ ថែមទាំងមានគ្រោះថ្នាក់បំផុត ។

ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានទូរស័ព្ទជជែកជាមួយលោក បូរីស ចនសាន់ នាយករដ្ឋមន្ត្រីអង់គ្លេស ប៉ុន្តែទោះ​ជា​យ៉ាង​ណា​ ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ទាំង​ពីរ​មិន​មាន​ភាពវិជ្ជមាន​នោះ​ទេ ។ លោក ពូទីន និយាយថា លោកខាងលិចមិនបានផ្តល់សារសំខាន់ជាមួយការបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ីទេ ស្របពេលដែលលោក ចនសាន់ ព្រួយបារម្ភយ៉ាងខ្លាំងអំពីឥរិយាបថអរិភាពរបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន ដោយបានលើកឡើងពីការដាក់ពង្រាយទាហានជាង ១០០.០០០ នាក់ទៅកាន់តំបន់នោះ ។

ក្រោយពីគ្រហឹមដាក់គ្នាអស់ជាច្រើនខែ ឥឡូវនេះពិភពលោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារមានភស្តុតាងច្បាស់​ចែសថា រុស្ស៊ីមានផែនការប្រតិបត្តិការខាងយោធាទ្រង់ទ្រាយធំ នឹងទន្ទ្រានចូលឈ្លានពានប្រទេសអ៊ុយក្រែន ។

កាលពីខែមុន លោក ចូ បៃដេន បានអនុម័តថវិកាចំនួន ២០០ លានដុល្លារឲ្យអ៊ុយក្រែនដើម្បីការពារសន្តិសុខប្រទេស ។ អង់គ្លេសក៏បានបញ្ជូនអាវុធប្រឆាំងរថក្រោះ ឲ្យអ៊ុយក្រែនសម្រាប់ការពារខ្លួនឯង និងហាមយកទៅបាញ់រុស្ស៊ី ប៉ុន្តែរុស្ស៊ីមិនគិតបែបនេះទេ ។

ភាគីរដ្ឋាភិបាលសហរដ្ឋអាមេរិកអះអាងថា ការដំណើរការលើកនេះ ត្រឹមតែសម្តែងឲ្យឃើញដល់ការព្យាយាមដោះស្រាយបញ្ហារបស់សហរដ្ឋ ដោយមិនបំផ្លាញការព្យាយាមក្នុងការដោះស្រាយតាមរយៈមធ្យោបាយការទូត ដោយលោក បៃដេន មិន​បាន​បញ្ជា​ឲ្យ​មាន​ការ​ពង្រឹង​ដល់​រដ្ឋ​បាល់ទិក​ទាំង​បី​នៅ​ឆ្នេរ​ខាង​កើត​នៃ​អង្គការ​អូតង់​ទេ ដែលជាអតីតទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត ដូចជា អេស្តូនី ឡាតវី និង លីទុយអានី តាមមធ្យោបាយណាមួយឡើយ ។

ការ​បង្កើន​កម្លាំងទាហាន​អាមេរិក​នៅ​អឺរ៉ុប​ខាង​កើត ​គឺ​ជា​អ្វី​ដែល​ប្រធានាធិបតី​រុស្ស៊ី​ធ្លាប់បាន​និយាយ​ថា ​មិន​អាច​ទទួល​យក​បាន ក៏​ដូច​ជា​ឱកាស​សម្រាប់​អ៊ុយក្រែន​ចូល​ជា​សមាជិក​ណាតូ ព្រោះ​អាមេរិក​មាន​ទាហាន​រាប់​ពាន់​នាក់​ឈរ ជើង​នៅ​ប៉ូឡូញ​រួច​ទៅហើយ ស្របពេល​ដែល​រូម៉ានី​មាន​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ណាតូ​បាន​ដំឡើង ទាំង​អស់​ នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​រុស្ស៊ី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម